ភ្នំពេញ : តារាសម្ដែងក្នុងខ្សែរឿងអប់រំ
រសជាតិជីវិត នាង ណុប សោភ័ណ្ឌ បានវេចបង្វេច ត្រៀមចាកចេញពីទឹកដីកំណើត ហើយប្ដូរឈ្មោះ ប្ដូរសញ្ជាតិទៅរស់នៅលើទឹកដីអូស្ត្រាលី តាមបុរសស្បែកសជាស្វាមី រួចធីបចោលសិល្បៈ ស្របពេលដែលនាងក៏ទើបតែបន្សាបបានពាក្យអកុសលជុំវិញរឿងមានកូន មុនរៀបការផងនោះ។
បើនិយាយពីកេរ្តិ៍ឈ្មោះ តារាស្រីរូបនេះ មិនសូវមានគេស្គាល់ប៉ុន្មានទេ ប៉ុន្តែបើនិយាយដល់ស្នាដៃសិល្បៈ ណុប សោភ័ណ្ឌ បានសាងស្នាដៃច្រើនគ្រាន់បើដែរ។ តារាស្រីរូបនេះ បានរំលេចចេញស្នាដៃចំនួន៨រឿង ដែលក្នុងនោះរួមមាន ភាពយន្តខ្នាតធំរឿង
រាជិនីពស់ បាត់ខ្លួន គ្រួសារសាប៊ូ និងរឿងប្រភេទអប់រំមួយចំនួនទៀត។
យ៉ាងណាមិញ គោលដៅក្នុងការដណ្ដើមភាពល្បីល្បាញក្រោយសាងភាពលេចធ្លោ ក្នុងវិស័យភាពយន្ត ហាក់មិនលេចចេញផ្លែផ្កាចំពោះខ្សែជីវិតនាងឡើយ។ ម្ល៉េះហើយ ទើបធ្វើឲ្យនាងរសាត់ខ្លួនបាត់ឆ្ងាយបន្តិចម្ដងៗពីវិថីសិល្បៈ រហូតដល់មានរឿងរសើបទាក់ទងនឹងការដែលនាងមានកូនមួយស្ងាត់ៗហើយ ទើបតែដឹកដៃបុរសកំណាន់ចិត្តចូលរោងការ។
ជួបជាមួយ ភ្នំពេញប៉ុស្ដិ៍ នាង ណុប សោភ័ណ្ឌ ដែលបែកសាច់ធាត់ ក្រោយពេលក្លាយជាម្ដាយទារកវ័យជាងបីខែនោះ បានរៀបរាប់ពីជីវិតស្នេហាខុសប្រក្រតីរបស់ខ្លួនថា នាងបានលោតរំលងរនាំងប្រពៃណីខ្មែរ ដោយសារតែបុរសអូស្ត្រាលីឈ្មោះ ម៉ាឌែន ប៉ូលដាម៉ែន ដែលបច្ចុប្បន្នជាស្វាមីស្របច្បាប់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
នាងនិយាយថា ខ្លួនបានស្គាល់បុរសវ័យជាងសែរូបនោះ នៅពេលដែលនាងកំពុងលេចធ្លោក្នុងសិល្បៈ។ ទោះយ៉ាងណាក្ដី ក្រោយពីសម្រេចចិត្តរួមរស់ជាមួយបុរសនោះ រហូតពពោះខ្ទាតធំ នាងក៏ប្រឈមនឹងភាពប្រថុយប្រថានដែរ ក្នុងពេលកន្លង់វ័យជ្រេនោះ ស្រាប់តែចាកចេញចោលនាង ហើយទៅសម្ងំនៅអូស្ត្រាលីបាត់ឈឹង ដែលរុញច្រានឲ្យនាងអស់សង្ឃឹមជាច្រើនអន្លើ។
ណុប សោភ័ណ្ឌ និយាយថា៖
មុនរៀបការជាមួយគាត់ កាលពីថ្ងៃទី១៦ ខែមករា ខ្ញុំពិតជារែកពន់ភាពអាម៉ាស់តែម្នាក់ឯងអ៊ីចឹងមែន ពិសេសពេលគាត់ស្រាប់តែមិនព្រមចុះមកស្រុកខ្មែរក្នុងពេលពោះខ្ញុំ ជិតគ្រប់ខែ។
យ៉ាងណាមិញ តារាវ័យ២៣ឆ្នាំរូបនេះ អះអាងថា ភាពអាស្រូវដែលនាងបានបង្កាត់ឡើង បានលាងជម្រះដោយចំណងអាពាហ៍ពិពាហ៍នោះបានជ្រះស្រឡះហើយ ពិសេសក្រោយពេលដែលស្វាមីនាងដែលជាបុគ្គលិកផ្នែកអេឡិចត្រូនិករូប នោះ ផ្ដល់លិខិតឲ្យនាងចេញទៅរស់នៅក្នុងនាមជាពលរដ្ឋម្នាក់នៅលើ ទឹកដីអូស្ត្រាលី។
តារារូបនេះនិយាយថា៖
ពួកខ្ញុំអត់ទាន់មានអេតាស៊ីវិលអីទេ ប៉ុន្តែស្វាមីខ្ញុំប្រាប់ថា ចាំទៅដល់ស្រុកកំណើតគាត់ចាំធ្វើលិខិតក៏បានដែរ!។
ណុប សោភ័ណ្ឌ បញ្ជាក់ថា នាងត្រូវតែត្រៀមបង្វេចនាំកូនប្រុសឡើងទៅកាន់ទឹកដីថ្មី ជាមួយលោក ប៉ូលដាម៉ែន ក្នុងពេលឆាប់ៗ ដ្បិតចង់យកតំណក់ឈាមរបស់ខ្លួនរូបនេះ ទៅចុះបញ្ជីនៅទឹកដីថ្មី ដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពីរដ្ឋាភិបាលអូស្ត្រាលី។
នាងនិយាយថា៖
ខ្ញុំមិនទាន់កំណត់ពេលចាកចេញទេ ប៉ុន្តែវាអាស្រ័យលើសុខភាពកូនខ្ញុំ ហើយបើតាមខ្ញុំស្មានមិនអាចយូរទៀតទេ ព្រោះស្វាមីខ្ញុំក៏ប្រញាប់ចាកចេញទៅវិញដែរ!។
យ៉ាងណាមិញ វិថីសិល្បៈរបស់នាងមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។ នាងអាចទទួលសម្ដែងម្ដងម្កាល នៅអូស្ត្រាលី ឬនៅពេលនាងឡើងចុះស្រុកខ្មែរ ប្រសិនបើមានសំណើ ដោយសារស្វាមីរបស់នាង ចូលចិត្តការងារសិល្បៈណាស់ ទើបលោកសម្រេចដើរផ្លូវជីវិតមួយនេះជាមួយនាង។
តារាដែលកំពុងតែកក់ក្ដៅពីចំណងស្នេហ៍ ដែលធ្លាប់ត្រូវបានគេពេបជ្រាយមួយនេះ បាននិយាយបិទបាំងតម្លៃបណ្ណាការ ថា៖
ធម្មតាគាត់ស្រឡាញ់យើង អ្វីដែលគាត់ផ្ដល់ គាត់ឲ្យយើងបានប្រាកដជាខំទិញឲ្យតែទាំងអស់ហ្នឹង តែខ្ញុំមិនចង់រៀបរាប់ទេ កុំឲ្យគេថា ខ្ញុំទទួលយកគាត់ដោយសារប្រាក់។
នាងយល់ថា ការសម្រេចចិត្តចាកចេញពីកម្ពុជា ទៅរស់នៅលើទឹកដីថ្មី គឺជាជម្រើសដ៏ល្អបំផុតដែលនឹងធ្វើជីវិតនាងកាន់តែមានសុភមង្គល ស្របពេលដែលនាងក៏គ្រោងបង្កើតកូនពីរបីនាក់ទៀត ទុកជាចំណងដៃផងដែរ៕
http://khmer.phnompenhpost.com/index...tyle&Itemid=79