ភ្នំពេញ៖ លោកអភិបាល ក្រុងពោធិ៍សាត់ ឆាយ ម៉ាទីណាល់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៤ នេះ បានធ្វើការ បដិសេធ វិដេអូឃ្លីបខ្លីមួយ ដែលត្រូវបានបង្ហោះ តាមបណ្តាញសង្គម ហ្វេសប៊ុក ដោយចោទប្រកាន់លោកថា បាន ប្រព្រឹត្តអំពើមិនគប្បី ហើយមិនតែប៉ុណ្ណោះ បាន សរសេរឈ្មោះ របស់លោក និងតំណែងលោកចំៗ ផងដែរ។

ការបដិសេធបែបនេះ គឺបន្ទាប់ពីជនអនាមឹក បានបង្ហោះរូបអ្នកផ្សេង តែបែរជាចោទប្រកាន់ លោកទៅវិញ ដោយ បរិហាកេរ្តិ៍ ទាំងភាពមិនច្បាស់លាស់ ហើយបណ្តាលឲ្យ លោកប៉ះពាល់ កិត្តិយស ខណៈលោកមិនដឹងខ្លួន ទាល់តែ សោះនោះ។

លោក ឆាយ ម៉ាទីណាល់ បានថ្លែងប្រាប់ LookigTODAY ថា លោកនិងក្រុមគ្រួសារ ជាពិសេស ស្ថាប័ន ដែលគាត់កំពុងធ្វើការ បានទទូលរង ផលប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹង អកុសលបែបនេះ ខណៈដែលគាត់កំពុងតែ ជូនម្តាយបង្កើតមកព្យាបាល រោគនៅមន្ទីរពេទ្យ កាល់ម៉ែត នោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកក៏សូមអំពាវនាវ ដល់សាធារណជនថារូបនោះ គឺពិតជា មិនមែនរូប វិដេអូឃ្លីប របស់លោកឡើយ ហើយលោក ក៏មិនបានស្វែងរក មុខអ្នកបង្ហោះផងដែរ ពីព្រោះនាពេលកន្លង លោក បានបាត់ទូរស័ព្ទមួយគ្រឿង ដែលមានជាប់ហ្វេសប៊ុក ហើយលោក ក៏មិនទាន់បានប្តូរលេខកូដសម្ងាត់ ចេញនោះ ដែរទើបបានជាហេតុមានរឿងនោះ កើតឡើង។

សូមបញ្ជាក់ថា វិដេអូឃ្លីបដែលគេបានបង្ហោះនោះ គឺមានរយៈពេលប្រហែល មួយនាទីហើយ បានចាប់បង្ហោះកាលពី ថ្ងៃទី១៨ កន្លងទៅនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល