ទេសចរណ៍
ជិះទូកកំសាន្តនៅខេត្តសៀមរាប
ក្នុងខេត្តសៀមរាបភ្ញៀវទេសចរទាំងឡាយក្រៅពីទស្សនាប្រាសាទអង្គរវត្តប្រាសាទ
បាយ័ននិងទស្សនានៅតាមប្រាសាទនានា ជាច្រើនទៀតនោះក្រសួងទេសចរណ៍
ក៏ដូចជាអាជ្ញាធរ អប្សរាបានរិះរកគ្រប់ មធ្យោបាយយ៉ាងច្រើនបង្កើត កន្លែងកម្សាន្ត
ផ្សេងៗទៀតដើម្បីជាការទាក់ទាញនិងបំរើសេវាកម្មដល់ភ្ញៀវទេសចរ។
រមណីយដ្ឋានថ្មីៗទាំងនោះរួមមាន៖ភូមិវប្បធម៌បាល់ឡុងហោះសារមន្ទីរអង្គររមណីយដ្ឋាន
ទេសចរណ៍ភ្នំក្រោម៘នៅចុងឆ្នាំ2010 កន្លងទៅនេះមានការរៀបចំឱ្យមានជាកន្លែង
ជិះទូកកម្សាន្តនៅតាមដងទន្លេ អុំដែលគេឱ្យឈ្មោះថាគង្គាអង្គរកំពង់ទទួលបានចំណាប់
អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ ។
ប្រសិនបើយើងចង់ទៅជិះទូកកំសាន្តនៅទន្លេអុំយើងគ្រាន់តែធ្វើដំណើរនៅលើកំណាត់ផ្លូវ
មុខប្រាសាទ អង្គរវត្តឆ្ពោះទៅទិសខាងជើងដល់ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទបាយ័ន
នោះយើងនឹងបានឃើញរូបសំណាកយក្សទាញព្រ័តនៅលើស្ពានចូលបរិវេណប្រាសាទ
អង្គរធំហើយក្រឡេកមើលទៅខាងឆ្វេងដៃនោះយើងនឹងបានឃើញផ្ទៃទឹកល្ហល្ហេវព័ទ្ធជុំវិញ
កំពែងខាងក្រៅប្រាសាទអង្គរធំទីនោះហើយជាទន្លេអុំ។នៅទីនោះមានទូកចែវដោយដៃ
ដែលមានអ្នកចែវខ្លះស្លៀកពាក់ក្នុងសម្លៀកបំពាក់សម័យអង្គររង់ចាំភ្ញៀវ ទេសចររួចជា
ស្រេចដើម្បីជូនដំណើរភ្ញៀវទស្សនា។
ចំពោះទូកសំរាប់នាំភ្ញៀវទេសចរត្រូវបានច្នៃនិងរចនាឡើងដូចមាននៅក្នុងរូបតាមប្រវត្តិដែល
មានឆ្លាកនៅលើផ្ទាំងប្រសាទ មានរាងដូចនាគនិងទូកខ្លះមានរាងដូចជាហង្សរង់ចាំស្វាគមន៍
ភ្ញៀវទេសចរដែលទៅជិះទូកកម្សាន្តនៅទីនោះ។
នៅពេលដែលយើងបានឡើងជិះនៅលើទូកនោះ ធ្វើអោយភ្ញៀវទាំងឡាយមានអារម្មណ៍ថា
ហាក់បីដូចជាខ្លួនកំពុង ស្ថិតនៅក្នុងអតីតកាលនៃយុគសម័យបុរាណដ៏ត្រចះត្រចង់មួយដែល
ពោរពេញដោយភាពអស្ចារ្យនិងអច្ឆរិយៈដែលយើងពុំដែល បានជួបប្រទះនាពេលកន្លងមក ។
នៅពេលដែល យើងកំពុងជិះទូកកម្សាន្តនៅតាមដងទន្លេអុំយើងអាចមើលខ្លោងទ្វារចូលពី
ខាងត្បូងកំពែងប្រាសាទផ្នែកខាង ក្រៅពីជ្រុងខាងជើងរហូតដល់ជ្រុងខាងលិចពិសេសនោះ
ភ្ញៀវទេសចរ អាចទស្សនាទិដ្ឋភាពថ្ងៃលិចដូចការទស្សនាថ្ងៃលិចនៅលើកំពូលភ្នំបាខែងដែរ។
នៅពេលទស្សនាតាមដងទន្លេអុំយើងនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃព្រៃព្រឹក្សា
បក្សាបក្សីនិងសំឡេងទឹករលកបោកច្រាំងបង្កើតបានជា តន្ត្រីធម្មជាតិមួយយ៉ាងពីរោះជក់ចិត្ត
ធ្វើអោយ អារម្មណ៍របស់យើងអណ្តែតអណ្តូងប្រៀបបីដូចខ្លួនយើងកំពុងស្ថិតនៅក្នុង យុគ
សម័យបុរាណមួយយ៉ាងពិតៗ។
លោកលីសំអឿននាយកប្រតិបត្តិក្រុមហ៊ុនGreen Earth Co.,Ltd និងជាអ្នកមើលការខុសត្រូវ
ការអុំនៅទន្លេអុំបានឱ្យដឹងថាទូកដែលយកមកដាក់អោយភ្ញៀវទេសចរជិះនៅទីនេះបានចម្លង
ចេញពីប្រាង្គ ប្រាសាទនានាជាច្រើនដែលមាននៅតាមប្រាសាទដ៏ល្បីរបស់ខ្មែរពិតៗដូចជា
ទូកព្រះទីនាំងសម្រាប់ព្រះមហាក្សត្រគឺចម្លងតាមចម្លាក់សិលាចារឹកប្រាសាទបន្ទាយឆ្មារទូក
នេះពុំដាក់ឱ្យភ្ញៀវធម្មតាជិះកម្សាន្តឡើយទុកសម្រាប់ឱ្យថ្នាក់ ដឹកនាំជាន់ខ្ពស់សំខាន់ៗ និង
ភ្ញៀវពិសេសជិះតែប៉ុណ្ណោះក្រុមទូកចម្បាំងមានទូកមេទ័ពស្រួចមេទ័ពរងទូកក្រុម ទ័ពស្រួច
ចម្លងចេញតាមសិលាចារឹកនៃថែវប្រាសាទបន្ទាយឆ្មារប្រាសាទបាយ័ននិងប្រាសាទព្រះខ័ន
កំពង់ស្វាយ។ក្រុមទូកជំនួយមានទូកទ័ពជំនួយទូកលំហែរនិងទូកផ្ទុកស្បៀងអាហារគឺចម្លង
ចេញពីសិលាចារឹក ប្រាសាទនានាថែវប្រាសាទអង្គរវត្តប្រាសាទបាយ័ននិងប្រាសាទបន្ទាយ
ឆ្មារ ។
ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលជិះទូកកម្សាន្តនៅទន្លេអុំត្រូវចំណាយពេលពី 1ម៉ោងទៅ 1ម៉ោងកន្លះលើកំណាត់ផ្លូវ 312គីឡូម៉ែត្រ។ទូកដែលនាំភ្ញៀវកម្សាន្តចែកចេញជាពីរប្រភេទគឺ
ភ្ញៀវខ្មែរជិះក្នុងតម្លៃ 3ដុល្លារក្នុងម្នាក់ឯភ្ញៀវបរទេសវិញជិះក្នុងតម្លៃ7ដុល្លារក្នុងម្នាក់ទូកនីមួយៗ
ជិះបានគ្នា 4នាក់ឯទូកពិសេសជិះបានតែពីរនាក់ប៉ុណ្ណោះ ។ ចំណែកអ្នកចែវទូកវិញយើងឱ្យ
គេស្លៀកពាក់ខោអាវធម្មតាក៏បានឬក៏ឱ្យគេស្លៀកពាក់ខោអាវរបៀបបុរាណក៏បាន។
ប្រវត្តិ ទន្លេអុំមិនផ្លូវការដែលសិក្សាចងក្រងដោយអង្គរគង្គាបានឱ្យដឹងថាទន្លេអុំគឺជាឈ្មោះ
នៃបារាយណ៍ទឹកពីសម័យបុរាណដែលតាំងនៅជិតៗនៃទីស្ថានបុរាណប្រាសាទឬទីប្រជុំ
ជនណាមួយភាគច្រើនដែលព្រះ រាជាសម័យបុរាណតែងតែស្នាក់អាស្រ័យនៅជាប្រចាំឬ
ស្នាក់អាស្រ័យម្តងម្កាល។ស្ថាននាមទន្លេអុំនេះមាន នៅសេសសល់ស្ទើរគ្រប់ទីកន្លែងក្នុង
ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នដូចជាទន្លេអុំខាងត្បូងក្រុងអង្គរធំខេត្តសៀមរាបទន្លេអុំ
ប្រាសាទនគរបាជ័យខេត្តកំពង់ចាមនិងទន្លេអុំប្រាសាទភ្នំជីសូរខេត្តតាកែវជាដើម៘
ទន្លេអុំគឺជាបឹងដែលកើតឡើងដោយមនុស្សជាអ្នកបង្កើត និងខ្លះគឺកែច្នៃអភិវឌ្ឍបឹងឬ
ត្រពាំងធម្មជាតិដែលមានស្រាប់ ។
រីឯតួនាទីរបស់ទន្លេអុំគឺប្រើជាទីកន្លែងបង្វឹកហាត់អុំទូកនិងចែវទូកសំរាប់ព្រះរាជានិង
កងទ័ពរបស់ព្រះអង្គដើម្បីបង្កើនសមត្ថភាពសម្រាប់បំរើ តាមសេចក្តីត្រូវការ ក្នុងជីវភាព
រស់នៅប្រចាំថ្ងៃផងនិងកសាងសមត្ថភាពខាងយុទ្ធវិធីនៃសឹកសង្គ្រាមជើងទឹកផង។
ចំពោះព្រះរាជាវិញទ្រង់ក៏ប្រើប្រាស់ទន្លេអុំធ្វើជាទឹកក្រសាលសប្បាយដោយអុំទូកកម្សាន្ត
ផងដែរព្រោះទីនោះមានសម្រស់ធម្មជាតិស្រស់ត្រកាលគួរទីជាទីមនោរម្យ ជាពិសេស
គេតែងប្រារឰពិធីធំៗនៅក្នុងសាសនានិងសង្គមមនុស្សនៅទីនោះជាទៀងទាត់ដូចជាពិធី
តបស្នងអំណរគុណព្រះគង្គានិងលយកន្ទោង(នាថ្ងៃចេញវស្សា) ពិធីបុណ្យអុំទូកនិង
លយប្រទីប (ថ្ងៃ១៥កើតខែកត្តិក ) នៅក្នុងទន្លេអុំនោះតែម្តង។
ម៉្យាងទៀតទន្លេអុំក៏ប្រើសម្រាប់ជាប្រភពធនធានធារាសាស្ត្រពុំចេះរីងស្ងួតដើម្បីទ្រទ្រង់
ដល់ជីវិតមនុស្សសត្វរុក្ខជាតិនិងស្រោចស្រពដល់ដំណាំកសិកម្មផងដែរ។ នៅក្នុងវិស័យ
ជលផលឬមច្ឆជាតិគ្រប់អម្បូររស់នៅបន្តពូជពង្សរួចសាយភាយទៅដល់ព្រែកស្ទឹង ទន្លេ
បឹងបួរធម្មជាតិនានានៅជុំវិញតំបន់នោះផងដែរ។នៅសម័យបុរាណជនជាតិខ្មែរពុំហ៊ាន
ល្មើសឬធ្វើការនេសាទត្រីនៅក្នុងទន្លេអុំទេ។
ចំពោះទន្លេអុំក្រុងអង្គរធំគឺមានតួនាទីមានតួនាទី យ៉ាងសំខាន់គឺជាគូជលសាការពារ
ក្រុអង្គរធំពីគ្រោះទឹកជំនន់និងរាំងស្ងួតផងជារបាំងការពារ សឹកសង្គ្រាមផង។ ម៉្យាងទៀត
ទន្លេអុំក្រុងអង្គរធំនេះអាចសំដៅដល់មហាសាគរដែលនៅព័ទ្ធជុំវិញ ភ្នំព្រះសុមេរុដែល
មានប្រាសាទបាយ័នជាស្នូលនិងកំពូល ។បើសំអាងដោយទេវកថានៅក្នុងព្រហ្មញ
សាសនាវិញនោះទឹកទាំងឡាយដែលស្ថិតនៅក្នុងទន្លេអុំនេះគឺប្រៀបស្មើនឹងទឹកអម្រឹត
ព្រោះវាជាធាតុផ្សំឬជាសម្មតិកម្មនៃការល្បងឫទ្ធានុភាពគ្នារវាងពួកទេវនិងអសុរដែលជា
តួអង្គសំខាន់នៅក្នុងមហាទេវកថាកូរសមុទ្រទឹកដោះ។
រហូតមកដល់បច្ចុប្បន្ននេះភ័ស្តុតាងជាក់ស្តែងដែលយើងឃើញរាល់គ្នាហៅថាទេវតានិង
យក្ស ទាញនាគរាំសុគិថាជាព្រ័ត្រនៅលើស្ពានហាលនៅពាក់កណ្តាលទន្លេអុំកាត់ពីត្បូងទៅ
ខាងជើងឆ្ពោះចូលទៅ ផ្ចិតកណ្តាលក្រុងអង្គរធំនោះវាមិនមែនត្រឹមតែជាសិល្បៈរចនាតុបតែង
លម្អដូចយើងគ្រប់គ្នាគិតនោះទេតែវាជាព័ស្តុតាងបញ្ជាក់ថានេះគឺជាទេវស្ថានដ៏ពិសិដ្ឋរីឯទឹក
នៅក្នុងទន្លេអុំគឺជារូបធាតុមួយដែលនាំឱ្យកើតមានទឹកអម្រឹត នោះឯង។នៅក្នុងសម័យ
អង្គរនៅក្នុងព្រះរាជពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រនីមួយៗគេបានធ្វើពិធីដងយកទឹកពី
កសិណទន្លេអុំ (និងស្រះស្រង់បារាយណ៍និងទឹកជប់ពីកំពូលភ្នំគូលែន) យកទៅធ្វើជា
គ្រឿងសក្ការបូជាដ៏ពិសិដ្ឋផងដែរ។
ឈ្មោះពីបុរាណរបស់ទន្លេអុំគឺប្រហែលមកពីពាក្យថាទន្លេអម្រឹតលុះក្រោយមកកម្លាយ
សូរសៀងនិងភាសានិយាយកាត់មកនៅត្រឹមទន្លេអុំ។ទន្លេអុំនេះមានបណ្តោយពីកើត
ទៅលិចប្រមាណ3គីឡូម៉ែត្រហើយខណ្ឌចែកត្រង់ចំណុចកណ្តាលដោយស្ពានហាលដែល
យើងហៅថាស្ពានទន្លេអុំ។ទទឹងទន្លេអុំប្រហែលជា120ម៉ែត្រនិងមានជម្រៅទឹក
ប្រមាណ 3ទៅ5ម៉ែត្រ តែបច្ចុប្បន្នដោយសារពុំមានការថែទាំទើបធ្វើឱ្យជម្រៅរបស់វារីង
រាក់ជាងមុន នៅជុំវិញមាត់ទន្លេអុំគឺមានរៀបដោយជណ្តើរថ្មបាយក្រៀមយ៉ាងប្រណីត៕
Tags: