(ព្រះសីហនុ)៖ បន្ទាប់ពីសួរនាំ រយៈពេលប៉ុន្មានម៉ោង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ នៅល្ងាចថ្ងៃដដែលនេះ បានសម្រេចបញ្ជូន លោក គៀង ហេង អតីតសង្សាររបស់ កញ្ញា ពេជ្រ អាវីហ្សា ទៅកាន់តុលាការខេត្តព្រះសីហនុហើយ ពាក់ព័ន្ធនឹងករណីវាយដំយ៉ាងធ្ងន់ធ្ងរ ទៅលើតារាស្រីរូបនេះ។ នេះបើតាមការបញ្ជាក់ពី លោក ជួន ណារិន្ទ ។

ចំពោះករណីនេះ គេសង្កេតឃើញថា កញ្ញា ពេជ្រ អាវីហ្សា ក៏បានទៅតុលាការខេត្តព្រះសីហនុ ជាមួយនឹង លោក គៀង ហេង ផងដែរ ខណៈដែលសមត្ថកិច្ចបញ្ជូនតែសំណុំរឿង និងជនសង្ស័យតែម្នាក់តែប៉ុណ្ណោះ។

លោក គៀង ហេង ដែលជាជនបង្ក និង កញ្ញា ពេជ្រ អាវីហ្សា ដែលជាជនរងគ្រោះ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ កោះហៅទៅសួរនាំនៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជុំវិញរឿងអំពើហិង្សា ដែលបណ្តាលឱ្យផ្អើលពេញបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ ទោះបីជា លោក គៀង ហេង បានអះអាងថា គ្រួសារអ្នកទាំងពីរបានសម្រួលគ្នា ហើយកញ្ញា ពេជ្រ អាវីហ្សា មិនប្តឹងក៏ដោយ។

ទន្ទឹមគ្នានឹងសាធារណជន កំពុងចែកចាយបន្តនូវករណីអំពើហិង្សាដ៏ធ្ងន់ធ្ងរលើ កញ្ញា ពេជ្រ អាវីហ្សា តារាសម្តែងរបស់ខ្មែរហើយធ្លាយព័ត៌មានថា ជនរងគ្រោះ និងជនបង្កបានសម្របសម្រួលគ្នានោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការសម្របសម្រួល នឹងពុំអាចបញ្ចប់នីតិវិធីរឿងព្រហ្មទណ្ឌបានទេ។

លោក គឹម សន្តិភាព បានផ្ញើសារទៅកាន់ក្រុមអ្នកសារព័ត៌មាន និងសាធារណជន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា ករណីបង្កហឹង្សា ទាំងនេះជាករណីព្រហ្មទណ្ឌ ដែលស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកំពុងចាត់វិធានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការ ផ្តន្ទាទោសជនល្មើសតាមច្បាប់។ ការសម្របសម្រួលសំណងជាផ្នែកមួយនៃដំណោះស្រាយផ្ទាល់រវាងភាគី តែពុំអាចផ្អាក ឬបញ្ចប់នីតិវិធី ក្នុងរឿងព្រហ្មទណ្ឌបាននោះទេ»។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការដែលជនរងគ្រោះមិនសហការជាមួយស្ថាប័នអយ្យការ និងសមត្ថកិច្ចបានបង្កផលវិបាក ដល់ការស៊ើបអង្កេត ក៏ប៉ុន្តែទោះជាយ៉ាងណាលោកថា ការអនុវត្តតាមនីតិវិធីកំពុងតែដំណើរការទៅមុខ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី