ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០ នេះ បានចេញលិខិតណែនាំផ្លូវការមួយ ស្ដីពីការជំរុញ និងការលើកទឹកចិត្តឱ្យមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ជួយឱ្យកូនចៅ ធ្វើស្វ័យសិក្សាតាមរយៈសៀវភៅសិក្សាគោល និងការសិក្សាពីចម្ងាយនៅតាមផ្ទះ ដោយសារតែគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ត្រូវបានធ្វើវិស្សមកាលតូចមុនកំណត់ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺខូវីដ ១៩ ។
សេចក្ដីណែនាំនោះ មានខ្លឹមសារថា៖ “ មាតាបិតា និងអ្នកអាណាព្យាបាលត្រូវ៖
- អប់រំ និងណែនាំកូនចៅ កុំឱ្យទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ ១៩ និងត្រូវថែរក្សាសុខភាព អនាម័យ លាងសម្អាតដៃនឹងសាប៊ូឱ្យបានញឹកញាប់ និងត្រឹមត្រូវតាមការណែនាំ
- បង្កលក្ខណៈ និងរៀបចំបន្ទប់សិក្សានៅតាមផ្ទះ ឱ្យបានសមស្រប និងទៅតាមលទ្ធភាព ដូចជា តុ កៅអី ក្ដារខៀន ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ និងភ្ជាប់ប្រព័ន្ធអ៊ីធើណិត
- ស្វែងរក និងសាកសួររកឯកសារបន្ថែមពីសាលារៀន ឬទាញយកឯកសារ និងវីដេអូបង្រៀនពីគេហទំព័រផ្លូវការរបស់ក្រសួង និងពីប្រភពផ្សេងៗទៀត ។ ឯកសារទាំងនោះ មានដូចជា សៀវភៅសិក្សាគោល ការផ្សាយអំពីការបង្រៀនដោយឥតគិតថ្លៃ ដែលអាចរកបាននៅតាម YouTube ផ្លូវការរបស់ក្រសួង ទំព័រ Facebook ផ្លូវការរបស់ក្រសួង និងមជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិក រួមជាមួយនឹងប្រព័ន្ធ E-School Cambodia និងប្រព័ន្ធ Wiki School ទាំងលើទូរសព្ទដៃ Android និង IOS និងការចាក់ផ្សាយតាមទូរទស្សន៍នានា ដូចជា ទូរទស្សន៍អប្សារាប៉ុស្ដិ៍លេខ១១ ទូរទស្សន៍ One TV ប៉ុស្ដិ៍លេខ៦ ទូរទស្សន៍ខ្សែកាប SkyOne ប៉ុស្ដិ៍លេខ៣៥ ទូរទស្សន៍ Wiki School ជាដើម
- រៀបចំកាលវិភាគសិក្សាជាមួយកូនឱ្យបានច្បាស់លាស់ ជាពិសេសជាមួយកូនៗ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៩-២០២០ ខាងមុខ
- លើកទឹកចិត្ដ កូនចៅរបស់ខ្លួនអោយធ្វើស្វ័យសិក្សាដោយខ្លួនឯង តាមកាលវិភាគដែលបានរៀបចំ ។
មាតាបិតា អ្នកអាណាព្យាបាល ឬសិស្សានុសិស្សផ្ទាល់ អាចទាញយកឯកសារមេរៀនផ្សេងៗតាមរយៈ៖
- បណ្ដាញ Youtube ផ្លូវការក្រសួង៖ www.youtube.com/moeys
- បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្រសួង៖ www.facebook.com/moeys.gov.kh
- មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិក៖ elearning.moeys.gov.kh រួមជាមួយប្រព័ន្ធផ្សេងៗទៀត៕
អត្ថបទ៖ សារ៉ាត