CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុន វីសា បើកដំណើរការស្កេន QR កូដ ដើម្បីបង់ប្រាក់តាមរយៈវីសាកាតនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨៖​  វីសា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក កំពុងសហការ ជាមួយធនាគារជាច្រើនដែលក្នុងនោះមានធនាគារចំនួន 5 រួមមានធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគាកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការអំពីការទូទាត់ប្រាក់ឆាប់រហ័ស (QR - Quick Responds) ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីបង់ប្រាក់តាម   រយៈវីសាកាតនៅក្នុងប្រទេសកម្ពុជា។

 

ការទូទាត់ប្រាក់តាមរយៈ QR កូដ នឹងផ្តល់ជូនអតិថិជននូវបទពិសោធទូទាត់ប្រាក់តាមបែបថ្មីដែលប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស។ អ្នកប្រើប្រាស់អាចបង្កើតការទូទាត់ប្រាក់តាម  រយៈQRកូដយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទដៃ (App) របស់ធនាគារ និងភ្ជាប់បណ្ដាញសុវត្ថិភាពជាមួយនឹងវីសា តាមរយៈកាតឥណទាន (Credit Card) កាតឥណពន្ធ (Debit Card)  ឬកាតបង់ប្រាក់ជាមុន (Prepaid Card) ជាការស្រេច។

នៅពេលកម្មវិធីទូរស័ព្ទដៃ (App) ចាប់ដំណើរការ អ្នកអាចប្រើទូរស័ព្ទដៃក្នុងការស្កេ QR​កូដ​ ដើម្បីធ្វើការទូទាត់ជាមួយ វីសា តាមរយៈការផ្ទេរប្រាក់ពីគណនីរបស់អ្នកទៅកាន់គណនីរបស់អ្នកលក់ផ្ទាល់តែម្តង។

 

អ្នកស្រី ជុំ ម៉ូនីកា ​នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជា បាន​មានប្រសាសន៍ថា៖  "យើងសូមអបអរសាទរចំពោះធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគារកាណាឌីយ៉ា និងធនាគារ FTB ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់សាច់ប្រាក់តាមរយៈការ ស្កេន QRកូដ ដែលជាដំណាក់កាលវិវត្តន៍ដ៏សំខាន់ក្នុងការវិវត្តន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ធ្វើការទូទាត់តាមរយៈទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាQRកូដអាចជួយកាត់បន្ថយចំណាយដ៏មានប្រសិទ្ធិភាពដល់អាជីវកដែលទើបទទួលយកការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអេទ្បិចត្រូនិក ហើយសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មនេះនឹងទទួលបានអត្ថប្រយោជន៍ទូទាត់សាច់ប្រាក់យ៉ាងងាយស្រួលតាមប្រព័ន្ធឌីជីថលជំនួសការប្រើសាច់ប្រាក់សុទ្ធ។

ការទូទាត់ប្រាក់តាមរយៈស្កេនQRកូដ អនុញ្ញាតឲ្យម្ចាស់វីសាកាតងាកមកប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីទិញទំនិញ និងទូទាត់វិក្កយបត្រដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធក្នុងដៃ។ សម្រាប់អាជីវករ ទទួលយកវិធីទូទាត់ប្រាក់តាមរយៈការស្កេនQRកូដ មានន័យថាពួកគេអាចទទួលបាននូវជម្រើសសេវាកម្មដែលមានតម្លៃទាបក្នុងការទូទាត់ប្រាក់តាមអេឡិចត្រូនិចដោយការប្រើQRកូដ ជាមួយទូរស័ព្ទដៃរបស់ពួកគេ។

ក្នុងថ្ងៃនៃការដាក់ឲ្យដំណើរការ ការទូទាត់ប្រាក់តាមរយៈការស្កេនQRកូដនេះ មានហាងសរុបជាង៦០០កន្លែង នឹងទទួលយកសេវាកម្មថ្មីនេះ ដែលក្នុងនោះមានដូចជា ម៉ាស្ទ័រស៊ុគីស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen  និង Krispy Kreme),  ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និងហាងជាច្រើនទៀត។

រាល់ប្រតិបត្តិការQRកូដរបស់វីសាកាត នឹងត្រូវបានដំណើរការជាសកលតាមរយៈ VisaNet ដោយអនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់របស់ក្រុមហ៊ុនវីសា ទៅលើការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់សាច់ប្រាក់តាមរយៈQR បានកំពុងតែអនុវត្ត​នៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និង ឥណ្ឌា ហើយក្នុងពេលឆាប់ៗនេះនឹងមកដល់ទីផ្សារមួយចំនួនទៀតនៅអាស៊ី  អាគ្នេយ៍។

អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា៖ “ យើងមានទំនុកចិត្តថា ការស្កេនដើម្បីបង់ប្រាក់តាមរយៈវីសាកាត នឹងពន្លឿនការផ្លាស់ប្តូរពីការទូទាត់ជាសាច់ប្រាក់សុទ្ធទៅជាការទូទាត់បែបអេឡិចត្រូនិច ព្រមទាំងជួយជម្រុញស្ថានភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅទូទាំងប្រទេសឲ្យកាន់តែប្រសើរទ្បើង" ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.visa.com.kh/km_KM/pay-with-visa/scantopay-consumers.html

 

សម្រង់មតិពីធនាគារជាដៃគូរបស់ក្រុមហ៊ុនវីសា

-      ធនាគារ ABA៖ លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយមែនទែន ដែលថ្ងៃនេះ យើងបានដាក់ឲ្យដំណើរការដោយជោគជ័យនូវមុខងារទូទាត់តាមកូដ QR ដែលមិនប្រើសាច់ប្រាក់ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន វីសា។ ការស្កេនបង់ប្រាក់តាមរយៈសេវាក្រុមហ៊ុនវីសា ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់​ធនាគារ ABA ព្រោះមុខងារនេះអនុញ្ញាតឲ្យពួកគាត់បង់ប្រាក់ថ្លៃផលិតផល ឬសេវា​ផ្សេងៗ​តាម​រយៈទូរស័ព្ទដៃ របស់ខ្លួនបាន បើទោះបីជាពួកគាត់មិនមានសាច់ប្រាក់ ឬកាតធនាគារ​ក៏ដោយ។ មុខងារនេះ ក៏ផ្ដល់អត្ថប្រយោជន៍ផងដែរដល់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ព្រោះថាជម្រើសថ្មីនៃការទូទាត់នេះ មិនតម្រូវឲ្យមានការចំណាយបន្ថែមនោះឡើយ។ និយាយជារួមទៅ មធ្យោបាយទូទាត់ប្រាក់តាមកូដ QR អាចជួយពន្លឿននូវវឌ្ឍនភាពប្រទេស​​ឲ្យក្លាយទៅជាសង្គមដ៏ទំនើបដែលមិនចាំបាច់ប្រើសាច់ប្រាក់”។

-      ធនាគារ អេស៊ីលីដា ភីអិលស៊ី៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា​ មានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីការបន្ថែមមុខងារទូទាត់ប្រាក់មួយទៀត ទៅក្នុងសេវាកម្មអេស៊ីលីដាយូនីធីទាន់ចិត្ត ដោយការស្កេន QR កូដ ដើម្បីបង់ប្រាក់តាមរយៈវីសា ដែលនាំមកនូវវិសាលភាពនៃប្រតិបត្តិការកាន់តែទូលំទូលាយ មាន ភាពរហ័ស ងាយស្រួល និងជម្រើសបន្ថែមសម្រាប់អតិថិជនដែលបាននិងកំពុងប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ។ អថិជនអាចប្រើអេស៊ីលីដាយូនីធីទាន់ចិត្ត ដើម្បីទូទាត់ប្រាក់ជាមួយអាជីវករតាមទូរស័ព្ទដៃតាមរយៈ "ស្កេន បង់លុយ" ។ បច្ចេកវិជ្ជាថ្មីនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ព្រមទាំងបទពិសោធន៍នៃការប្រើប្រាស់បន្ថែមទៀតដល់អតិថិជន និង សាធារណជនទូទៅ ។ ការបង់លុយតាមរយៈការស្កេន QR បានរួមចំណែកផ្តល់ភាពរីកចម្រើនដល់អ្នកប្រើប្រាស់ តាមរយៈការកាត់បន្ថយការចំណាយថ្លៃដើមយ៉ាងមានប្រសិទ្ធភាព និង​កាត់បន្ថយហានិភ័យនានាផងដែរ ។ ការស្កេន QRកូដ បង់ប្រាក់តាមរយៈ  វីសា ជាបច្ចេកវិជ្ជាហិរញ្ញវត្ថុថ្មីមួយទៀត ដែលនាំឲ្យចរន្តទូទាត់ប្រាក់នៅកម្ពុជាវិវឌ្ឍស្របទៅតាមយុគសម័យឌីជីថល នៅលើសកលលោក ។

-       ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយសូមប្រកាសជូនដំណឹងអំពីវិធីសាស្រ្តក្នុងការបង់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលថ្មីដែលភ្ជាប់ជាមួយ អ៊ីអនកាត ដែលមានឈ្មោះថា " អ៊ីអនកាតម៉ូបាល " ។ កម្មវិធីទូរស័ព្ទនេះមានលក្ខណៈសាមញ្ញ រហ័ស និង ងាយស្រួលសម្រាប់អតិថិជនក្នុងការគ្រប់គ្រង និង ត្រួតពិនិត្យកាតឥណទានរបស់ខ្លួនដូចជាការពិនិត្យមើលសមតុល្យ ពិនិត្យមើលប្រវត្តិប្រតិបតិ្តការ ពិនិត្យមើលវិក្កយបត្រប្រចាំខែ និងមើលពិន្ទុរង្វាន់ដែលមាននៅក្នុងកាតជាដើម ។ ល។​ លើសពីនេះទៀតកម្មវិធីទូរស័ព្ទនេះក៏នឹង អនុញ្ញាតឲ្យអតិថិជនទូទាត់ជាមួយអាជីវករដោយការ ស្កេនQRកូដ ដើម្បីបង់ប្រាក់តាមរយៈ     វីសាកាត ដែលយើងហៅថា "ស្កេនដើម្បីបង់ប្រាក់" ។ យើងរំពឹងទុកថា ការនាំមកនូវគំនិតច្នៃប្រឌិតថ្មីនេះ នឹងផ្តល់បទពិសោធន៍ថ្មី ងាយស្រួល និងទាន់សម័យដល់អតិថិជនរបស់យើង។ ទោះជាមិនមានសាច់ប្រាក់សុទ្ធ ឬកាតឥណទាន នៅក្នុងដៃក៏ដោយ ក៏ពួកគាត់នៅតែអាចទិញទំនិញ ឬ  បង់ថ្លៃសេវាផ្សេងៗបានដែរ ។ លោក Taketo Ando អគ្គនាយកនៃ ធនាគារឯកទេសអ៊ីអន (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា “យើងមិនត្រឹមតែផ្តល់ជូននូវគុណតម្លៃដល់ម្ចាស់កាតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានជួយដល់អាជីវករនៅទូទាំងប្រទេសផងដែរ ពីព្រោះ ការស្កេន QRកូដ ដើម្បីបង់ប្រាក់តាមរយៈវីសាកាត នឹងជួយធ្វើអាជីវកម្មរបស់ពួកគាត់ រីកចម្រើនហើយកាត់បន្ថយថ្លៃចំណាយដ៏មានប្រសិទ្ធភាព ព្រមទាំង​កាត់បន្ថយហានិភ័យជាអតិបរមា” ។

-       ធនាគារកាណាឌីយ៉ា៖ លោក Raymond Sia នាយកប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ាបានមានប្រសាសន៍ថា៖˝ធនាគារកាណាឌីយ៉ាបានមើលឃើញនូវសារៈសំខាន់និងតម្លៃនៃជម្រើសទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលសម្រាប់អតិថិជនរបស់យើងក៏ដូចជាតួនាទីដ៏សំខាន់នៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលនៅក្នុងសេដ្ឋកិច្ចដែលមានការរីកចម្រើនឥតឈប់ឈរលើវិស័យបច្ចេកវិទ្យានេះ។ការមើលឃើញនេះបានពង្រីកការប្តេជ្ញាចិត្តដែលយើងមានចំពោះអតិថិជនរបស់យើងហើយក៏ត្រួសត្រាយផ្លូវ លើរាល់ការសម្រេចចិត្តរបស់យើង ក៌ដូចជាដៃគូដែលយើងជ្រើសរើសធ្វើការជាមួយផងដែរ។ ភាពជាដៃគូយូរអង្វែងរបស់យើងជាមួយនឹងវីសាបានអនុញ្ញាតឱ្យយើងផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះនិងជាដំណោះស្រាយទូទាត់បា្រក់ដល់អតិថិជនរបស់យើង។ ក្នុងការបើកអោយដំណើរការនូវ Visa Scan to Pay ធនាគារកាណាឌីយ៉ានឹងផ្តល់ជូននូវដំណោះស្រាយទូទាត់តាមរយៈឌីជីថលប្រកបដោយសុវត្ថិភាពនិងភាពងាយស្រួលដែលនឹងជួយដល់អាជីវករជាដៃគូ និងអតិថិជនដែលជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមរបស់ធនាគារយើង ក្នុងការបម្រើសេវាកម្មអោយកាន់តែប្រសើរឡើង សំរាប់អតិថិជនរបស់ពួកគេ និងព្រមជាមួយគ្នានោះ បង្កើនអតិថិជនថ្មី ព្រមទាំងកាត់បន្ថយចំណាយលើប្រតិបត្តិការក្នុងអាជីវកម្ម ។ ធនាគារកាណាឌីយ៉ាមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយនឹងក្រុមហ៊ុនវីសា ដើម្បីបង្កើតនិងពង្រីកការទូទាត់តាមប្រព័ន្ធឌីជីថលនៅទូទាំងប្រទេសកម្ពុជា។˝

-      ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖ ឯកឧត្តម ហ្គី អានវ៉ានិថ អគ្គនាយកធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាមានប្រសាសន៍ថា “ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) នៅថ្ងៃនេះមានសេចក្តីរីករាយសូមប្រកាសអំពីការអនុវត្តដ៏ជោគជ័យក្នុងការដាក់ឲ្យប្រើប្រាស់ការស្កេនQRកូដដើម្បីបង់ប្រាក់ជាផ្លូវការ។ ការស្កេន QRកូដដើម្បីបង់ប្រាក់​ជាវិធីសាស្រ្តនៃការទូទាត់ដ៏ងាយស្រួលដែលបានដំណើរការយ៉ាងល្អនៅក្នុងទីផ្សារផ្សេងៗទៀតរួចមកហើយ តួយ៉ាងដូចជានៅប្រទេសចិនជាដើម។ បំពាក់ជាមួយ

កម្មវិធីសម្រាប់ស្កេន QR កម្មវិធីទូរស័ព្ទដៃ MohaBot ផ្តល់នូវមុខងារសំខាន់ៗជូនដល់អតិថិជនរបស់ធនាគារ FTB ឲ្យទទួលបាននូវបទពិសោធន៍ងាយស្រួលក្នុងការគ្រប់គ្រងប្រវត្តិប្រតិបត្តិការបង់លុយ និងគ្រប់គ្រងការចំណាយរបស់ពួកគាត់ ព្រមទាំងរក្សាសុវត្ថិភាពបានយ៉ាងហ្មត់ចត់។​ យើងជឿជាក់ថាការទូទាត់ប្រាក់ដោយការស្កេន QRកូដ នឹងក្លាយទៅជាផ្នែកមួយយ៉ាងល្អនៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើង មិនថាយើងកំពុងនៅកន្លែងលក់ទំនិញណាមួយ ឬកំពុងប្រើប្រាស់មធ្យោបាយធ្វើដំណើរណាមួយក៏ដោយចុះ។ អតិថិជនទាំងអស់អាចចុះឈ្មោះប្រើប្រាស់វីសាប័ណ្ណ​របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)  ទាំងប័ណ្ណវីសាកាសកាត ប័ណ្ណវីសាឥណពន្ធ និងប័ណ្ណអេធីអឹម ជាមួយកម្មវិធី MohaBot បាន ហើយរីករាយជាមួយនឹងការទូទាត់ប្រាក់ដ៏ឆាប់រហ័ស ងាយស្រួល ជាមួយអាជីវករដែលប្រើវីសាតាមរយៈការស្កេន QR ។ លើសពីនេះទៅទៀត ធនាគារ FTB ក៏មានសេវាកម្ម វីសា វេលុយ ដែលអនុញ្ញាតឲ្យអ្នកអាចផ្ញើលុយចេញពី FTB’s proprietary/Visa card ទៅកាន់វីសាប័ណ្ណរបស់ធនាគារផ្សេងទៀតបានផងដែរ។ ម្ចាស់វីសាប័ណ្ណ ក៏អាចប្រើប្រាស់ប័ណ្ណរបស់ខ្លួនសម្រាប់ប្រតិបត្តិការ​ដាក់ដកលុយសុទ្ធជាមួយសាខាធនាគារ FTB ក៏ដូចជាអាជីវករ តាមរយៈស្កេន QR កូដផងដែរ។ បន្ទាប់ពីបានដាក់ឲ្យដំណើរការវីសាប័ណ្ណបង់ប្រាក់ជាមុនជាមួយនឹងពាក្យស្លោក “វីសាសម្រាប់អ្នកគ្រប់គ្នា” យើងនៅតែបន្តទទួលយកបច្ចេកវិទ្យាដែលធ្វើឱ្យការទូទាត់ប្រាក់​កាន់តែមានភាពងាយស្រួលជាងការប្រើសាច់ប្រាក់ដោយផ្ទាល់”។