CamNews

ទេសចរណ៍ 

ភ្ញៀវទេសចរណ៍វៀតណាមមកប្រទេសកម្ពុជា ក្នុងឱកាសថ្ងៃបុណ្យជាតិរបស់ខ្លួន

សំរាប់ថ្ងៃសំរាកក្នុងឱកាសថ្ងៃរំដោះជាតិ ភាគខាងត្បូង 30 មេសា 1975 របស់ប្រទេស
វៀតណាម និងទិវារពលកម្មអន្តរជាតិ 1 ឧសភា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះមានភ្ញៀវ
ទេសចរណ៍មកពីប្រទេសវៀតណាមយ៉ាងច្រើនបានមកទស្សនាក្នុងប្រទេសកម្ពុជា ។
តំបន់ដែលមានការទាក់ទាញបំផុតសំរាប់ទេសចរណ៍គឺតំបន់ អង្គរ ស្ថិតក្នុងខេត្តសៀមរាប
ដែលជាតំបន់ទេសចរណ៍ដ៏ល្បីរបស់ប្រទេសកម្ពុជា ។

តាមប្រភពមួយចំនួនបានបញ្ជាក់ថាភ្ញៀវទេសចរណ៍មកពីប្រទេសវៀតណាម មាន
ចំនួនប្រមាណជា 90% ក្នុងចំណោមភ្ញៀវទាំងអស់ដែលបានមកទស្សនានៅក្នុងប្រទេស
កម្ពុជា ។ អាស្រ័យដោយមានការកើនឡើងនៃភ្ញៀវទេសចរណ៍វៀតណាមនៅក្នុងឱកាស
នោះ បណ្តាលអោយមានការកកស្ទះចរាចរយ៉ាងខ្លាំងនៅច្រកព្រំដែន អន្តរជាតិ បាវ៉ិត
ចាប់ពីថ្ងៃទី 29 មេសា ដល់ថ្ងែ 3 ឧសភា 2011 នេះ ។ ដោយឡែកនៅថ្ងៃទី 30 មេសា មានភ្ញៀវជាច្រើនមិនអាចធ្វើដំនើរចូលដល់ក្នុងតួប្រាសាទអង្គរវត្តឡើយ ដោយសារតែ មានការប្រជ្រៀតគ្នាពេក ។ ទាំងនេះស បញ្ជាក់ថាទោះបីប្រទេសកម្ពុជា និង ប្រទេសថៃ
កំពុងតែមានបញ្ហាព្រំដែនវាងគ្នានិងគ្នាយ៉ាងណាក៏ដោយ ក៏មិនបានក្លាយជាបញ្ហារារាំង
កំណើននៃភ្ញៀវទេសចរណ៍ចូលមកទស្សនាក្នុងប្រទេសកម្ពុជាយើងឡើយជាពិសេស
ទេសចរណ៍មកពីប្រទេសវៀតណាម ។

តាមការអោយដឹងពីលោក Minh Quang Ha ជាមគ្គុទ្ទេសន៍ទេសចរណ៍ នៃក្រុមហ៊ុនទេស
ចរណ៍មួយនៅទីក្រុង ហូជីម៉ិញ ប្រទេសវៀតណាម អោយដឹងថា ក្នុងថ្ងៃសំរាកយូរថ្ងៃ
សំរាប់ភ្ញៀវទេសចរណ៍ដែលមានបំណងមកទស្សនាក្នុងប្រទេសកម្ពុជា គឺត្រូវធ្វើការកក់
ទុកជាមុន ។ ចំពោះឱកាសថ្ងៃសំរាកផ្សេងៗមានភ្ញៀវទេសចរជាច្រើនបានធ្វើការជ្រើស
យកប្រទេសកម្ពុជា ក្នុងដំណើរទេសចរណ៍របស់ពួកគេ ដោយសារតែផ្លូវធ្វើដំនើរកាន់តែ
មានភាពងាយស្រួល និង មានទីកំសាន្តល្អៗជាច្រើន ។

ដោយមានការរៀបចំជាមុនក្រុមហ៊ុនទេសចរណ៍ទាំងឡាយ របស់វៀតណាមបានកក់ទុក
ជាមុន នូវសណ្ឋាគារ និងសេវាកម្មផ្សេងៗ ដើម្បីចៀសវាងការឡើងថ្លៃក្នុងករណីណាមួយ។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជា បានក្លាយជាជំរើសទីមួយសំរាប់ដំនើរទេសចរណ៍
ក្រៅប្រទេសរបស់ប្រជាជនវៀតណាម ព្រោះក្រៅពីអំណោយផលនៃផ្លូវធ្វើដំនើរ ទីកន្លែង
កំសាន្តដ៏សំបូរបែប ប្រទេសកម្ពុជាជាប្រទេសមួយដែលមានប្រជាជនវៀតណាម មករស់
នៅយ៉ាងច្រើនកុះករ ចំនែករបៀបរបបក្នុងការរស់នៅប្រចាំថ្ងៃមានការប្រហាក់ប្រហែលគ្នា
ផងដែរ ។

កាលពីឆ្នាំ 2010 កន្លងទៅមានភ្ញៀវទេសចរវៀតណាមប្រមាណជា 5សែននាក់បានមក
ទស្សនាប្រទេស កម្ពុជាស្ថិតនៅលំដាប់ទីមួយក្នុងចំនោមភ្ញៀវអន្តរជាតិទាំងឡាយដែល
បានមកទស្សនាប្រទេសកម្ពុជា ៕







ដោយ៖ រដ្ឋា

Tags: