ខេត្តព្រះសីហនុ៖ លោកឧកញ៉ាទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC បានឧបត្ថម្ភថវិកាចំនួន 40 លានរៀល ជូនដល់កងកម្លាំងនគរបាល ដែលធ្វើប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនល្មើសសម្លាប់កុមារា កុមារីពីរនាក់បងប្អូន នៅភូមិគគីឃុំបិតត្រាងស្រុកព្រៃនប់។
ថវិកានេះលោកឧកញ៉ាទៀ វិចិត្របាននាំយកទៅប្រគល់ជូនតាមរយៈលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ ដែលជាការលើកទឹកចិត្តចំពោះកងកម្លាំង ដែលបានខិតខំធ្វើការនេះបានជោគជយ័ ស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ដោយមិនទុកអោយជនល្មើសរស់នៅក្រៅសំណាញ់ច្បាប់ឡើយ។
សូមបញ្ជាក់ថា ជនល្មើសដែលសម្លាប់កុមារា កុមារីពីរនាក់បងប្អូន បច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តព្រះសីហនុ បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្ត ចោទប្រកាន់ចំនួនពីរបទល្មើសធំៗ ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត នៅក្រោយពេលដែលចៅក្រមជម្រះក្តីតាមនិតិវិធីផ្លូវច្បាប់៕
អត្ថបទ៖ ចំរើន