យោងតាម លិខិតផ្លូវការមួយ ដែលបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២០ ម្សិលម៉ិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបរិច្ចាគប្រាក់បៀវត្សរបស់លោក ក្នុងតួនាទីជានាយដ្ឋមន្រ្ដី ចំនួន ៧ ខែ ដល់គណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺខូវីដ១៩( COVID 19) រាប់ចាប់តាំងពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២០ ។
ទឹកចិត្ដដ៏សប្បុរសរបស់លោក បង្ហាញឱ្យឃើញពីក្ដីបារម្ភ និងការយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបវិបត្ដិធ្ងន់ធ្ងរ ដោយសារជំងឺខូវីដ ១៩ ។
លិខិត ដែលបានចុះផ្សាយ នៅលើទំព័រហ្វេសរបស់សម្ដេចនាយករដ្ឋមន្រ្ដី មានខ្លឹមសារថា៖ “ ដោយសារតែស្ថានភាពនៃការវិវត្ដន៍របស់ជំងឺខូវីដ១៩(COVID) នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ ខ្ញុំសូមសម្ដែងនូវសមានចិត្ដតាមរយៈការស្ម័គ្រចិត្ដជូនទៅគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺខូវិដ ១៩ (COVID 19) នូវប្រាក់បៀវត្សរបស់ខ្ញុំជានាយករដ្ឋមន្រ្ដី ចំនួនស្មើនឹង ៧ ខែ ដោយរាប់ចាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០” ។
នេះគឺជា សមានចិត្ដដ៏មានតម្លៃ សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ដែលកំពុងតែជួបបញ្ហា ដោយសារការរផ្ទុះឡើងនៃជំងឺ ខូវីដ ១៩ ៕
អត្ថបទ៖ សារ៉ាត