តុលាការរដ្ឋ Los Angeles បានចេញសាលក្រមមួយ កាលពីថ្ងៃចន្ទតាមបណ្ដឹងទាមទាររបស់អ្នកអ្នកប្រើប្រាស់ ដែលបានអះអាងថា ខ្លួនកើតជំងឺមហារីកក្រពេញអូវែ បន្ទាប់ពីបានប្រើប្រាស់ផលិតផលថ្នាំ ដែលផលិតចេញពីសារធាតុ Talc របស់សហគ្រាសផលិតមួយនេះ។ បច្ចុប្បន្ន ចុងចោទក្រុមហ៊ុន Johnson and Johnson កំពុងប្រឈមមុខនឹងបណ្ដឹងទាមទារចំនួន ៤៨០០ ពាក់ព័ន្ធនឹងការបរាជ័យរបស់ក្រុមហ៊ុនក្នុងការក្រើនរំលឹកអតិថិជនអំពីហានិភ័យនៃជំងឺមហារីក ដែលផ្សារភ្ជាប់ទៅនឹងផលិតផលបែបនេះ។ ក្នុងរឿងក្ដីនេះ ដើមបណ្តឹងទទួលបានសំណងព្យសនកម្មចំនួន ៤១៧ លានដុល្លារ ដែលនេះជាសាលក្រមបង្គាប់ឱ្យសងជំងឺចិត្ដដ៏ធំបំផុត ដែលមិនធ្លាប់មានក្នុងបណ្ដឹងទាមទារពីមុនៗ។

យោងតាមការអះអាងរបស់ដើមបណ្ដឹង សហគ្រាសនេះ បានបរាជ័យក្នុងការទទួលស្គាល់នូវលទ្ធផលស្រាវជ្រាវ ដែលទាក់ទងនឹងមហារីកអូវែ ចំពោះការប្រើប្រាស់សារធាតុ Talc លើប្រដាប់ភេទ ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Johnson and Johnson បានថ្លែងថា ការសិក្សាស្រាវជ្រាវ និងទីភ្នាក់ងារសហព័ន្ធ ពុំបានរកឃើញថា ផលិតផលដែលផលិតចេញពីសារធាតុ Talc អាចធ្វើឱ្យកើតជំងឺមហារីកនោះទេ។ ក្រុមហ៊ុនផលិតនេះ បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ និងនៅតែគាំទ្រដល់សុវត្ថិភាពនៃផលិតផលរបស់ខ្លួន។

ក្រុមហ៊ុន Johnson and Johnson បច្ចុប្បន្ន ស្ថិតក្នុងចំណោមសហគ្រាសផលិតជាច្រើនទៀត ដែលជាប់ពាក់ព័ន្ធនឹងវិបត្តិសារធាតុ opioid ក្នុងកម្រិតថ្នាក់ជាតិ ដែលបានកើនឡើងដល់កម្រិតរាលដាល នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែមិថុនា លោក Josh Hawley អគ្គរដ្ឋអាជ្ញានៃរដ្ឋ Missouri បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហគ្រាសផលិតសារធាតុ opioid ធំៗ ចំនួនបីគឺសហគ្រាស Purdue Pharma, Johnson & Johnson និងក្រុមហ៊ុន Endo International Plc ដោយចោទប្រកាន់សហគ្រាសទាំងនេះពីបទរំលោភច្បាប់ស្ដីកិច្ចការពារអ្នកប្រើប្រាស់ ដោយប្រើការបោកបញ្ឆោត ដើម្បីលាក់បាំងសារធាតុញៀន និងសារធាតុ ដែលគំរាមកំហែងដល់អាយុជីវិតនៃផលិតផលរបស់ខ្លួន។

ដូចគ្នានេះផងដែរ នៅក្នុងខែមិថុនា អគ្គរដ្ឋអាជ្ញាចំនួនពីរក្រុមមកពីរដ្ឋ Illinois រដ្ឋ Massachusetts រដ្ឋ Pennsylvania និងរដ្ឋតិចសាស់ បានប្រកាសការស៊ើបអង្កេតរួម ចូលទៅក្នុងទីផ្សារ និងការអនុវត្តការលក់របស់សហគ្រាសផលិតថ្នាំបំបាត់ការឈឺចាប់ opioid នេះ។ នៅខែមីនា លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយបង្គាប់ឱ្យបង្កើតក្រុមការងារមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិសារធាតុ opioid នេះ។ នេះមិនមែនជាលើកទីមួយទេដែលសហគ្រាសផលិតឱសថ opioid បានរកឃើញថា ខ្លួនជួបបញ្ហាផ្នែកច្បាប់។

នៅខែកក្កដាឆ្នាំ ២០០៧ តុលាការសង្កាត់របស់អាមេរិកទទួលបន្ទុកដោះស្រាយរឿងក្ដីក្នុងសង្កាត់ប៉ែកបស្ចិមនៃរដ្ឋ Virginia បានកាត់ទោសអតីតប្រធានប្រតិបត្តិបីរូបរបស់ក្រុមហ៊ុន Purdue Frederick ដែលជាសហគ្រាសផលិតថ្នាំបំបាត់ការឈឺចាប់ OxyContin ឱ្យស្ថិតក្រោមលក្ខខណ្ឌត្រួតពិនិត្យរបស់តុលាការចំនួន ៣ ឆ្នាំ និងបង្គាប់ឱ្យបម្រើសហគមន៍ក្នុងកម្មវិធីព្យាបាលជំងឺដោយប្រើឱសថរយៈពេល ៤០០ ម៉ោង។

នាយកប្រតិបត្តិចំនួន ៣ រូប ដែលរួមមានអតីតប្រធានក្រុមហ៊ុនខាងលើគឺលោក Michael Friedman អតីតប្រធានលោក Howard Udell និងអតីតប្រធានផ្នែកឱសថលោក Paul Goldenheim បានសារភាពកំហុស កាលពីខែឧសភាឆ្នាំ ២០០៧ ចំពោះបទល្មើសព្រហ្មទណ្ឌនៃការប្រើឱសថខុសច្បាប់។ រដ្ឋអាជ្ញាបានចោទប្រកាន់ថា ក្រុមហ៊ុន និងនាយកប្រតិបត្តិទាំងប៉ុន្មានរូបនេះ បានដឹងកាលពីឆ្នាំ ១៩៩៥ ថា ក្រុមគ្រូពេទ្យ មានការព្រួយបារម្ភអំពីហានិភ័យនៃការញៀនកម្រិតខ្ពស់របស់ឱសថ ប៉ុន្តែអ្នកតំណាងលក់របស់ខ្លួន នៅតែបន្តបកស្រាយខុសពីប្រសិទ្ធភាពរបស់ឱសថ OxyContin ចំពោះក្រុមគ្រូពេទ្យ។ ក្រុមហ៊ុន Purdue Frederick បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ៦៣៤,៥ លានដុល្លារសម្រាប់កំហុសរបស់ខ្លួនក្នុងការបំភាន់សាធារណជន ៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ Jurist