(តាកែវ)៖ រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ ភាគីវៀតណាម នៅក្នុងខេត្តអាងយ៉ាង នៅមិនទាន់អនុញ្ញាត ឲ្យសមត្ថកិច្ចកម្ពុជាចូលទៅដោះស្រាយ និងមើល លោកវរសេនីយ៍ត្រី ឡាយ ប៊ុនធី នាយរងប៉ុស្តិច្រកទា្វរអន្តរជាតិភ្នំដិន ដែលត្រូវបានសមត្ថកិច្ចវៀតណា ចាប់ឃុំខ្លួននៅទីនោះនៅឡើយទេ ក្រោយបាញ់សម្លាប់ជនជាតិវៀតណាមស្លាប់និងរបួស ធ្ងន់២នាក់ នាយប់មិញ នៅក្នុងហាងផឹកស៊ីខេត្តអាងយ៉ាង។

សូមបញ្ជាក់ថា នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិភ្នំដិននៅក្នុងទឹកដីខេត្តតាកែវ ជាប់ព្រំដែនជាមួយខេត្តអាងយ៉ាង លោកវរសេនីយ៍ត្រី ឡាយ ប៊ុនធី ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តអាងយ៉ាង ប្រទេសវៀតណាម ចាប់ខ្លួនភ្លាមៗក្រោយពីមន្រ្តី នគរបាលរូបនេះ បានបាញ់ប្រហារទៅលើជនជាតិវៀតណាម២នាក់ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់២នាក់។

ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅហាង ផឹកស៊ីយីហោ ហឿង សឿ ក្នុងភូមិសាស្ត្រភូមិស៊ីនវ៉ា ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

មន្រ្តីសមត្ថកិច្ចខេត្តតាកែវ បានឲ្យដឹងថា លោក ឡាយ ប៊ុនធី បានប្រើកាំភ្លើងម៉ាក K59 បាញ់ចំនួន០៣គ្រាប់ទៅលើជន រងគ្រោះជាជនជាតិវៀតណាមចំនួន០២នាក់៖ ១.ឈ្មោះ ឡេ យ៉ាំងឌឿក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអាងហាវB ទីរួមស្រុកបានជុក ស្រុកស្វាយទង ខេត្តអាងយ៉ាង ប្រទេសវៀតណាម (ស្លាប់នៅកន្លែងកើតហេតុ) ២.ឈ្មោះ ផាន យ៉ាំងវ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាសឺ ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម (របួសធ្ងន់) ។

បច្ចុប្បន្នលោកវរសេនីយ៍ត្រី ឡាយ ប៊ុនធី ត្រូវកម្លាំងសមត្ថកិច្ចវៀតណាមធ្វើការដកហូតអាវុធនិងឃាត់ខ្លួននៅស្រុកទិនបៀង ដើម្បីចាត់ការតាមច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី