CamNews

ទេសចរណ៍ 

ប្រាសាទ​ព្រះ​ពិធុរ ឬ​ព្រះ​ពិធូរ

ប្រាសាទ​ព្រះ​ពិធុរ ឬ​ព្រះ​ពិធូរ គឺ​ជា​ក្រុម​បា្រសាទ​៥​ខ្នង​ ដែល​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង
​ណាស់​ ប៉ុន្តែ​រូប​ចម្លាក់​ដែល​លម្អ​ប្រាសាទ​នៅ​មាន​សភាព​ល្អ​នៅ​ឡើយ​ ទោះ​បី​ជា​ប្រាសាទ​
នេះ​ជា​ប្រាសាទ​នៅ​ក្នុង​ ក្រុម​ព្រះនរគរ​ហ្លួង​ស្ថិត​នៅ​មាត់​ផ្លូវ​ក្នុង​ព្រៃ​ព្រឹក្សា​លតាវល្លិ៍ ជាតិ​ក៏​
ដោយក៏​មិន​សូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី ​អ្នក​ទេសចរ​ឲ្យ​មក​ទស្សនា​ ប្រាសាទ​នេះ
ប៉ុន្មាន​ឡើយ ​។ ​ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ពេល​វេលា​គួរ​តែ​មក​ទស្សនា​ គ្រាន់​បាន​ផ្លាស់​ប្តូរ​
បរិយាកាស ​។


តើ​ប្រាសាទ​ព្រះ​ពិធូរ​មាន​អ្វី​ទស្សនា​ខ្លះ ?

* សសរ​មូល​ ចម្លាក់​នៃ​ប្រាសាទ​ខាង​ត្បូង

បា្រសាទ​ទិស​ខាង​ត្បូង​នៅ​ទល់​មុខ​និង​ ប្រាសាទ​ទេព​ប្រណម្យ​ មាន​ជណ្តើរ​នាគ​តភ្ជាប់ ​និង
​គោបុរៈ​ នៃ​កំពែង​ប្រាសាទ​យើង​សង្កេត​ឃើញ​សសរ​មូល​ឆ្លាក់​ជា​ក្បាច់​ភ្ញី​ ទ្រទប់ ក្រោម​
ជណ្តើរ​នាគ មាន​លក្ខណៈ​ស្អាត ហើយ​ស្រដៀង​និង​ជណ្តើរ​នាគ​នៃ​ប្រាសាទ​ អង្គរ​វត្ត​ដែរ ។
ខាង​ឆ្វេង​និង​ខាង​ស្តាំ​ជាប់​និង​ប្រឡាយ​ទឹក ​ពេល​ដែល​យើង​ដើរ​កាត់​គោបុរៈ​ខាង​លិច​នឹង​
បាន​ឃើញ​បា្រសាទ​ដែល​តាំង​នៅ​លើ​ គ្រឹះ​កម្ពស់​ ៦​ម៉ែត្រ​ ចែក​ចេញ​ជា​៣​ជាន់ ​។
តួ​ប្រាសាទ​មាន​លក្ខណៈ​ជា​បន្ទប់​បួន​ជ្រុង​កា​រ៉េ ទំហំ​៣ ម៉ែត្រ ផ្នែក​ខាង​លើ​នៃ​ប្រាសាទ​ត្រូវ​
បាន​បាក់​ បែក​ខូច​អស់​នៅ​សល់​តែ​ជញ្ជាំង​ និង​ស៊ុម​ទ្វារ​ ទាំង​៤​ទិស ​។ ​នៅ​លើ​ជញ្ជាំង​មាន
រូប​ទេវតា​និង​ប្រភេទ​ឈើ ​។ ​នៅ​លើ​កម្រាល​វិហារ​ មាន​បំណែក​ផ្តែរ​ដែល​ឆ្លាក់​ជា​រូបភាព​កូរ​
សមុទ្រ​ទឹក​ដោះ ​។ ​នៅ​ចំ​កណ្តាល​ប្រាសាទ​ មាន​ទម្រ​លិង្គ​ព្រះ​ឥសូរ​លើ​ជើង​គ្រឹះ​យោនី ​។ ​
ផ្នែក​ខាង​ក្រោយ​នៃ​ប្រាសាទ​នេះ​មាន​ ប្រាសាទ​មួយ​ខ្នង ទៀត​នៅ​មាន​រូប​ព្រះសិវៈ​ព្រះវិស្ណុ ​
និង​ព្រះ​ព្រហ្ម ​នៅ​លើ​រូប​មុខ​អសុរៈ ​។ ​ចំណែក​ឯ​ផ្តែរ​ខាង​ជើង​មាន​រូប កូរ​សមុទ្រ​ទឹក​ដោះ។​
ផ្នែក​ក្រោយ​បង្អស់​នៃ​កំពែង​ ​ប្រាសាទ​ខាង​កើត​ជា​ប្រឡាយ​ទឹក នៅ​រដូវ​ប្រាំង ​យើង​អាច​ដើរ
​ឆ្លង​កាត់​ទៅ​កាន់​ ​ប្រាសាទ​ដែល​នៅ​ទិស​ខាង​កើត​ប្រហែល​ជា​១០០​ម៉ែត្រ​ ។ ​ប្រាសាទ​ខាង ​
កើត​នេះ​មាន​ ទំហំ​ធំ​ជាង​ប្រាសាទ​ពីរ​ដំបូង ​បើ​ទោះ​បី​ជា​ក្បាច់​ផ្កា​ភ្ញី​នៃ​ប្រាសាទ​មិន​ទាន់​ល្អ
​ប្រណីត​ក៏ ​ដោយ ​ប៉ុន្តែ​យើង​អាច​យល់​បាន​ថា ​ប្រាសាទ​នេះ​កសាង​ឡើង​ទៅ​តាម​ជំនឿ​
សាសនា ​ព្រះពុទ្ធ​ ក្នុង​ពេល​ដែល​ប្រាសាទ​៤​ខ្នង​ទៀត​ជា​របស់​សាសនា​ហិណ្ឌូ ។ ​ខាង​ក្នុង​
មាន​ ចម្លាក់​ព្រះពុទ្ធ​រូប​ជា​ជួរ​វែង​នៅ​លើ​ជញ្ជាំង​ពី​លើ​ទ្វារ​ចូល​ប្រាសាទ ​និង​មាន​ផ្តែរ​តាម​ព្រះ
​ពុទ្ធ​ប្បវត្តិ ។

