CamNews

តារា 

វីដេអូ​ភាគ​រឿង​ «នាង​ឈូក​ស» ត្រៀម​ចាក់

រាជធានីភ្នំពេញ ៖ វីដេអូ​ភាគ​រឿង «នាង​ឈូកស»​ដែល​ផលិត​កម្ម​តារា​វីដេអូ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ សហ​ការគ្នា​​ថត​ចាប់​​ពី ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ​មក​ បាន​សំរេច​៥០​ភាគ​រយ​​ហើយ ។ ​លោក​ទិត ធារិទ្ធ​ ជា​អ្នក​ដឹក​នាំ​រឿង និង​លោក​ហ៊ិន សំអឿន ជា​ជំនួយ​ការ​​ឱ្យ​ដឹង​ថា ​វីដេអូ​រឿង​«នាង​ឈូក​ស» នេះ​​មាន​ចំនួន​​​២៥​ភាគ ។ ​ក្រុម​ការ​ងារ​ និង​​អ្នក​ដឹក​នាំ​រឿង​​​សហ​ការ​ គ្នា​​ជា​មួយ​​​សិល្ប​ករ សិល្ប​ការិនី​ថត​យ៉ាង​យក​ចិត្ត​​ទុក​ដាក់​​​​ជា​រៀង​រាល់​​ថ្ងៃ​ ។ ​រឿង​នេះ​តំរូវ​ឱ្យ​តួ​សំដែង​​​និយាយ​យក​សំឡេង​ផ្ទាល់​​តែ​ម្តង ។លោក​ហ៊ិន សំអឿន ឱ្យ​ដឹង​ថា ការ​ថត​​យក​​សំឡេង​ផ្ទាល់​​របស់តួនេះ ​មាន​ការ​​​លំបាក​ខ្លាំង​ណាស់​ តែ​ដោយ​សារ​ការ​សហ​ការ​គ្នា​​​រវាង​ក្រុម​​បច្ចេក​​ទេស​ និង​តួ​សំដែង​បាន​ល្អ ទើប​ការ​ថត​បាន​រលូន​ទៅ​មុខ​ ។ រឿង «នាង​ឈូក​ស» ក្រុម​ការ​ងារ​និង​តារា​សំដែង​បាន​ខិត​ខំ​​សហ​ការ​គ្នា​​ថត​រយៈ​ពេល​ជាង​២​ខែ​មក​នេះ បាន​ប្រមាណ​ជា​៥០​​ភាគ​រយ​ហើយ​​​ ដោយ​ត្រៀម​នឹង​​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ចាប់​ពីថ្ងៃ​ទី​១៧ មករា ឆ្នាំ​២០១១ ​តទៅ ។រឿង​ «នាង​ឈូកស» ជា​រឿង​បែប​មនោ​សញ្ចេត​នា​​កំសត់​ កំប្លែង​ លាយ​ឡំ​ទៅ​នឹង​ខ្សែ​ជីវិត​​ ពិត​របស់​នារី​ម្នាក់​រស់​នៅ​ក្នុង​សំណង់​អនាធិប​តេយ្យ ហើយ​បាន​ខិត​ខំ​តស៊ូ​រហូត​ដល់​ជីវិត​ជោគ​ជ័យ​ ទោះ​បី​ជា​ត្រូវ​ជួប​ឧបសគ្គ​រាប់​រយ​ជំពូក​ក៏​ដោយ ។ លោក​ហ៊ិន សំអឿន ​បន្ត​ថា រឿង​ «នាង​ឈូកស» ​បាន​ជ្រើស​រើស​ទីតាំង​ថត​នៅ​ប្លុក​សំណង់​អនាធិប​តេយ្យ​បុរី​កីឡា និង​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​​​ភ្នំពេញ រួម​ទាំង​នៅ​តំបន់​ទេស​ចរណ៍​​មួយ​ចំនួន​ក្នុង​​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​​មួយ​ចំនួន​​ទៀត ។តារា​សំដែង​ក្នុង​រឿង​នាង​ឈូកស​មាន​លោក​ចា រិទ្ធី លោក​គង់ សុភី លោក​វី វុទ្ធី កញ្ញា​នី មុន្នី​នាថ កញ្ញា​អាង សុនីតា ​និង​កញ្ញា​សួង​ សោភា ​ជា​ដើម។ លោក​ហ៊ិន សំអឿន ​បន្ត​ថា ​រឿង​នាង​ឈូក​ស ក៏​មាន​ឈុត​ឆាក​​​អប់រំ​​យុវ​ជន​ឱ្យ​ចេះ​សាម​គ្គី​​គ្នា ស្រលាញ់​គ្នា​​ និង​គិត​ពី ការ​សិក្សា​ជា​ធំ ​ដើម្បី​មាន​អនាគត​ល្អ ៕

Tags: