រាជធានីភ្នំពេញ, ថ្ងៃទីពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ - សមាគមធនាគារនៅកម្ពុជា និង ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេ នៅក្នុងពិភពលោក និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខា ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បី ទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV chip ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។
កិច្ចព្រមព្រៀងនេះផ្តល់ជូនដល់សមាជិកសមាគមធនាគារនៅកម្ពុជា អាចប្រើប្រាស់ជាមួយនឹងស្តង់ដារបន្ទះឈីបសុវត្ថិភាព Visa’s EMV® និងកម្មវិធីសម្គាល់អ្នកប្រើប្រាស់រួម [Application Identifier (AID)] ពីធនាគារអេស៊ីលីដា សម្រាប់ប្រភេទកាតប្រើទូទាត់ក្នុងស្រុក កាតម៉ាស៊ីនអេធីអឹម និងនៅកន្លែងលក់ដូរផ្សេងៗ ដើម្បីធានាបានថាពួកគេនឹងទទួលបាននូវស្តង់ដារឈីបដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា "នៅពេលបញ្ចប់ការផ្លាស់ប្តូរ ធនាគារ និងធុរកិច្ចក្នុងស្រុកនឹងទទួលបានការការពារយ៉ាងខ្ពស់ប្រឆាំងនឹងការក្លែងបន្លំ ហើយប្រាកដជាលែងក្លាយជាគោលដៅនៃការលួច និងរំលោភបំពានទិន្នន័យតទៅទៀតដែរ។ តាមរយៈការទទួលយក Visa’s EMV chip យើងនឹងអាចពង្រឹងប្រតិបត្តិការក្នុងស្រុក និងតាមបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើងដែលផ្តល់នូវសុវត្ថិភាពកាន់តែច្រើនក្នុងការផ្តល់ សេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស ។"
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា "អ្នកកាន់តែមានជំនឿចិត្តនូវគ្រប់ប្រតិបត្តិការទាំងអស់។ ដោយសារការទូទាត់តាមរយៈឌីជីថលមានការរីកចម្រើននៅក្នុងប្រទេស យើងបានធ្វើការប្តេជ្ញាចិត្ត ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាជន កម្ពុជា នៅពេលដែលពួកគាត់ធ្វើប្រតិបត្តិការ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដាក់ឲ្យមានការប្រើប្រាស់ Visa’s EMV chip standards សម្រាប់ធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ខណៈយើងធ្វើការរួមគ្នាដើម្បីរក្សាស្តង់ដាសុវត្ថិភាពអោយខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។”
ចំពោះកាត EMV មានបង្កប់នូវ microprocessor ដែលបង្កើតកូដប្រតិបត្តិការថ្មីរាល់លើក នៅពេលដែលកាតត្រូវបានប្រើប្រាស់។ ដំណោះស្រាយឈានមុខនៃការប្រឆាំងនឹងការក្លែងបន្លំនេះ ផ្តល់ជូននូវសុវត្ថិភាពដ៏រឹងមាំដែលប្រភេទកាត magnetic stripe ពីមុនមិនមាន។
លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១នៃធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ”យើងសូមសរសើរដល់ ក្រុមហ៊ុនវីសា និងសមាគមធនាគារនៅកម្ពុជា សម្រាប់ការសហការរបស់ពួកគេក្នុងការពង្រឹងសន្តិសុខក្នុងការទូទាត់នៅក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាជំរុញអនាគតនៃការទូទាត់គ្មានសាច់ប្រាក់សម្រាប់ប្រទេសកម្ពុជាដែលឈរលើហេដ្ឋារចនាសម្ពន្ធ័ទូទាត់លំដាប់ពិភពលោក ហើយការប្រកាសថ្ងៃនេះគឺជាជំហានសំខាន់ក្នុងការសម្រេចនូវចក្ខុវិស័យនេះ”។
ប្រទេសកម្ពុជាបន្តទទួលបានកំណើនយ៉ាងរឹងមាំនៃការទូទាត់តាមប្រព័ន្ធឌីជីថល ហើយក៏មានការកើនឡើងនូវចំណង់ចំណូលចិត្តក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ ដើម្បីទទួលយកវិធីសាស្រ្តទូទាត់បែបថ្មីនេះ។ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់វីសាកាត ឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាពកើនឡើង ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា 54% ជឿជាក់ថាសេដ្ឋកិច្ចនឹងវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំ ខាងមុខនេះ។
លើសពីនេះទៀតដើម្បីជួយដល់ធនាគារក្នុងស្រុកជាមួយនឹងការពង្រឹងក្នុងការប្រើប្រាស់ EMV chip standards ក្រុមហ៊ុន វីសា តែងតែបន្តការអភិវឌ្ឍយុទ្ធសាស្រ្តនានា ដែលត្រូវបានរចនាឡើង ដើម្បីគ្របគ្រងហានិភ័យ និងភាពច្នៃប្រឌិត។ ក្នុងនោះផងដែរ វាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការទប់ស្កាត់ការក្លែងបន្លំ ការការពារអតិថិជនពីការគំរាមកំហែង ហើយភាពជាដៃគូនេះហើយដែលអនុញ្ញាតឱ្យក្រុមហ៊ុន វីសា បង្កើតនូវប្រព័ន្ធសុវត្ថិភាពដែលត្រូវបានណែនាំដោយបច្ចេកវិទ្យាច្នៃប្រឌិត ដូចជា EMV chip នេះ។
ក្រុមហ៊ុន វីសា រួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាណិជ្ជកម្មរបស់ខ្លួនបានវិនិយោគជាប្រចាំនៅលើការរីកចម្រើនលើការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ហើយនេះបានរួមបញ្ចូលទាំងផលិតនិងការប្រើប្រាស់កាតបន្ថែម ការអប់រំដល់អ្នកប្រើប្រាស់និងអាជីវកលើអត្ថប្រយោជន៍នៃការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងការណែនាំអំពីការ ច្នៃប្រឌិតថ្មីៗទាក់ទងទៅនឹងការទូទាត់ដូចជាការទូទាត់តាមរយៈការស្កេន QR កូដជាដើម។
បន្ទះឈីបស្តង់ដារ EMV ជាស្តង់ដារឧស្សាហកម្មជាសកលសម្រាប់ប្រតិបត្តិការទូទាត់ដ៏មានសុវត្ថិភាពត្រូវបានបង្កើតឡើងដោយ EMVCo ដែលជាកម្មសិទ្ធិរួមគ្នារបស់ American Express, Discover, JCB, MasterCard, UnionPay និង Visa ។
###
អំពីសមាគមធនាគារនៅកម្ពុជា(ABC)
សមាគមធនាគារនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាប័នផ្លូវការតំណាងឲ្យវិស័យធនាគារឯកជននៅកម្ពុជា។ ក្នុងឆ្នាំ១៩៩៧ ABC ត្រូវបានទទួលស្គាល់ជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រី។ ABC បានក្លាយជាសមាជិកទី៨ នៃសមាគមធនាគារអាស៊ាន (ABA) នៅក្នុងឆ្នាំ១៩៩៩។ ABC ត្រូវបានដំណើរការក្រោមក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ នឹងមាត្រា នានាដែលត្រូវបានអនុម័តនៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០០១ ព្រមទាំងបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២ ខែតុលាឆ្នាំ ២០០១។ ទីបំផុតនៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០១២ ABC បានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ។
សមាគម មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាដែលមានភាពរឹងមាំ។ អេប៊ីស៊ី បានដើរតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនា និងកិច្ចសហប្រតិបត្តិការជាមួយសមាជិកធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិនិងថ្នាក់តំបន់ដើម្បីពង្រឹងសមត្ថភាព និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់។ ដើម្បីលើកស្ទួយសុខភាពហិរញ្ញវត្ថុ និងវិជ្ជាជីវៈជំនាញរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយតុល្យភាព និងនិរន្តរភាពហើយដែលសមស្របនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
បច្ចុប្បន្ន ABC មានសមាជិកចំនួន ៦៥ រួមមានធនាគារពាណិជ្ជកម្មចំនួន ៤៥ ធនាគារឯកទេសចំនួន ១៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០១ (CMA) និងការិយាល័យតំណាងធនាគារចំនួន ០៤ ដែលមានទីតាំងនៅប្រទេសកម្ពុជា។
អំពីក្រុមហ៊ុនVisa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។
ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ usa.visa.com/aboutvisa, visacorporate.tumblr.com និង @VisaNews.
អំពីធនាគារអេស៊ីលីដាភីអិលស៊ី
សព្វថ្ងៃធនាគារអេស៊ីលីដាភីអិលស៊ី កំពុងផ្តល់ជូនសេវាកម្មធនាគារអេឡិចត្រូនិក ឥណទាន ប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ ការប្តូរប្រាក់ និងសេវាកម្មធនាគារជាច្រើនទៀត។ លើសពីនេះទៅទៀតធនាគារមានអេស៊ីលីដាយូនីធី ទាន់ចិត្ត ដែលជាកម្មវិធី FinTech ដំណើរការលើស្មាតហ្វូន អាចឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ស្ទើរតែគ្រប់ប្រភេទទាំងអស់នៃទូរស័ព្ទដៃឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធ iOS ឬ Android អាចភ្ជាប់ជាមួយសេវាកម្មអេស៊ីលីដាយូនីធីទាន់ចិត្ត។ អ្នកអាចប្រើប្រាស់លើទូរស័ព្ទចល័តគ្រប់ប្រភេទ សម្រាប់ការផ្ទេរប្រាក់តាមរយៈសេវាកម្មនេះ ។
ធនាគារអេស៊ីលីដាភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ ដែលត្រូវបានគេស្គាល់ថាអេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ធនាគារអេស៊ីលីដាឡាវ អិលធីឌី និងអេស៊ីលីដា អឹមអេហ្វអាយ ខូអិលធីឌីដែលមានការិយាល័យតំណាងនៅប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ធនាគារអេស៊ីលីដាភីអិលស៊ី មានទ្រព្យសម្បត្តិសរុបចំនួន ៦,០៨ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,៧០ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤,១៥ ប៊ីលានដុល្លារ។
សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់៖ www.acledabank.com.kh
ព័ត៌មានបន្ថែម សូមទាក់ទងមក:
For further media information, please contact:
ABC:
Sochinda CHAN (Ms.), Head of Regional Relationships
Email: sochinda.chan@abc.org.kh
Mobile: +855 93 807 338
Desk Phone: +855 23 230 611 ACLEDA Bank Plc.:
Mr. Phal Sokchamreoun,
VP & Deputy Head of Marketing Division
E-mail: phal.sokchamreoun@acledabank.com.kh
Mobile: +855 15 800 903
Visa
Trang Nguyen
Visa Worldwide Pte. Limited
Phone: +84 28 3520 7439
Email: trang.nguyen@visa.com
Sovannary Kry
Red Dot, on behalf of Visa Inc.
Phone: +855 11 733 368
Email: nary@reddot.com.kh