ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យសិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី ១២ ទាំងអស់ឱ្យបានជ្រាបថា៖ ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្តល់អាហាររូបករណ៍ដល់សិស្សទូទៅ សិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ សិស្សអាទិភាពតំបន់ជួបការលំបាក និងសិស្សជាប់ចំណាត់ថ្នាក់ពូកែទូទាំងប្រទេស ប៉ុន្ដែឆ្នាំនេះ ក្រសួងសម្រេចផ្ដល់អាហារូបករណ៍ ១០០ % ដល់ជនពិការ ឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ ។
សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក...) ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបានផ្តល់អាហារូបករណ៍ ដូចមានចែងក្នុងកូនសៀវភៅកម្រងព័ត៌មានអាហាររូបករណ៍ សម្រាប់ឆ្នាំ ២០១៩-២០២០ មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ចុះថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ និងទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ៧ ខែឧសភានេះ ។
ក្រសួងបញ្ជាក់ថា ដើម្បីទទួលបានអាហាររូបករណ៍នេះ បេក្ខជនត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ។ បេក្ខជនអាចទៅទទួលសំណុំពាក្យសុំពីវិទ្យាល័យ ដែលកំពុងសិក្សា និងត្រូវដាក់ពាក្យនៅតាមវិទ្យាល័យរបស់ខ្លួនយ៉ាងយូរត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ ៕