អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ « នៅក្នុងការស្ទង់មតិស្តីពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន ចម្លើយដែលយើងទទួលបានពីអ្នកប្រើប្រាស់ភាគច្រើន គឺការបន្ថែមប្រព័ន្ធសុវត្ថិភាពកំឡុងពេលប្រតិបត្តិការ ជាកត្តាលិករដ៏សំខាន់មួយសម្រាប់ជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបទនៃការទូទាត់របស់អ្នកប្រើប្រាស់ ឲ្យងាកមកចាប់យកការទូទាត់តាមប្រព័ន្ធឌីជីថល និងក្នុងរូបភាពផ្សេងៗទៀត ដោយមិនប្រើសាច់ប្រាក់ជាដើម។ ខណៈពេលដែលការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តមានឥទ្ធិពលខ្លាំង ទស្សនវិស័យសម្រាប់ឆ្នាំ ២០២១ របស់ Visa គឺបន្តផ្តល់ការយល់ដឹងដល់អតិថិជន អំពីវិធីសាស្ត្រការការពារខ្លួន និងការពារហិរញ្ញវត្ថុរបស់ពួកគេឲ្យបានល្អបំផុត »។
នៅឆ្នាំ ២០២០ Visa បានផ្តោតការយកចិត្តទុកដាក់ទៅលើធនធាននិងជំនាញរបស់ខ្លួន ដើម្បីបន្តជួយដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូពាណិជ្ជកម្ម រាជរដ្ឋាភិបាល និងអតិថិជនរបស់ខ្លួន ក្នុងការបត់បែនទៅតាមការផ្លាស់ប្តូរដ៏ធំនេះ។ បើយើងសំលឹងមើលទៅមុខសម្រាប់ឆ្នាំ២០២១ ការទូទាត់តាមរយៈឌីជីថលនឹងមានការផ្លាស់ប្តូរជាបន្តបន្ទាប់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ បទពិសោធន៍នៅឆ្នាំ២០២០ នឹងពន្លឿនភាពច្នៃប្រឌិត ព្រមទាំងជំរុញឱ្យក្រុមហ៊ុនទាំងឡាយងាកមកសិក្សាពីចំណុចខ្វះខាតរបស់ខ្លួន ដើម្បីធានាថាពួកគេមិនដើរតាមគន្លងដដែលសម្រាប់ឆ្នាំ២០២១នេះ។
ការព្យាករណ៍មួយចំនួនសម្រាប់ឆ្នាំ ២០២១ រួមមាន៖
១. ឥរិយាបទអតិថិជនដែលកើតចេញក្នុងកំឡុងពេលនៃការរីករាតត្បាតនៃមេរោគ នឹងក្លាយជាប្រក្រតីភាពតាមគន្លងថ្មី ដែលនឹងទាមទារឲ្យមាននូវយុទ្ធសាស្រ្តទប់ស្កាត់ការក្លែងបន្លំពីសំណាក់ពាណិជ្ជករ
បើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការឆ្ពោះទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa (Visa’s Back to Business) បានអោយឃើញថា ៧៨ ភាគរយ នៃអតិថិជននៅទូទំាងសកលលោក បានកែសំរួលមធ្យោបាយទូទាត់ថ្លៃទំនិញរបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ហើយប្រមាណជិតពាក់កណ្តាល (៤៨ ភាគរយ) ជ្រើសរើសមិនទិញទំនិញនៅហាងដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ប្រាក់ដែលតម្រូវឲ្យមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកគិតប្រាក់ ឬម៉ាស៊ីនដែលត្រូវប្រើរួមគ្នា ដូចជាម៉ាស៊ីនឆូតកាតជាដើម។ ខ្ញុំជឿថា ឥរិយាបទរបស់អតិថិជនដែលកំពុងធ្វើបែបនេះ វាមិនមែនជាការផ្លាស់ប្តូរបណ្តោះអាសន្ននោះទេ គឺវានឹងបន្តរបៀបនេះជាអចិន្ត្រៃ។
