(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសនូវគំរោងថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត និងគ្មាននរណានឹកស្មានដល់នោះ គឺកសាង «ផ្ទះទឹកកក» ដែលជាមូលដ្ឋានរបស់មនុស្សថ្មី នៅលើភពព្រះអង្គារ ដែលវាពិតជាខុសប្លែកទាំងស្រុង ពីគំរោងកន្លងមករបស់ NASA។ នេះបើតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ ចេញផ្សាយ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ ក្រុមអ្នកវិទ្យាសាស្ត្រ នៅឯមជ្ឈមណ្ឌលស្រាវជ្រាវ Langley របស់ NASA បានរៀបរាប់ថា ផ្ទះទឹកកកគឺស្ថិតនៅក្នុងគំរោង នៃការជ្រើសរើសវត្ថុធាតុដើម ដែលល្អបំផុត ដើម្បីការពារមនុស្ស ពីបរិយាកាសដ៏អាក្រក់ របស់ភពអង្គារ ជាពិសេសនោះ គឺអាកាសធាតុត្រជាក់ជ្រុល និងរលកវិទ្យុសកម្ម ដ៏កំណាចពីព្រះអាទិត្យ។

វិស្វករបង្កើតគំរោងខាងលើ គឺលោក Kevin Vipavetz បាននិយាយថា «វាពិតជាគំនិតដ៏រវើរវាយមួយ ក្នុងចំណោមគំនិតជាច្រើន ហើយចុងក្រោយ យើងក៏សម្រេចចិត្ត ជ្រើសរើសយកការកសាង លំនៅឋានពីទឹកកក ដោយវាស្តាប់ទៅ ដូចជាបានដោះស្រាយ បញ្ហាផ្នែកវិស្វកម្ម បានយ៉ាងច្រើន»។

សេចក្តីថ្លែងការណ៍របស់ NASA បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ផ្ទះទឹកកកនៅលើភពអង្គារ គឺប្រៀបបីដូចជា ប្រព័ន្ធរោងចក្រតូចមួយ ដែលមានរូបរាងជាដុំមូលប៉ោង ដែលត្រូវបានស្រោប ដោយស្រទាប់ទឹកកក ហើយទឹកកកនោះ យើងអាចយកចេញពីក្នុងស្រទាប់ របស់ភពអង្គារ ជាច្រើនទីតាំងបាន»។ វត្ថុធាតុដើមដែលទាញយកចេញពីភពអង្គារ គឺមានទម្ងន់ស្រាល និងងាយ សម្រាប់យានធ្វើការដឹកជញ្ជូន។

គួរបញ្ជាក់ថា គំរោងខាងលើនេះ គឺមានឧបសគ្គច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងគេមួយនោះ គឺទឹកនៅលើភពអង្គារ ដែលគេមិនទាន់ដឹងថា អាចយកមកផលិតជាទឹកកក បានច្រើនក្នុងកម្រិតណា។ អ្នកវិទ្យាសាស្ត្រហ៊ានអះអាងថា ប្រសិនបើគេអាចស្រ ង់យកវត្ថុធាតុដើមពីភពអង្គារ ដូចជាទឹកក្នុងចំនួនយ៉ាងតិចមួយម៉ែត្រគូប ក្នុងមួយថ្ងៃនោះ ការកសាងលំនៅឋាន ពីទឹកកកដំបូងនៅលើភពអង្គារ នឹងត្រូវចំណាយពេលតែ ៤០០ថ្ងៃប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង