CamNews

តារា 

ក្លឹបដ៏ល្បីមួយនៅជប៉ុន អាចនឹងទិញ​កីឡាករជើងខ្លាំង​របស់កម្ពុជា ចាន់ វឌ្ឍនាកា?

(ភ្នំពេញ)៖ ក្លឹបលេងនៅលីគលំដាប់ទី៣ របស់ប្រទេសជប៉ុន Fujieda MYFC អាចនឹងទិញយកកីឡាករបាល់ទាត់​ដ៏ល្បីរបស់​កម្ពុជា ចាន់ វឌ្ឍនាកា ក្នុងសន្និសីទសារព័ត៌មាននៅចន្លោះម៉ោង ៣-៤ រសៀលថ្ងៃស្អែកនេះនៅសណ្ឋាគារ​ភ្នំពេញរវាងក្លឹបបឹងកេត​អង្គររបស់កម្ពុជា និងតំណាងក្លឹប Fujieda របស់ជប៉ុន។

ជុំវិញភាពស្រពេចស្រពិលរបស់អ្នកគាំទ្រអំពីជោគវាសនារបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាមួយក្លឹបបឹងកេតអង្គរ នឹងត្រូវលាតត្រដាងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។ ចាំមើល តើកីឡាករដែលមានស្រុកកំណើតមកពីខេត្តកំពតរូបនេះ នឹងត្រូវបន្ដរួមរស់ជាមួយក្លឹបជើងឯកលីគកំពូល​កម្ពុជា ២ជំនាន់នេះ ឬត្រូវចាកចេញទៅបន្ដអាជីពនៅក្រៅប្រទេស?

ប្រភពព័ត៌មានពីថ្នាក់ដឹកនាំក្លឹបបឹងកេតអង្គរបានឲ្យដឹងថា នៅវេលាម៉ោង ៣-៤រសៀលថ្ងៃទី១៣ ខែមករាស្អែកនេះ ក្លឹបនឹងធ្វើសន្និសីទសារព័ត៌មាន​មួយ​នៅ​សណ្ឋាគារភ្នំពេញ ដើម្បីបង្ហាញពីការពិតជុំវិញការវិវត្តន៍រឿងអនាគតកីឡាករវ័យ២៤ឆ្នាំ ចាន់ វឌ្ឍនាកា ជាមួយនឹងក្លឹប។ ប្រភពច្បាស់ការ​ដដែលបន្ដថា នៅថ្ងៃស្អែកនេះ អ្នកគាំទ្រគ្រប់គ្នានឹងដឹងថា ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជារូបនេះ ត្រូវបន្ដនៅបឹងកេត ឬត្រូវចេញទៅ​ជប៉ុន ថៃ សិង្ហបុរី ឬម៉ាឡេស៊ី?

នេះគឺជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ និងជាប្រវត្តិសាស្រ្តផងដែរសម្រាប់កីឡាករបាល់ទាត់កម្ពុជា ខណៈដែលអ្នកគាំទ្រកម្ពុជាកំពុងចង់ដឹង។ ប៉ុន្ដែយ៉ាងណាមានប្រភពជិតស្និទ្ធជាមួយសាម៉ីខ្លួន ចាន់ វឌ្ឍនាកា ផ្ទាល់បានអះអាងថា រដូវកាលថ្មីនេះ វឌ្ឍនាកា នឹងមិនលេងនៅលីគកំពូល​កម្ពុជានោះទេ ដែលបញ្ជាក់ឲ្យឃើញថា គេនឹងចាកចេញពីបឹងកេត។ ប៉ុន្ដែនេះគ្រាន់តែជាការលើកឡើងរបស់អ្នកដទៃប៉ុណ្ណោះ តែការពិតយ៉ាងណា​នឹងដឹងច្បាស់នៅថ្ងៃស្អែក។

តែយ៉ាងណាមិញ តំណាងក្លឹបបឹងកេត ដែលមានមូលដ្ឋានក្នុងខេត្តកំពង់ចាមរបស់កម្ពុជា និងតំណាងក្លឹបមកពីជប៉ុន Fujieda មិនទាន់បានបង្ហើប​ពីតម្លៃខ្លួន ក៏ដូចជាកិច្ចសន្យារបស់កីឡាករវ័យក្មេងជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា នៅឡើយទេ ដោយនឹងដឹងច្បាស់នៅរសៀលថ្ងៃស្អែកនេះ។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ចាន់ វឌ្ឍនាកា និងរួមជាមួយគ្រូបង្វឹកក្លឹបបឹងកេត លោក ប្រាក់ សុវណ្ណារ៉ា បានធ្វើដំណើរទៅទស្សនកិច្ចក្លឹប Fujieda រយៈពេល១សប្តាហ៍ ដើម្បីសិក្សាពីការ ហ្វឹកហាត់ ក៏ដូចជាសិក្សាពីគម្រោងទិញ-ដូរកីឡាករ​ផងដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chan vatanaka