CamNews

ទេសចរណ៍ 

ទស្សនាជ្រលងមេអំបៅនៅឯ Oludeniz

ជ្រលងមេអំបៅ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅប្រជុំសមុទ្រមេឌីទែរ៉ានេ និងជា
កន្លែងដែលផ្តល់ភាពក្សេមក្សាន្តបំផុតសំរាប់ពួកហ្វូងមេអំបៅប្រមាណជា ៨០ ប្រភេទ ។
ចាប់ពីខែ មិថុនា ដល់ខែកញ្ញា គឺជាខែបន្តពូជរបស់មេអំបៅទាំងនោះ ។ ភ្ញៀវទេសចរណ៍
ទាំងឡាយនឹងមានឱកាសទស្សនានូវហ្វូងមេអំបៅដ៏ច្រើន និង ដ៏កម្រនៅជ្រលងនេះ ។

ជ្រលងមេអំបៅនេះមានទីតាំងស្ថិតនៅជិតទីក្រុងតូចមួយមានឈ្មោះថា Oludeniz នៃខេត្ត
Mugla លើឆ្នេរសមុទ្រស្ថិតនៅទិសនិរតីនៃប្រទេស ទួគី ។ ជ្រលងមេអំបៅនេះគឺជាជ្រលង
ដ៏ជ្រៅ និងគួរអោយទាក់ទាញបំផុត ដែលមានចំណោតផ្ទាំងថ្មកំពស់ ៣៥០ ម៉ែត្រ និងលាត
សន្ធឹងប្រវែង ពី ៣ទៅ ៤គីឡូម៉ែត្រ ។


ជ្រលងនេះមានទីកន្លែងទឹកធ្លាក់មួយកន្លែងដែលនៅពីក្រោមទឹកធ្លាក់នោះមានពូជផ្កាមួយ
ប្រភេទដែលមានក្លិនដ៏ក្រអូប ។ ដោយសារមានការជួយពីជំនោរខ្យល់បក់ បានធ្វើអោយ
ផ្កានេះបញ្ចេញក្លិនពិដោរទៅសព្វគ្រប់ទីកន្លែងនៃជ្រលង ។ ដោយលក្ខណៈពិសេសនេះ
ហើយបានធ្វើអោយទីកន្លែងនេះសំបូរដោយសត្វមេអំបៅជាច្រើនប្រភេទ និង មិនមានសត្វ
ផ្សេងមកធ្វើការអុកឡុកផងដែរ ។


ដើម្បីធ្វើដំណើរទៅកាន់ទីជ្រលងមេអំបៅនេះ ជាទូទៅគេជ្រើសរើសមធ្យោបាយធ្វើដំនើរ
ដោយ កប៉ាល់ និងចាប់ចេញដំនើរពីបឹងទឹកប្រៃក្នុងទីក្រុង Oludeniz និង ត្រូវចំណាយពេល
ប្រមាណជា ៣០នាទី ទើបទៅដល់ជ្រលងមេអំបៅនោះ ។ អ្នកបើកបរកប៉ាល់ទាំងឡាយ
តែងតែបានចូលចតនៅឯរូងភ្នំមួយដែលគេហៅថា រូងភ្នំពណ៌ខៀវ មួយរយៈពេលខ្លីដើម្បី
ផ្តល់ពេលវេលាសំរាប់អ្នកដែលចេះហែលទឹក ។ ប្រសិនជាលោកអ្នកចេះហែលទឹក សុំកុំ
បោះបង់ឱកាសនេះចោល និងហែលចូលទៅក្នុងរូងភ្នំនោះដើម្បីទស្សនាទិដ្ឋភាពដ៏ស្រស់
ស្អាតនៃរូងភ្នំ ។

ជ្រលងមេអំបៅ ស្ថិតនៅកំពូលភ្នំ Babadag កំពស់ ២០០០ ម៉ែត្រ ដោយឡែកប្រសិនជា
ភ្ញៀវទេសចរណ៍ទាំងឡាយចង់ទស្សនាទិដ្ឋភាពទាំងស្រុងនៃកំពូលភ្នំនេះ គឺត្រូវធ្វើដំនើរ
ដោយយន្តហោះធុនស្រាល ជាមធ្យោបាយប្រសើរបំផុត ។

