CamNews

ភាពយន្ត 

លី​ ចាន់​សីហា តារា​សំដែង​ថ្មី​បង្ហាញ​ខ&

រាជធានី​ភ្នំពេញ ៖ កញ្ញា​ ​លី ចាន់​សីហា ​ជា​តារា​មួយ​ដួង​​មាន​ឈ្មោះ​​បោះ​សំឡេង​ក្នុង​ចំណោម​​តារា​ល្បីៗ​ជា​ច្រើន​ ។ ​គេ​មិន​អាច​បំភ្លេច​បាន​ទេ ​​ទេព​កោសល្យ​​សំដែង​របស់​កញ្ញា​​​សីហា ​តាម​រយៈ​ខ្សែ​ ភាព​យន្ត​ដំ​បូង​របស់​នាង គឺ​រឿង «កតញ្ញូ» របស់​​ផលិត​កម្ម​ខេម​ប្រូ និង​រឿង «មរណៈ​​មាតា» របស់​ផលិត​កម្ម​ប្រាសាទ​ពេជ្រ​ភាព​យន្ត ​ធ្វើ​ឱ្យ​​នាង​​​ទទួល​បាន​ការ​គាំទ្រ និង​ពេញ​និយម​​បំផុត​​ពី​​​អ្នក​ទស្សនា​។ ​ពេល​នោះ ​នាង​​ទើប​តែ​​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។ # សំរាប់​ឆ្នាំថ្មី​២០១១ នេះ កញ្ញា លី ចាន់​សីហា ​បង្ហាញ​នូវ​ទេព​កោសល្យ​ថ្មី​របស់​នាង​តាម​រយៈ​ខ្សែ​​រឿង​ភាគ​ថ្មី គឺ​រឿង «វិញ្ញាណ​ចាំ​ជាតិ» ដែល​នឹង​​ចាក់​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​មួយ​ នា​ពេល​ឆាប់ៗ​ខាង​មុខ ។ លី ចាន់​សីហា ​និយាយ​ថា ខ្សែ​ភាព​យន្ត​នេះ គឺ​ជា​ស្នាដៃ​ទី​១ សំរាប់​ឆ្នាំ​ថ្មី​ហើយ​​ត្រូវ​ដំណើរ​ការ​ថត​នៅ​ពាក់​កណ្តាល​ខែ​មករា ​ដោយ​នាង​សំដែង​ជាតួ​ឯក​រួម​​ជា​មួយ​​តួ​ប្រុស គឺ​លោក​ជា ខេវិន ។ នាង​មិន​ទាន់​​បាន​ដឹង​ថា ពេល​ថត​ចប់​​រឿង​ភាគ​នេះ នឹង​ត្រូវ​ចាក់​​ផ្សាយ​នៅ​ស្ថានីយ​​ទូរទស្សន៍​មួយ​ណា​​ទេ ។ ​ក្រៅ​ពីថត​​រឿង​ថ្មី​នេះ កញ្ញា លី ចាន់​សីហា ក៏​នឹង​ត្រៀម​ថត​ចំរៀង​កាយ​វិការ​ឱ្យ​ផលិត​កម្ម​ក្រៅ​ស្រុក​មួយ​ចំនួន​ ។កញ្ញា លី ចាន់​សីហា បច្ចុ​ប្បន្ន​មាន​​អាយុ​១៨​ឆ្នាំ និង​មាន​ស្រុក​​កំណើត​នៅ​​រាជ​ធានី​ភ្នំពេញ ។ នាង​​ជា​កូនច្បង​​ក្នុងគ្រួសារ​ ។ ​នាង​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី ១២ នៅវិទ្យា​ល័យ​បឹង​ត្របែក ​ហើយ​បច្ចុ​ប្បន្ន​មិន​​បាន​បន្ត​ការ​សិក្សា​ទេ ដោយ​សារ​ជាប់រវល់​ក្នុង​ការ​សំដែង និង​មុខ​​របរ​រក​ស៊ី។ នាង​បាន​ចូល​ប្រឡូក​ក្នុងវិស័យ​​សិល្បៈ​ចាប់​​តាំងពី​ឆ្នាំ​២០០១ មក​ម៉្លេះ ដែល​កាល​ណោះ​​នាង​ចូល​រួម​សំដែង​​ក្នុង​កម្ម​វិធី​កុមារ​ឈ្មោះ​ថា “I Can do” ដែល​រៀប​ចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​​​ប៉ុស្តិ៍​លេខ​៣ ។ ដោយ​សារ​ភាព​ប៉ិន​ប្រសប់​ និង​និស្ស័យ​ពី​ធម្ម​ជាតិ​​ធ្វើ​ឱ្យ​ការ​សំដែង​របស់​នាង​មាន​លក្ខណៈ​រស់​រវើក ។ អាស្រ័យ​ដោយ​​មើល​ឃើញ​ទេព​សកោល្យ​សំដែង​របស់​នាង​នោះ​ហើយ ទើប​ធ្វើ​ឱ្យ​ផលិត​កម្ម​មួយ​ចំនួន​បាន​មក​ទំនាក់​ទំនង​ដើម្បី​ឱ្យ​នាង​ទៅ​សំដែង​ជា​បន្ត​ប​ន្ទាប់ ហើយ​ភាគ​ច្រើន​​នៃ​ភាព​យន្ត​​ដែល​នាង​​​សំដែង​គឺ​ទទួល​បាន​ជោគ​ជ័យ ។ #ទាក់​ទង​ជីវិត​ស្នេហា​របស់​កញ្ញា លី ចាន់​សីហា ​វិញ នា​ពេល​ថ្មីៗ​នេះ មាន​គេ​ចែ​ចូវ​ម្តង​ហើយ ប៉ុន្តែ​ដោយ​សារ​ការ​និយាយ​មិន​ចុះ​សំរុង​រវាង​ចាស់ៗ​​ទាំង​សង​ខាង​ ទើប​ធ្វើ​ឱ្យ​មាន​ការ​ផ្តាច់​ពាក្យ​ទៅ វិញ ។ ​រហូត​មក​ដល់​ពេល​នេះ​នាង​មិន​ទាន់​មាន​គូ​ប្រចាំ​ចិត្ត​នៅ​ឡើយ​ទេ ​ហើយ​នាង​​និយាយ​ថា ទុក​ពេល​សំដែង​ឱ្យ​បាន​យូរ​ ហើយ​ម្យ៉ាង​ខិត​ខំ​ពង្រឹង​មុខ​របរ​ ដើម្បី​រក​លុយ​ឱ្យ​បាន​​ច្រើន​​សំរាប់​ផ្គត់​ផ្គង់​​គ្រួសារ និង​សាង​អនាគត ៕

Tags: