CamNews

គ្រោះថ្នាក់ 

ឃ្លានខ្លាំងពេក ស្ដ្រីម្នាក់ហូបទាំងថង់ផ្លាស្ទិចដើម្បីចម្អែតក្រពះ

ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រទះឃើញជ័រជាច្រើនក្នុងពោះរបស់ស្ដ្រីវ័យ ៥២
ឆ្នាំម្នាក់ នៅក្នុងរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា។

យោងតាម Oddity Central ស្ដ្រីម្នាក់ដែលមានឈ្មោះថា Tara Devi ត្រូវបានអ្នកភូមិយកទៅកាន់
មន្ទីរពេទ្យសង្គ្រោះបន្ទាន់ បន្ទាប់ពីមានអាការឈឺចាប់ខ្លាំង។

បន្ទាប់ពីបានពិនិត្យដោយការថតឆ្លុះអេកូ ក្រុមគ្រូពេទ្យបានឃើញក្នុងក្រពះរបស់អ្នកជម្ងឺនេះ មាន
របស់មួយដុំធំដែលគេសង្ស័យថាជាសក់។ ក្រុមគ្រូពេទ្យក៏បានសម្រេចចិត្តធ្វើការវះកាត់ដើម្បីយក
របស់នេះចេញ។

នៅពេលវះកាត់ ក្រុមគ្រូពេទ្យបានរកឃើញរបស់ចម្លែកដែលមិនមែនជាសក់ ប៉ុន្តែ វាជាស្រទាប់ជ័រ
ក្រាស់ដែលមានប្រភពមកពីថង់ផ្លាស្ទិច។ ស្រទាប់ជ័រនេះ មានប្រវែងដល់ទៅ ២,១ម៉ែត្រ បណ្ដាល
ឱ្យស្ទះពោះវៀនរបស់អ្នកជម្ងឺ។

ដោយសារតែអ្នកជម្ងឺពិការភ្នែក និងថ្លង់ ដូច្នេះ ការស្វែងយល់អំពីមូលហេតុដែលនាំឱ្យមានស្រទាប់
ជ័រនេះនៅក្នុងពោះ ជួបការលំបាក។

អ្នកភូមិដែលបាននាំអ្នកជម្ងឺ Tara Devi មកកាន់មន្ទីរពេទ្យ បាននិយាយថា អ្នកជម្ងឺនេះមានជីវភាព
ក្រីក្រ រស់នៅតែម្នាក់ឯងក្នុងរយៈពេលរាប់សិបឆ្នាំមកហើយ។

ប្រភពព័ត៌មានឱ្យដឹងថា អ្នកស្រី Tara Devi បានហូបទាំងថង់ជ័រក្នុងរយៈពេលច្រើនឆ្នាំមកនេះ។ 
ថ្មីៗនេះ ស្ដ្រីរូបនេះ បានជួបបញ្ហាសុខភាពធ្ងន់ធ្ងរ មិនមានអាការឃ្លានអាហារ ខណៈដែលដៃជើង
ឡើងហើម។

ទំព័រ The Tribute បានចុះផ្សាយថា ស្ដ្រីរូបនេះ ហាក់មិនបានហូបអ្វីទាំងអស់ក្រៅតែពីទឹក ចាប់ពី
ខែកក្កដាឆ្នាំ ២០១៦។

ការវះកាត់ខាងលើត្រូវបានធ្វើឡើងដោយជោគជ័យ។ ក្រុមគ្រូពេទ្យបានយកស្រទាប់ជ័រចេញពី
ក្រពះរបស់អ្នកជម្ងឺ។ ស្ថានភាពជម្ងឺរបស់អ្នកស្រី Tara Devi បានល្អប្រសើរឡើងវិញហើយ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Oddity Central


Tags: ចម្លែក ឥណ្ឌា Tara Devi