CamNews

តារា 

ចាន់ វឌ្ឍនាកា គាំទ្រប្រសាសន៍សម្ដេច ហ៊ុន សែន ពីរឿង កីឡដ្ឋាន​ខេត្តកំពង់ចាម

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងលេងឲ្យក្លឹប Fujieda MYFC របស់ជប៉ុន បានសម្ដែងការគាំទ្រពីចម្ងាយ ចំពោះប្រសាសន៍ដ៏មានន័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ និងសមិទ្ធផលមួយចំនួនទៀត នៅវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក ក្នុងទីរួមខេត្តកំពង់ចាមកាលពីដើមសប្ដាហ៍នេះ ពិសេសគឺប្រសាសន៍បង្គាប់ឲ្យ អាជ្ញាខេត្តកំពង់ចាម ពិនិត្យនិងកសាងឡើងវិញនូវកីឡដ្ឋានបាល់ទាត់ ខេត្តកំពង់ចាមផ្ទាល់តែម្ដង។


កីឡាករជំនាញជើងឆ្វេងរូបនេះ បានសរសេរបង្ហោះលើទំព័រ Facebook ផ្ទាល់ខ្លួនថា «ថ្វីបើខ្ញុំបាទកំពុងស្ថិតនៅប្រទេសជប៉ុន ប៉ុន្តែខ្ញុំបានឮសារដ៏ មានន័យពីសម្ដេចនាយករដ្ឋមន្ត្រីម្សិលមិញ(ថ្ងៃទី២៨ ខែកុម្ភៈ) ដែលសម្ដេចបានបង្គាប់ឱ្យកសាងកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ចាម ដែលជាខេត្ត កំណើតរបស់សម្ដេច និងជាខេត្តរបស់ក្លិបបឹងកេតអង្គរផងដែរ។ នេះជាដំណឹងដ៏ជាទីសោមនស្សរីករាយ សម្រាប់អ្នកស្នេហាកីឡានៅខេត្តកំពង់ចាម ក៏ដូចជាក្លិបបឹងកេតផ្ទាល់»

វឌ្ឍនាកា បន្ដថា «មិនតែប៉ុណ្ណោះសម្ដេច ថែមទាំងបានលើកឡើងអំពីឈ្មោះខ្ញុំបាទ ចាន់ វឌ្ឍនាកា និងបងប្រុស ប្រាក់ មុន្នីឧត្ដម នៅក្នុងឱកាសសំណេះ សំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនបឹងកុក ។ នេះជាមោទនភាពមួយសម្រាប់ខ្ញុំបាទ និងគ្រួសារ និងជាកម្លាំងចិត្តដ៏ សំខាន់សម្រាប់ការបន្តប្រឹងប្រែងឱ្យទទួលបានជោគជ័យក្នុងអាជីពឆ្នាំដំបូងនៅប្រទេសជប៉ុន ហើយខ្ញុំបាទប្ដេជ្ញាចិត្តដើម្បី រួមចំណែកលើកមុខមាត់ បាល់ទាត់ខ្មែរលើឆាកអន្តរជាតិបន្ថែមទៀត»

នេះគឺជាការលើកឡើងរបស់ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ និងមានស្រុកកំណើតនៅខេត្តកំពតខាងលើ ស្របពេល ចាន់ វឌ្ឍនាកា បច្ចុប្បន្នកំពុងលេងឲ្យ ក្លឹបលំដាប់ទី៣ នៃប្រទេសជប៉ុន គឺក្លឹប Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល(ឆ្នាំ២០១៧-២០១៨) ពីក្លឹបបឹងកេតអង្គររបស់កម្ពុជា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chan vatanaka