CamNews

ព័ត៌មានជាតិ 

ចិនគ្រោងជួយបង្កើតវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ អនឡាញ (Online)

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបគណៈប្រតិភូចិន ដឹកនាំដោយលោក Jiang Hao ប្រធានក្រុមហ៊ុន Join capital Investment & Management co.,Ltd ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជានាទីស្តីការក្រសួង។

ការបង្កើតគម្រោងបច្ចេកទេសអនឡាញនៅកម្ពុជានេះ នឹងធ្វើការបកប្រែជាភាសារខ្មែរចិនចំពោះឯកសារមេរៀនទាំងឡាយដើម្បីងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា គម្រោងនេះនឹងអាចទទួលបានជោគជ័យដោយសារតែវាចំណាយថវិការតិច ប៉ុន្តែអាចជុំរុញបរិមាណធនធានមនុស្សលើផ្នែកបានច្រើន។ គម្រោងបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Online) នេះ គឺផ្តោតទៅលើជំនាញដែលត្រូវការនៅក្នុងប្រទេសកម្ពុជាដូចជា វិស័យឧស្សាហកម្ម សេវាកម្ម ស្ថាបត្យកម្ម និងមានវិស័យជាច្រើនទៀត។

ឯកឧត្តមបានបន្ថែមទៀតថា ប្រជាពលរដ្ឋទាំងអស់អាចរៀនសូត្រតាមប្រព័ន្ធអនឡាញ (Online) បាន ប៉ុន្តែពួកគេត្រូវដឹងពីរបៀបប្រើអ៊ិនធើណេតហើយប្រហែលជាត្រូវចំណាយបន្តិចបន្តួចដើម្បីចូលទៅកាន់គេហទំព័រដើម្បីប្រើប្រាស់។

លោក Jiang Hao បាននិយាយថា បើគម្រោងនេះបង្កើតនៅកម្ពុជា នោះវានឹងមិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សលើផ្នែកនោះប៉ុណ្ណោះទេ តែវានឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕


ប្រែសម្រួល៖ ច័ន្ទ