កាលពីប៉ុន្មានថ្ងៃកន្លងទៅ វីឌីអូមួយស្តីពីការចោរប្លន់ប្រដាប់ដោយកាំភ្លើងខ្លី បាញ់សម្លាប់
ស្ត្រីជាអាជីវករប្តូរប្រាក់ម្នាក់ បានធ្វើអោយមានក្តីរន្ធត់ជាខ្លាំង ពីសកម្មភាពឃោឃៅរបស់
ពួកចោរប្លន់ ក៏ដូចជាអំពើធ្វើមិនដឹងមិនលឺរបស់មនុស្សនៅទីនោះ។ វីឌីអូបានសុះសាយ
យ៉ាងលឿននៅលើបណ្តាញ Facebook ក៏ដូចជា Youtube។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ខែសីហា
នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចកន្លែងលក់ខោអាវជជុះមុខព្រលាន
យន្តហោះអន្តរជាតិភ្នំពេញ សង្កាត់ចោមចៅ ខណ្ឌដង្កោរ។ ស្ត្រីរងគ្រោះឈ្មោះជួន ធារ៉ា
អាយុ៤៨ឆ្នាំ មុខរបរប្តូរប្រាក់នៅរង្វង់មូលចោមចៅ ត្រូវចោរបាញ់៣គ្រាប់ ១គ្រាប់ចំលើ
ដើមទ្រូងខាងឆ្វេង ធ្លាយទៅក្រោយ បានស្លាប់បាត់បង់ជីវិតពេលកំពុងបញ្ជូនទៅសង្គ្រោះ
នៅមន្ទីរពេទ្យ។
វីឌីអូថតពីកាមេរ៉ាអូតូម៉ាតិច។ ប្រភព៖ FB
មុនពេលកើតហេតុស្ត្រីរងគ្រោះនិងកូនប្រុសបានជិះ ម៉ូតូនាំយកប្រាក់ដុល្លារចំនួន៣ម៉ឺនដុល្លា
អាមេរិកទៅប្តូរយកប្រាក់រៀលបានជាង ១រយលានរៀល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលស្ត្រីរងគ្រោះនិងកូនប្រុសបានជិះម៉ូតូឌុបគ្នាត្រឡប់
មកផ្ទះវិញ ស្រាប់តែមានជនសង្ស័យ៣នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូដេញតាមក្រោយកៀរ
ឲ្យឈប់ រួចដកកាំភ្លើងខ្លីគំរាមឱ្យប្រគល់លុយឱ្យពួកគេ។ ពេលនោះ ស្ត្រីរងគ្រោះមិនព្រម
ប្រគល់ប្រាក់នោះឲ្យទេ ឯក្រុមចោរក៏បានព្យាយាមដណ្តើមយក តែជនរងគ្រោះនៅតែមិន
ព្រមឲ្យដដែល ទើបក្រុមចោរបាញ់ប្រហារសំដៅដងខ្លួនចំនួន៣គ្រាប់តែម្តង។ ចំណែកកូន
ប្រុសរបស់គាត់ឈ្មោះផុន ឡាទី អាយុ២១ឆ្នាំមិនរងរបួសអ្វីទេ។ ពេលបាញ់រួចហើយបានក្រុម
ចោះនោះនាំគ្នាយកកេសប្រាក់នោះជិះម៉ូតូគេចខ្លួនបាត់ទៅ គ្មានអ្នកណាហ៊ានជួយឡើយ៕
ព័ត៌មានទាក់ទង៖
-
ជនសង្ស័យម្នាក់ក្នុងក្រុមពួកចោរប្លន់ដែលបាញ់សម្លាប់ស្រ្តីអាជីវករប្តូរប្រាក់ បានត្រូវចាប់ខ្លួន
- ប្រកាសមុខចោរប្លន់ ដែលជាជនដៃដល់បាញ់សម្លាប់ស្ត្រីអាជីវករប្តូរប្រាក់
ដោយ៖ មិនា