CamNews

ព័ត៌មានជាតិ 

ដំណឹងល្អសម្រាប់អ្នកចូលចិត្តដើរលេងកម្សាន្តចុងសប្តាហ៍...

ក្នុងរយៈពេលមួយខែខាងមុខនេះ លោកអ្នកនឹងបានឃើញអ្វីដែលប្លែក និងពុំដែលមានពីមុនសោះ ក្រោយពេលដែលធ្វើការស្ថាបនាអស់រយៈពេល ២ ឆ្នាំមក នោះគឺ Safari World ។ Safari World ជាសួនសត្វដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងលេចរូបរាងក្នុងសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញ។

គម្រោងនេះ ត្រូវបានបណ្តាក់ទុនវិនិយោគប្រមាណ ៩ លានដុល្លារ ដោយមានការដាក់បង្ហាញសត្វប្រមាណ ៨០០ ក្បាល រួមមាន ខ្លាឃ្មុំ អូទ្រីស កង់ហ្គូរូ ក្រពើ ខ្លា ផ្សោត និងសត្វក្តាន់ជាដើម។

លោក លី យ៉ុង ផាត់ ប្រធានក្រុមហ៊ុន LYP Group និងជាម្ចាស់ឧទ្យាននេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ AKP ថាសួនសត្វនេះ ជាសួនសត្វដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយពីមុន គឺវាស្ថិតនៅខេត្តកោះកុង។ យើង បានផ្លាស់ប្តូរទីតាំងពីកោះកុង ទៅភ្នំពេញ ដើម្បីទាញយកអត្ថប្រយោជន៍ពីចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនសន្ធឹកសន្ធាប់ដែលមកលេងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ក្រៅពីសួនសត្វ Safari World នេះ ក្រុមហ៊ុន LYP Group ក៏បានវិនិយោគទឹកប្រាក់ចំនួន ៣០ លានដុល្លារ ដើម្បីសាងសង់ឧទ្យានអង្គរនៅរាជធានីភ្នំពេញផងដែរ៕