មានផ្លូវពីរដែលឆ្ពោះទៅកាន់កន្លែងទឹកធ្លាក់ និង ភូមិ Faralya ។ នៅលើដងផ្លូវដំបូងលោក
អ្នកនឹងបានទស្សនានូវទិដ្ឋភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវ រួមទាំងបានស្រង់ក្លិនដ៏ក្រអូប
នៃផ្កា ក៏ដូចជាស្មៅផងដែរ ។ ធ្វើដំណើរកាន់តែជ្រៅចូលទៅតំបន់ជ្រលងដែលអមដោយ
ផ្ទាំងថ្ម ប្រសិនមានសំណាងភ្ញៀវទាំងឡាយ នឹងបានជួបនូវហ្វូងមេអំបៅយ៉ាងច្រើន ហើរ
នៅជិតៗ ដៃរបស់ខ្លួន ។ ហើយកុំភ្លេចយកម៉ាស៊ីនថតទៅជាមួយផង ដើម្បីផ្តិតយករូបភាព
ដ៏កម្រជួបប្រទះនេះ ។

ផ្លូវទីពីរ នឹងនាំភ្ញៀវទាំងឡាយទៅកាន់ភូមិ គឺមានសភាពទេរចោតខ្លាំង ដែលតំរូវអោយ
យកទៅជាមួយនូវខ្សែរពួរមួយដង្វាយជាមួយផងដោយខានពុំបាន ព្រោះដើម្បីអោយដល់
ទៅដៅ និង នៅពេលជួបការលំបាកគឺត្រូវការជំនួយពីខ្សែរនោះ ។ ផ្លូវទីពីរនេះប្រឈមនឹង
គ្រោះថ្នាក់បំផុត ហើយវាសមស្របតែជាមួយអ្នកដែលមានចំណូលចិត្តធ្វើដំណើរផ្សងព្រេង
ប៉ុណ្ណោះ ។ នៅពេលដែលឡើងកាន់តែខ្ពស់ទេសចរទាំងឡាយអាចមើលឃើញកាន់តែ
ច្បាស់ពីទិដ្ឋភាពដ៏អស្ចារ្យ ជាពិសេសហ្វូងនៃមេអំបៅ ។


ហើយទីបំផុតភ្ញៀវទាំងឡាយនឹងធ្វើដំណើរទៅដល់ភូមិតូចមួយដែលមាន សរសេរអក្សរថា
George House ដែលជានិមិត្តសញ្ញាក្នុងការសា្វគមន៍ ។ George House គឺជាគេហដ្ឋានបែប
សាមញ្ញ និង មានការរចនាដូចៗគ្នា តាំងនៅលើថ្ម បែរមុខទៅកាន់ទីមានទឹកធ្លាក់ ។ នៅ
ទីនេះភ្ញៀវទាំងឡាយនឹងបានទស្សនាទិដ្ឋភាពទាំងស្រុងនៃជ្រលង ក៏ដូចជាភូមិទាំងមូល
ផងដែរ ។


ការធ្វើដំណើរត្រលប់ពីភូមិទៅកាន់ជ្រលងវិញ គឺជាបញ្ហាដ៏លំបាកមួយសំរាប់អ្នកដែលមាន
រោគខ្សោយបេះដូង ពីព្រោះមានកន្លែងជាច្រើនតំរូវអោយដាក់ខ្សែរដើម្បីជំនួយ ។ប៉ុន្តែពេល
ដែលចុះមកដល់ជ្រលងវិញ ភ្ញៀវទាំងឡាយនឹងបានឃើញ តង់ជាច្រើន ក៏ដូចជាកប៉ាល់
ជាច្រើនចតនៅឯឆ្នេរសមុទ្រ ។ នៅទីនោះភ្ញៀវទាំងឡាយអាចងូតទឹកកំសាន្ត រឺក៏ដេកហាល
ថ្ងៃ បានផងដែរ ។


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរណ៍ទាំងឡាយដែលបានធ្វើដំណើរទៅកាន់ជ្រលង
មេអំបៅ មិនគ្រាន់តែទស្សនាទេសភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រ ប៉ុណ្ណោះទេ តែពួកគេ
ថែមទាំងបានស្នាក់នៅទីនោះដើម្បីសិក្សាស្រាវជ្រាវ និង ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃ
ធម្មជាតិ និង សត្វទាំងឡាយ ដែលក្នុងនោះរួមមានទាំងអ្នកស្រាវជ្រាវ ខាងផ្នែកជីវសាស្រ្ត
ធម្មជាតិ និងស្រាវជ្រាវអំពីជីវិតនៃហ្វូងមេអំបៅនៅទីនោះផងដែរ ។





ការអភិវឌ្ឍន៍ផ្នែកសំណង់នៅទីនេះត្រូវបានហាមឃាត់ ដូចនេះចំពោះអ្នកដែលចង់ស្នាក់នៅ
ឆ្លងថ្ងៃគឺត្រូវយកទៅជាមួយនូវសំភារៈ សំរាប់សំរាកផ្ទាល់ខ្លួន រួមមាន តង់ជាដើម ប្រសិនជា
មិនបាននាំយកទៅជាមួយទេ គឺត្រូវយកស្លឹកឈើមកក្រាល ដើម្បីធ្វើជាកំរាលសំរាប់ដេក ។
នៅពេលរាត្រីមានការដុតភ្នក់ភ្លើង នៅលើឆ្នេរ និងអង្គុយគយគន់ផ្ទៃមេឃ និង ផ្កាយប្រកប
ដោយភាព រ៉ូមែនទិច ។

គ្មានអគ្គីសនី ទូរស័ព្ទ ទូរទស្សន៍ រឺ សំណង់អាគារខ្ពស់ៗ នៅឯជ្រលងមេអំបៅ តែនៅទីនេះ
នៅតែបានបង្ហាញយ៉ាងច្បាស់ពីការរីកចំរើនខាងផ្នែកទេសចរណ៍ ដោយមិនពឹងផ្អែកលើ
សំភារៈទាន់សម័យ ។

ជាប្រទេសដែលមានទីតាំងស្ថិតនៅទីប្រសព្វនៃទ្វីបបី និង ជាទីកន្លែងដែលប្រជុំដោយពពួក
សត្វ ដ៏សំបូរបែប ដែលក្នុងចំណោមនោះរួមមានទាំងពពួកសត្វមេអំបៅដ៏កម្រ នៃទឹកដីនៃ
ប្រទេស ទួគី ។ គឺជាភស្តតាងបញ្ជាក់យ៉ាងច្បាស់ពីជីវសាស្រ្តដ៏សំបូរបែបដែលស្ថិតនៅ
ក្រោមការគ្រប់គ្រង​ក្នុងប្រទេសមួយនេះ ។

ប្រសិនជាភ្ញៀវទាំងឡាយមិនចង់សំរាកនៅជ្រលងនោះទេ ពួកគេអាចសំរាកនៅសណ្ឋាគារ
ឯក្រុង Oludeniz ក៏បាន ។ ដែលនៅសណ្ឋាគារទាំងនោះនឹងផ្តល់ជូននូវសេវាកម្ម ជាទីពេញ
ចិត្ត មិនធ្វើអោយទេសចរណ៍ទាំងឡាយខកបំណងឡើយ ។

ជ្រលងមេអំបៅ គឺជាកាដូយ៉ាងពិសេសដែលធម្មជាតិបានតាក់តែងឡើងសំរាប់ទីក្រុង
Oludeniz និយាយដោយឡែក និង សំរាប់ប្រទេស ទួគី និយាយជារួម ៕

(ពី Zing )
យ៉ាវីន

Tags: