CamNews

របាយ​ការណ៍​ថ្មី៖ «យន្ត​​ហោះ ​EgyptAir flight 804 គ្មាន​បញ្ហា​បច្ចេក​ទេស​នោះ​ឡើយ ពេល​ហោះ​ចេញ»

(អេហ្ស៊ីប)៖ ក្រុមបច្ចេកទេស នៃអាកាសយានដ្ឋាន Charles de Gaulle Airport ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហាញរបាយការណ៍ ចុងក្រោយរបស់ខ្លួនថា មុនពេលហោះចេញ ពីព្រលាន យន្តហោះអេហ្ស៊ីប ត្រូវបានក្រុមពីឡុត និង ភ្នាក់ងារបច្ចេកទេស ធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ប៉ុន្តែគេពុំបានរកឃើញបញ្ហា បច្ចេកទេសអ្វីឡើយ សូម្បីតែបន្តិច។ នេះបើតាមការផ្សាយ របស់សារព័ត៌មានក្នុងស្រុក អេហ្ស៊ីប Al-Ahram នាព្រឹកថ្ងៃ ពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦។

បន្ទាប់ពីការហោះឡើង មិនបានប៉ុន្មានផង EgyptAir flight 804 បានបញ្ជូនសារអេឡិចត្រូនិក ចំនួន១១ លើកមកកាន់អាកាសយានដ្ឋាន ចាប់ផ្តើមពីវេលាម៉ោង ៩៖០៩នាទីយប់ ថ្ងៃទី១៨ ខែឧសភា ម៉ោងនៅក្នុងតំបន់។ សារចំនួនពីរដំបូង បានបង្ហាញថាម៉ាស៊ីនរបស់យន្តហោះ ដំណើរការជាធម្មតា។ សារជាលើកទីបីត្រូវបានផ្ញើមក នៅវេលាម៉ោង ០០៖២៦នាទី នៅថ្ងៃទី១៩ ខែឧសភា ដែលបង្ហាញពីការ កើនឡើងកម្តៅនៅបង្អួចរបស់បន្ទប់ពីឡុត ដែលបញ្ជាយន្តហោះ។

បន្ទាប់ពីការផ្ញើសារជាបន្តបន្ទាប់ នៅរយៈពេល ៣នាទីបន្ថែមទៀត សរុបមាន១១សារនោះ យន្តហោះក៏បានបាត់ចេញ ពីប្រព័ន្ធរ៉ាដាតែម្តង។ របាយការណ៍ថ្មីនេះ នឹងនាំឲ្យក្រុមអ្នកវិភាគ តាមដានធ្វើការវិភាគទិន្នន័យ ឡើងវិញ រកមូលហេតុធ្លាក់របស់យន្តហោះ ពិតប្រាកដ៕



ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: international news Charles de Gaulle Airport EgyptAir flight 804