ឥរិយាបថអតិថិជនទាំងនោះ នឹងជំរុញពាណិជ្ជករឲ្យមានភាពច្នៃប្រឌិត ដើម្បីធានាបាននូវវឌ្ឍនភាពលើអាជីវកម្មរបស់ខ្លួនបន្ថែម ព្រមទាំងបំពេញតម្រូវការរបស់អតិថិជនផងដែរ។ ពាណិជ្ជករដែលជ្រើសយកការវិនិយោគលើវិធីសាស្ត្រថ្មីៗដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន រួមមានវិធីសាស្រ្តនៃការទូទាត់ប្រាក់ ដូចជាការបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ិនធើណេត តាមកម្មវិធីទូរស័ព្ទ (in-app) បច្ចេកវិទ្យាcontactless និង IoT (ដែលអាចពាក់បាន, បំពាក់នៅក្នុងរថយន្ត, និងឧបករណ៍វៃឆ្លាតផ្សេងៗ) ពួកគាត់នឹងអាចរក្សាបាននូវអតិថិជនចាស់ ទទួលបានអតិថិជនថ្មីៗបន្ថែមទៀត រួមទាំងកំណើននៃការលក់ក៏ប្រសើរជាងមុនផងដែរ។
ប៉ុន្តែទន្ទឹំមទៅនឹងពេលដែលពាណិជ្ជករយើងងាកមកធ្វើជំនួញនៅលើប្រព័ន្ធអ៊ិនធើណេត មានក្រុមអ្នកបោកប្រាស់ជាច្រើន ហើយជនមួយចំនួននោះមានធនធានជំនាញ និងគាំទ្រពីក្រោយ។ សម្រាប់សុវត្ថិភាពនៃការធ្វើប្រតិបត្តិការទូទាត់ គឺពិតជាមានភាពស្មុគស្មាញណាស់ ហើយមិនមែនគ្រប់គ្នានៅក្នុងវិស័យទូទាត់អាចមានជំនាញដើម្បីដោះស្រាយវាបានល្អនោះទេ។ ពាណិជ្ជករ ទាមទារឲ្យមានយុទ្ធសាស្រ្តក្នុងការធ្វើបច្ចុប្បន្នភាព ដើម្បីទប់ស្កាត់ការក្លែងបន្លំ ដើម្បីគាំទ្រដល់ពាណិជ្ជកម្មតាមអនឡាញ (omnichannel commerce) ហើយប្រសិនបើពួកគាត់មិនមានជំនាញនេះទេ ពួកគេគួរតែងាកទៅរកដៃគូសហការដែលមានជំនាញនិងកេរ្តិ៍ឈ្មោះល្អ ដើម្បីបង្កើតឲ្យបាននូវសមិទ្ធផលស្របតាមគោលដៅ និងផលប្រយោជន៍នៃអាជីវកម្មរបស់ខ្លួន។
២. ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ ដែលនឹងបង្ហាញពីភាពងាយរងគ្រោះថ្មីៗ
ចំនួនធនាគារកណ្តាល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកើនឡើងជាលំដាប់ កំពុងប្រឈមជាមួយនឹងការស្វែងរកមធ្យោបាយថ្មីនិងលឿន ដែលអាចផ្ញើ ឬទូទាត់ប្រាក់ និងចែករំលែកព័ត៌មានបានរហ័សជាងមធ្យោបាយបែបប្រពៃណី។ ការទូទាត់ភ្លាមៗ (real time payments) ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ព្រមទាំងការចូលរួមពីធនាគារ ក្នុងការគាំទ្រដល់ការបង្កើតថ្មីដែលសមស្របទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់ឌីជីថលផងដែរនោះ នឹងអាចជួយជំរុញពាណិជ្ជកម្មនៅលើបណ្តាញឌីជីថលកាន់តែរីកចម្រើនសម្រាប់រាប់ទសវត្សរ៍ខាងមុខតួទៅទៀត។ ប៉ុន្តែការទូទាត់រហ័សជាងមុន ក៏បើកឱកាសឲ្យមានការក្លែងបន្លំលឿនជាងមុនផងដែរ ដូច្នេះការចែករំលែកព័ត៌មានរបស់អតិថិជនត្រូវតែប្រកាន់ខ្ជាប់នូវអភ័យឯកសិទ្ធទិន្នន័យឯកជន។
បច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារកណ្តាល ចាំបាច់ត្រូវមានយន្តការនៅក្នុងដៃ ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីដែលអាចជាសូចនាករនៃការក្លែងបន្លំ។ វាក៏ជាកត្តាសំខាន់ផងដែរ ដែលគោលការណ៍នៃធនាគារបើកចំហ និងការចែករំលែកទិន្នន័យត្រូវបានប្រើប្រាស់ប្រកបដោយទំនូលខុសត្រូវខ្ពស់ នឹងប្រកបដោយក្រមសីលធម៌ ទាំងផលិតផល សេវាកម្ម និងបច្ចេកវិទ្យា។ នៅក្នុងឆ្នាំ ២០២១ យើងឃើញថាបរិមាណនៃការទូទាត់ភ្លាមៗ (real time payments ) នៅតែបន្តកើនឡើង រូបិយប័ណ្ណឌីជីថលនៅតែបន្តមានសន្ទុះខ្លាំង ទិន្នន័យរបស់អតិថិជន និងភាពឯកជនរបស់ទិន្នន័យនឹងក្លាយជាប្រធានបទនាំមុខគេក្នុងការពិភាក្សាជាច្រើន ហើយតួអង្គសំខាន់ៗដែលជាប្រតិបត្តិករនៅក្នុងឧស្សាហកម្មនេះ នឹងធ្វើការជាមួយគ្នាដើម្បីដោះស្រាយភាពងាយរងគ្រោះថ្មីៗដែលនឹងកើតឡើង។
៣. ការទូទាត់បែបបច្ចេកវិទ្យា Contactless នឹងក្លាយជារឿងធម្មតាសម្រាប់អ្នកប្រើប្រាស់ភាគច្រើន ខណៈពេលដែលបច្ចេកវិទ្យាដាក់ទូរស័ព្ទប៉ះដើម្បីទូទាត់បង់ប្រាក់ “Tap to Phone” នឹងក្លាយជាបច្ចេកវិទ្យានាំមុខគេ
ខណៈដែលការទូទាត់បែបបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់ជាទូទៅនៅជុំវិញពិភពលោក បច្ចេកវិទ្យាដាក់ទូរស័ព្ទប៉ះដើម្បីទូទាត់ប្រាក់ (Tap to Phone) នឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច អាចបោះជំហានចូលទៅក្នុងសេដ្ឋកិច្ចឌីជីថលដោយងាយស្រួលតាមរយៈកម្មវិធីទូរស័ព្ទ។ បច្ចេកវិទ្យា Tap to Phone អាចឱ្យអ្នកលក់ទទួលយកការទូទាត់បែបបច្ចេកវិទ្យា contactless ដោយមិនចាំបាច់ប្រើម៉ាស៊ីនឆូតកាត។ យើងកំពុងមើលឃើញដំណាក់កាលដំបូងនៃកំណើនផលិតផលនេះ ហើយរំពឹងថាឆ្នាំ ២០២១/២០២២នេះ គឺជាឆ្នាំដ៏ល្អបំផុត ខណៈចំនួនអ្នកប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យា contactless នៅតែបន្តកើនឡើង។
៤. ពាណិជ្ជកម្មចម្រុះ ឬ “ពាណិជ្ជកម្មអេឡិចត្រូនិច eCommerce នៅក្នុងជីវិតពិត” ត្រូវបានកំណត់ឲ្យក្លាយទៅជាគោលដៅចម្បងសម្រាប់បទពិសោធន៍របស់អតិថិជន
វាជាឆ្នាំមួយដែលយើងមិនធ្លាប់ជួបពីមុនមក សម្រាប់ eCommerce ដែលជាវិស័យមួយត្រូវបានជំរុញយ៉ាងខ្លាំងតាមតំរូវការទូទៅរបស់ក្រុមហ៊ុនជាច្រើន ដើម្បីបន្តផ្តល់នូវជម្រើសសម្រាប់ការទិញទំនិញតាមអ៊ិនធើណេត និងការដឹកជញ្ជូនតាមទំរង់ថ្មី។ ឆ្នាំ ២០២១ នឹងបន្តជម្រុញនូវការធ្វើសមាហរណកម្មពាណិជ្ជកម្មបន្ថែមទៀត ដោយវាមិនត្រឹមតែជាការនិយមមួយឆាវប៉ុណ្ណោះទេ តែវានឹងក្លាយទៅជារឿងធម្មតាសម្រាប់របទជីវិតរស់នៅប្រចាំថ្ងៃ។ វាមានផលនៃការប៉ះទង្គិចដ៏តិចតួច តែមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីសម្រាប់អតិថិជនដែលផ្តោតលើការប្រើប្រាស់កម្មវិធីទូរស័ព្ទ និងយុទ្ធសាស្ត្រពាណិជ្ជកម្មជាច្រើនទៀត នឹងជួយឱ្យអាជីវកម្មរីកចម្រើនកាន់តែឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការររបស់អតិថិជនដែលកំពុងវិវត្តឥតឈប់ឈរ។ ម្យ៉ាងវិញទៀត មិនមែនមានត្រឹមតែក្រុមហ៊ុនដែលប្រកបអាជីវកម្មបែបប្រពៃណី ឬក្រុមហ៊ុនធំៗទេដែលចូលរួមនៅក្នុងរបទនៃការផ្លាស់ប្តូរនេះ ប៉ុន្តែនៅជុំវិញពិភពលោក រាជរដ្ឋាភិបាលនានាក៏កំពុងជម្រុញនិងបង្កើនដែនកំណត់ដោយការធ្វើបច្ចុប្បន្នភាពដាក់ឲ្យមានការប្រើប្រាស់ការទូទាត់បែបបច្ចេកវិទ្យា contactless នៅតាមបណ្តាញសេវាកម្មដឹកជញ្ជូនសាធារណៈរបស់ខ្លួន ហើយអាជីវកម្មខ្នាតតូចនានាក៏កំពុងទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាមួយនេះផងដែរ៕