CamNews

កីឡាជាតិ 

BTV Cup៖ បឹង​កេត ប៉ះ​កូរ៉េ​ខាង​ត្បូង​ម៉ោង ៤​ល្ងាច​នេះ ក្រោយ​លត់​ម្ចាស់​ផ្ទះ ២-០

(ភ្នំពេញ)៖ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ នឹងត្រូវជួបក្រុមសាកលវិទ្យាល័យនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង Korea University Selection Team នាវេលាម៉ោង ៤ល្ងាចថ្ងៃទី០៥ ខែធ្នូនេះ នៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម ដែលជាប្រកួតទី២ បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានលត់ក្រុមម្ចាស់ផ្ទះវៀតណាម Becamex Binh Duong ដោយលទ្ធផល ២-០ នៅថ្ងៃបើកឆាកពូលA នៃពាន BTV Cup 2016 កាលពីចុងសប្ដាហ៍មុន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូចុងសប្ដាហ៍មុននេះ ក្រុមបឹងកេតអង្គរ ធ្វើបានយ៉ាងល្អក្នុងការប្រកួតដំបូងនៃពូលA ដោយបានយកឈ្នះក្រុម Becamex Binh Duong ២-០ ដើម្បីទទួលបាន ៣ពិន្ទុពេញតែម្ដង។ ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុកយ៉ាងខ្លាំង ប៉ុន្ដែមិនអាចធ្វើអ្វីក្រុមបឹងកេតអង្គរបាន ដោយសារការរារាំងពីសំណាក់អ្នកចាំទីជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី និងខ្សែការពារដ៏រឹងមាំរបស់ខ្លួន។

ប៉ុន្ដែផ្ទុយទៅវិញ ក្រុមបឹងកេតអង្គរ បានបង្កើតឱកាសរកគ្រាប់បាល់ជាច្រើនលើកនៅដើមតង់ទី១ តែធ្វើមិនបានសម្រេច រហូតដល់តង់ទី២ ទើបកីឡាករបរទេស ២រូប បានទាត់បាល់បំប៉ោងសំណាញ់ទីក្រុង Becamex Binh Duong គឺមានខ្សែប្រយុទ្ធចំណូលថ្មី Oiboh Julius ដែលទើបផ្លាស់មកពីក្លឹបសមាជិកលីគកំពូលថៃ និងកីឡាករ Dzarma Bata ដើម្បីជួយបឹងកេតបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ ២-០ ជាលើកទី២ តែម្ដង។

ដោយឡែកចំពោះការប្រកួតរវាងក្រុមបឹងកេតអង្គរ និងក្រុម Korea University Selection Team ល្ងាចនេះវិញ គឺជាជំនួបដ៏ពិសេសមួយ ដោយសារក្រុមទាំងពីរទាមទាឈ្នះរៀងៗខ្លួន ដើម្បីបង្កើនឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមសាកលវិទ្យាល័យកូរ៉េខាងត្បូងនេះ ក៏មាន ៣ពិន្ទុក្នុងដែរ ។ អាស្រ័យនេះ បើក្រុមណាមួយបន្ដទទួលបានជ័យជម្នះ គឺបានន័យថាក្រុមនោះ នឹងមានសង្ឃឹមខ្ពស់ឡើងវគ្គបន្ដ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង