CamNews

ព័ត៌មានជាតិ 

ប្រជាជនកម្ពុជាកំពុងទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ដែលជាមធ្យោបាយថ្មីក្នុងការទូទាត់

ភ្នំពេញ៖ នៅថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2019 នេះ ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជាកំពុងតែទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន 43% លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់វីសាកាត និងមានការកើនទ្បើងរហូតដល់ 58% បើគណនាលើចំនួនប្រតិបត្តិការ។


 ទិន្នន័យនេះបានមកពីការប្រៀបធៀបលើការចំណាយរវាងឆ្នាំ 2017 ដល់ឆ្នាំ 2018  យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការបង់ប្រាក់របស់អតិថិជនប្រើប្រាស់វីសាកាត ក្នុងឆ្នាំ 2018 ។ តាមរយៈការសិក្សានេះបានរកឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា 54% ជឿជាក់ថាសេដ្ឋកិច្ចនឹងរីកចម្រើនវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខនេះ។


 តាមរយៈការសិក្សានេះក៏បានរកឃើញផងដែរថា អតិថិជនអ្នកប្រើប្រាស់បានមើលឃើញ និងបានព្យាករណ៍ថា ការទូទាត់ប្រាក់តាមរយៈអេឡិចត្រូនិកទំនងជាត្រូវបានប្រើប្រាស់នាពេលអនាគត ក្នុងនោះពួកគេរំពឹងថាការទូទាត់បែបនេះនឹងត្រូវបានប្រើប្រាស់នៅតាមបណ្តាផ្សារទំនើប 79%  ហើយ 61% នៅក្នុងផ្សារទំនើបធំៗ និង 49% នៅក្នុងហាងទំនិញជាច្រើនទៀត។


 អ្នកស្រី​ ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា "ប្រជាជនកម្ពុជាមានភាពសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ច ដោយយោងទៅលើ​ការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ថាមានកំណើន GDP 7% នៅឆ្នាំនេះ និង មានការថយចុះក្រោម 7% បន្តិចនៅឆ្នាំក្រោយ ។ ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះ បានធ្វើឲ្យយើងមានការរំពឹងទុកថាប្រព័ន្ធនៃការទូទាត់ប្រាក់របស់ប្រទេសយើង នឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកឯក្រុមហ៊ុនវីសា ក៏មានការរំភើបរីករាយក្នុងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ​ បណ្តាពាណិជ្ជករ​ និងអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត។


ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះនៃការទទួលយកបច្ចេកវិទ្យាទូទាត់ប្រាក់បែបថ្មីនេះផងដែរ តាមរយៈការស្រាវជ្រាវ បានបង្ហាញថា 24% នៃអ្នកដែលត្រូវបានស្ទង់មតិ ចាប់អារម្មណ៍ទៅលើការទូទាត់តាមរយៈ ទូរស័ព្ទដៃ​ ដោយក្នុងនោះ 1/3 មានចំណាប់អារម្មណ៍ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ។ បើយើងងាកមកនិយាយពីការបង់ប្រាក់តាមរយៈទូរស័ព្ទដៃវិញ​ ការសិក្សាមួយនេះក៏បានរកឃើញដែរថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ​ទៅលើផលិតផល និងសេវាកម្មឈានមុខមួយចំនួនទាក់ទងនឹងផ្នែកសុខភាព កីឡា ការទិញលក់រាយ ការកំសាន្តនិង ដំណើរទេសចរណ៍ ជាដើម។


 មួយភាគបីនៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើនដោយក្រុមហ៊ុន​ វីសា នៅកម្ពុជា កាលពីចុងឆ្នាំមុន។ មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់នៅក្នុងហាងទំនិញជាង 1,326 កន្លែង ដែលចំនួននេះកើនឡើងទ្វេដងបើប្រៀបធៀបជាមួយនឹងចំនួននៃហាងទំនិញនៅពេលដែលបច្ចេកវិទ្យានេះទើបត្រូវបានដាក់ឱ្យដំណើរការ។


អ្នកស្រី​ ម៉ូនីកា​ បានបន្ថែមទៀតថា​ “យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការទទួលយកបរិបទថ្មីទាក់ទងនឹងការទូទាត់ប្រាក់តាមរយៈឌីជីថល។​ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាល​និង​ ធនាគារជាដៃគូរបស់យើង ក្នុងការណែនាំនូវការទូទាត់ប្រាក់តាមរយៈភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត​ និង ងាយស្រួល ព្រមទាំងមានសុវត្ថិភាព ​ក្នុងការបង់ប្រាក់ និង ទទួលប្រាក់ សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។


គួរបញ្ជាក់ផងដែរថា Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីក         ចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត៕ 


ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.

 

 ព័ត៌មានបន្ថែម សូមទាក់ទងមក:

គ្រី សុវណ្ណារី

ក្រុមហ៊ុន Red Dot, តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ +85511733368

អ៊ីម៉ែល   nary@reddot.com.kh

ត្រាងង្វៀន (Trang Nguyen)   
ក្រុមហ៊ុន Visa Worldwide Pte. Limited       
ទូរស័ព្ទ (84) 28 3520 7439
អ៊ីម៉ែល   trang.nguyen@visa.com  

               


 


 

អត្ថបទ៖ សារ៉ាត