CamNews

ព័ត៌មានអន្តរជាតិ 

ប្រពៃណីឆ្គួតឡប់! ក្មេងស្រីអាយុ ១០ ម្នាក់ហូរឈាមរហូតដល់ស្លាប់ ក្រោយច្រឹបប្រដាប់ភេទ

សកម្មជនម្នាក់ បាននិយាយថា ក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ហូរឈាមរហូតដល់ស្លាប់ ក្រោយអនុវត្ដប្រពៃណីច្រឹបស្បែកទ្វារមាស នៅក្នុងប្រទេសសូម៉ាលី ជាមរណភាពដ៏កម្រមួយនៅក្នុងប្រទេស ដែលអនុវត្ដប្រពៃណីនេះក្នុងអត្រាខ្ពស់បំផុត នៅក្នុងពិភពលោក។

អ្នកស្រី Hawa Aden Mohamed បម្រើការនៅមជ្ឈមណ្ឌលអប់រំដើម្បីសន្ដិភាព និងការអភិវឌ្ឍន៍ Galkayo បាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្មេងស្រីដ៏កំសត់នោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃចន្ទ ក្រោយម្ដាយរបស់នាង បានយកនាងទៅច្រឹបប្រដាប់ភេទតាមប្រពៃណីទំនៀមទម្លាប់ នៅក្នុងភូមិដាច់ស្រយាលមួយ ក្រៅទីក្រុង Dhusamareb ភាគកណ្ដាលរដ្ឋ Galmudug ។

អ្នកស្រី Mahamed និយាយថា៖ “ការអនុវត្ដច្រឹបប្រដាប់ភេទ ត្រូវបានគេសង្ស័យថា បានកាត់ត្រូវចំសរសៃឈាមដ៏សំខាន់មួយ នៅអំឡុងប្រតិបត្ដិការកាត់ច្រឹបនោះ”។

ស្រ្ដី និងក្មេងស្រីចំនួនប្រហែល ៩៨ ភាគរយ នៅអាហ្រ្វីក បានអនុវត្ដប្រពៃណីច្រឹបប្រដាប់ភេទ នេះបើយោងតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។ ខណៈដែល រដ្ឋធម្មនុញ្ញសូម៉ាលី ហាមប្រាមចំពោះការអនុវត្ដប្រពៃណីនេះ អ្នកស្រី Mohamed បាននិយាយថា ពុំមានច្បាប់ណាមួយអនុម័ត ដើម្បីធ្វើឱ្យជាក់ប្រាកដថា បុគ្គលដែលអនុវត្ដប្រពៃណីច្រឹបប្រដាប់ភេទនេះ ត្រូវផ្ដន្ទាទោសនោះទេ។

អ្នកស្រី បន្ថែមថា៖ “អ្នកបង្កើតច្បាប់ទាំងឡាយ ខ្លាចបាត់បង់អំណាចនយោបាយ នៅក្នុងក្រុមអ្នកអភិរក្សប្រពៃណី និងសាសនាដ៏មានឥទ្ធិពលទាំងអស់ ដូច្នេះទើបពួកគេ បង្អោនទៅរក្សាការអនុវត្ដប្រពៃណីនោះ”។


បុគ្គលិកផ្នែកសុខាភិបាល បានប្រមានពីគ្រោះថ្នាក់នៃការអនុវត្ដប្រពៃណីច្រឹបប្រដាប់ភេទ ដែលក្នុងករណីភាគច្រើន ស្បែកទ្វារមាសផ្នែកខាងក្រៅត្រូវច្រឹបចេញ  ហើយទ្វារមាសទៀតសោត ត្រូវបានគេដេរស្ទើរតែជិតទៅទៀត។

អគ្គលេធិការអង្គការសហប្រជាជាតិលោក Antonio Gutterres បាននិយាយកាលដើមឆ្នាំនេះថា៖ “ស្រ្ដី និងក្មេងស្រីជាង ២០០ លាននាក់ នៅ ៣០ ប្រទេស​ក្នុងទ្វីបចំនួន ៣ ធ្លាប់អនុវត្ដប្រពៃណីច្រឹបប្រដាប់ភេទនេះ ដោយលោកបានហៅការអនុវត្ដនេះថា ជាការរំលោភសិទ្ធិស្រ្ដី និងក្មេងស្រីដ៏កំរោល”។

គម្រោងមូនិធិពលរដ្ឋរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា កេ្មងស្រីប្រមាណ ៣,៩ លាននាក់ គឺជាកម្មវត្ថុនៃការកាត់ច្រឹបប្រដាប់ភេទជារៀងរាល់ឆ្នាំ ហើយប្រសិនបើពុំមានចាត់វិធានការអ្វីទេនោះ ចំនួននេះ នឹងកើនឡើងដល់ ៤,៦ លាននាក់នៅឆ្នាំ ២០៣០ ដោយសារតែកំណើនប្រជាពលរដ្ឋ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ news.com.au


Tags: International news