អង្គការលើកលែងទោសអន្តរជាតិ (AI) កាលពីថ្ងៃពុធ បានរិះគន់តុលាការប្រទេសបារ៉ែនពីបទផ្តន្ទាទោសសកម្មជនសិទិ្ធមនុស្សមួយរូប និងជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស Bahreïn លោក Nabeel Rajab ឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទផ្សាយរឿងរ៉ាវនយោបាយមួយចំនួននៅលើបណ្ដាញ Twitter កាលពីឆ្នាំ ២០១៥ ។

បច្ចុប្បន្ន លោក Rajab ប្រឈមនឹងការកាត់ទោសដាច់ដោយឡែកពីគ្នាចំពោះការអត្ថាធិប្បាយរបស់លោក នៅក្នុងបទសម្ភាសន៍ កាលពីឆ្នាំ ២០១៥ និងឆ្នាំ ២០១៦។ ការបង្ហោះនៅលើបណ្ដាញ Twitter របស់លោក Rajab បានបង្ហើបឱ្យដឹងថា លោកនឹងមិនប្តឹងជំទាស់ចំពោះសាលក្រមផ្តន្ទាទោសរូបលោកដាក់ពន្ធនាគារ ៥ ឆ្នាំនេះទេ ហើយនឹងមិនចាត់វិធានការផ្លូវច្បាប់បន្ថែមទៀតឡើយ លើរឿងក្ដីនេះ។

ការបង្ហោះលើបណ្ដាញ Twitter ម្ដងហើយម្ដងទៀតរបស់លោក Rajab ដែលបណ្តាលឱ្យមានការកាត់ទោសលើរូបលោកនាពេលបច្ចុប្បន្ននេះ គឺជាប់ពាក់ព័ន្ធនឹងមតិរិះគន់របស់លោកពីអំពើទារុណកម្ម នៅក្នុងពន្ធនាគារ Jaw នៅប្រទេសបារ៉ែន និងជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់ជនស៊ីវិល នៅក្នុងជម្លោះ នៅយេម៉ែនដោយក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត។

នាយកប្រចាំតំបន់អាហ្វ្រិកកណ្ដាល និងអាហ្រ្វិកខាងជើង (MENA) លោកហេបាម៉ូម៉ៃហ្វេ បានមានប្រសាសន៍ថា៖

ការកាត់ទោសលោក Nabeel Rajab នៅថ្ងៃនេះ គឺជាការមើលងាយដល់ប្រព័ន្ធយុត្តិធម៌។ ការកាត់ទោសនេះបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អាជ្ញាធរ ក្នុងការបំបិទចោលនូវការបញ្ចេញមតិជំទាស់គ្រប់ទម្រង់ និងប្រើប្រព័ន្ធតុលាការដើម្បីបំភ័ន្តពីចេតនាពិតប្រាកដរបស់ខ្លួនក្នុងការបំបិទមាត់អ្នករិះគន់ដោយសន្តិភាព។ សាលក្រមដ៏គួរឱ្យអាម៉ាស់នេះ ត្រូវតែធ្វើមោឃភាព ហើយអាជ្ញាធរត្រូវតែទម្លាក់ចោលរាល់ការចោទប្រកាន់បណ្ដោះអាសន្នទាំងនេះ ហើយត្រូវដោះលែងលោក Nabeel Rajab ជាបន្ទាន់។ វាជារឿងមិនសមហេតុផលទាល់តែសោះ ដែលត្រូវបង្ខំឱ្យសកម្មជនម្នាក់នេះជាប់គុក ៥ ឆ្នាំដោយគ្រាន់តែគាត់ ហ៊ានបញ្ចេញមតិរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត។

បេសកកម្មសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ក៏បានបង្ហោះ កាលពីថ្ងៃព្រហស្បតិ៍ផងដែរដើម្បីបង្ហាញពីការខកចិត្ត ចំពោះរដ្ឋាភិបាលប្រទេសបារ៉ែន លើការកាត់ទោសលោក Rajab និងបានរំលឹកឡើងវិញថា៖ "គ្មានបុគ្គលណាម្នាក់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយសារតែការអនុវត្តសិទិ្ធ និងសេរីភាពជាមូលដ្ឋានរបស់ខ្លួននោះទេ" ។

កាលពីខែមិថុនាឆ្នាំមុន AI បានថ្កោលទោសរដ្ឋាភិបាលប្រទេសបារ៉ែនពីបទបង្ក្រាបក្រុមសិទ្ធិមនុស្ស ហើយកាលពីឆ្នាំ ២០១៥ ប្រទេសចំនួន ៣២ បានចូលរួមសេចក្តីថ្លែងការណ៍មួយ ទៅកាន់អង្គការសហប្រជាជាតិដើម្បីជំរុញប្រទេសបារ៉ែនឱ្យការពារសេរីភាពបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ និងប្រមូលផ្ដុំគ្នា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist