យោងតាមលិខិតផ្លូវការមួយ ដែលចេញផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសូងខាងលើ បានស្ម័គ្រចិត្ដបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនរបស់លោកជូនដល់ គណកម្មាធិការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាត នៅក្នុងពិភពលោក ។
សន្ដានចិត្ដប្រកបដោយក្ដីសប្បុរសរបស់ឯកឧត្ដម ឆ្លុះបង្ហាញឱ្យឃើញពី ក្ដីព្រួយបារម្ភ និងការយកចិត្ដទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាវវិបត្ដិ ដែលកំពុងកើតមាន ។
ថ្លែងនៅក្នុងលិខិតនោះ ឯកឧត្ដម ជា សុផារ៉ា បានមានប្រសាសន៍ថា៖ “ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្ដរីករាលដាល ខ្ញុំសូមផ្ដល់ប្រាក់បៀវត្សរបស់ខ្ញុំជាឧបនាយករដ្ឋមន្រ្ដីចំនួន ៧ ខែ ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២០ ជូនគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ (COVID-19) តាមការគួរ” ។
គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០ នេះ យោងតាមលិខិតជូនដំណឹងរបស់ក្រសួងសុខាភិបាល អ្នកជំងឺកូវីដ ១៩ បានជាសះស្បើយចំនួន ៣៤ នាក់ រកឃើញអ្នកឆ្លងជំងឺខូវីដ ១៩ មួយ(០១) ករណីបន្ថែមទៀត និងបន្ដការព្យាបាលជូនអ្នកជំងឺនេះ ៧៦ នាក់ នៃចំនួនអ្នកឆ្លងសរុប ១១០ នាក់ ៕
អត្ថបទ៖ សារ៉ាត