(ហូជីមិញ)៖ មនុស្សចំនួន០៩នាក់បន្ថែមទៀតហើយនៅក្នុងទីក្រុងហូជីមិញ ត្រូវបានគេពិនិត្យរកឃើញថា មានផ្ទុកវីរុស Zika ដែលប្រការនេះបានបណ្តាលឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុសនេះ នៅក្នុងទីក្រុងហូជីមិញ ផ្ទាល់កើនដល់៣០ករណី ហើយសម្រាប់ការឆ្លងនៅទូទាំងប្រទេសវៀតណាម សរុបបានកើនឡើងដល់ ៣៩ករណីហើយនៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

វីរុស Zika បានរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលពីរសប្តាហ៍ចុងក្រោយនេះនៅតាមតំបន់ ភាគខាងត្បូងនៃប្រទេសវៀតណាម ជាពិសេសគឺនៅក្នុងទីក្រុងហូជីមិញតែម្តងហើយស្រ្តីមានផ្ទៃពោះចំនួនបួននាក់ហើយ ដែលបានឆ្លងវីរុស Zika ដោយក្នុងចំណោមនោះមានពីរករណីត្រូវអាជ្ញាធរសុខាភិបាល វៀតណាមរាយការណ៍ថា មានពាក់ព័ន្ធនឹងជំងឺទារកកើតមកមានក្បាលតូចខុសធម្មតា។
គិតត្រឹមព្រឹកថ្ងៃសុក្រនេះក្រៅពីទីក្រុងហូជីមិញ អាជ្ញាធរវៀតណាមបានរកឃើញអ្នកផ្ទុកវីរុស Zika និងនៅតាមបណ្តាខេត្តចំនួន០៦ផ្សេងទៀតផងដែរ ដោយមាន០៣ករណីនៅក្នុងខេត្ត Dak Lak, ២ករណីនៅក្នុងខេត្ត Binh Duong, និង៤ករណីផ្សេងទៀត នៅក្នុងខេត្ត Phu Yen, Khanh Hoa, Long An, និង Tra Vinh។

គួរបញ្ជាក់ដែរថាដើម្បីទប់ទល់ដោះស្រាយបញ្ហាវីរុស ដែលឆ្លងតាមរយៈសត្វមូសខាំនេះទីក្រុងហូជីមិញ បានសម្រេចចិត្តបង្កើតគណកម្មាធិការពិសេសមួយដើម្បីបង្ការការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសដែល កំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅប្រទេសនាតំបន់អាស៊ីអាគ្នេយ៍នេះ ហើយម៉្យាងវិញទៀតអាជ្ញាធរនៅតាម បណ្តាទីក្រុង និងខេត្តនានានៅទូទាំងប្រទេសវៀតណាម បានបន្តចំណាត់ការក្នុងការស្វែងរកករណីឆ្លង នៃវីរុស Zika ឲ្យខ្លាំងជាងមុនបន្ថែមទៀត និងបានបង្កើនការបាញ់ថ្នាំដើម្បីកម្ចាត់ជម្រកសត្វមូស នៅតាមតំបន់ជាច្រើនផងដែរ៕

ប្រភព ៖ ស៊ិនហួរ