CamNews

កុំព្យូទ័រ 

កុំព្យូទ័រ Tango ទំហំប៉ុនស្មាតហ្វូន ប្រើ Windows តម្លៃ ៣៩៩ដុល្លារ

Tango ដំណើរការបានជាមួយ Windows 7 និង Windows 8 និងមានគ្រឿងម៉ាស៊ីនដ៏អស្ចារ្យ
មិនខុសពីកុំព្យូទ័រ Desktop នាពេលបច្ចុប្បន្ននោះទេ។

នៅពេលនិន្នាការប្រើប្រាស់កុំព្យូទ័រ Desktop ប្រភេទតូច ក្លាយជាចំណូលចិត្តថ្មី ពេលនេះ ការ
បង្ហាញខ្លួននៃ pc mini ដែលមានឡូហ្គូ Tango នឹងជាចំណុចលេចធ្លោមួយ ក្នុងវិស័យបច្ចេកវិទ្យា
ក្នុងឆ្នាំនេះ។

គួររំលឹកថា Tango បានបង្ហាញវត្តមានជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ CES ២០១៤ ដែល
កាលណោះ មានសំណួរជាច្រើនត្រូវបានគេលើកឡើង ទាក់ទិននឹងភាពជាក់ស្ដែង និងភាព
ខ្លាំងក្លារបស់ pc mini នេះ។ ប៉ុន្ដែ រហូតមកដល់ពេលនេះ ទើបគេទទួលស្គាល់នូវប្រយោជន៍
ពិត និងសមត្ថភាពរបស់វា។

Tango មានរូបរាងពិសេស តូច ប្រហាក់ប្រហែលនឹងទំហំស្មាតហ្វូនបច្ចុប្បន្ន។ ឧបករណ៍នេះ
មានទំហំ 125 x 80 x 13,5 mm ដូច្នេះ អ្នកប្រើប្រាស់ប្រាកដជាអាចដាក់តាមហោប៉ៅ ហើយវា
ក៏នឹងមានប្រៀបជាង កុំព្យូទ័រ Desktop បុរាណ ឬលេបថប ផងដែរ។

Tango គឺជា កុំព្យូទ័រ Desktop តូចមួយ ដែលមានកម្លាំងខ្លាំង ជួយឱ្យអ្នក បំពេញការងារនៅក្នុង
ការិយាល័យ អានព័ត៌មានលើគេហទំព័រ មើលភាពយន្ដ ស្ដាប់ចម្រៀង ព្រមទាំងជាឧបករណ៍
លេងហ្គេមដ៏អស្ចារ្យមួយទៀតផង។

បច្ចុប្បន្ន ម៉ាស៊ីននេះ មានភ្ជាប់មកជាមួយនូវប្រព័ន្ធ dock ដែលជាឧបករណ៍ជួយឱ្យ Tango អាច
ថតចម្លងទិន្នន័យ និងធ្វើការដូចទៅនឹង PC ។ ប្រព័ន្ធ dock នេះ មានតម្លៃ ៩៩ដុល្លារ នៅសហ
រដ្ឋអាមេរិក។ ចំណែក Tango វិញ គឺមានច្រើនជម្រើស ហើយនឹងត្រូវបានដាក់លក់ ក្នុងតម្លៃ
ចាប់ពី ៣៩៩ ដល់ ៥៩០ដុល្លារអាមេរិក។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PCWorld