* លិង្គ​ព្រះ​ឥសូរ​ធំ

នៅ​មាន​ប្រាសាទ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​មួយ​កន្លែង​ទៀត​នៅ​ទិស​ពាយព្យ ។ ប្រាសាទ​
នេះ​មាន​ ​តួ​ប្រាសាទ​ដែល​ធំ​បំផុត​ក្នុង​ចំណោម​ក្រុម​ប្រាសាទ​ព្រះ​ពិធូរ ។ ប្រាសាទ​នេះ​មាន​
រាង​៤​ជ្រុង​ការ៉េ​ ទំហំ​៤​ម៉ែត្រ​ នៅ​ខាង​ក្នុង​មាន​ជើង​ទម្រ​លិង្គ​ ព្រះ​ឥសូរ​ យ៉ាង​ធំ ប៉ុន្តែ​ឆ្លាក់​មិន​
ទាន់​រួចរាល់​នៅ​ឡើយ​ឆ្ងាយ​ពី​ប្រាសាទ​នេះ ​ទៅ​ខាង​ជើង​មិន​ឆ្ងាយ​ប៉ុន្មាន​នៅ​មាន​បា្រសាទ​
មួយ​ទៀត​ដែល​មើល​ទៅ​សាមញ្ញ​ មិន​មាន​របៀង ​ប៉ុន្តែ​ក៏​មាន​ចំណុច​ដែល​គួរ​ឲ្យ​ចង់​ទស្សនា
​ដែរ​ គឺ​នៅ​ត្រង់​ ហោង​ជាង​និង​ផ្នែក​ចំហៀង​ ហោ​ជាង​មាន​ ចម្លាក់​ពេល​ដែល​ព្រះ​ក្រឹស្នា​
បង្រ្កាប​ព្រះ​ចៅកុ្រង​ពារ​រូប​បង្ហាញ​ពី​ ក្បាច់ ​គុន​និង​រូប​ពាលី​ប្រយុទ្ធ​ជា​មួយ​សុ​គ្រីព​ ៕

ប្រភព៖ llundi.wordpress
ដោយ៖ យ៉ាវីន

Tags: