រាជធានីភ្នំពេញ ៖ កញ្ញាគឹម រ៉ូហ្សា ក្នុងវ័យ២៥ឆ្នាំ ជាអ្នកបង្ហាញម៉ូដម្នាក់ដែលមានរូបសម្ផស្សស្រស់សោភា និងទេពកោសល្យបង្ហាញម៉ូដល្អ ហើយពេលនេះបានក្លាយជាតួឯកក្នុងរឿង
ចន្ទចាកវេហាស៍ របស់ផលិត កម្មវិស្ណុភាពយន្ត។ កញ្ញាគឹម រ៉ូហ្សា ឱ្យដឹងថា នាងមានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ។នាងមានបងប្អូនស្រី២នាក់ ក្នុងនោះរូបនាងជាកូនពៅ ។ ដោយសារស្រឡាញ់សិល្បៈបង្ហាញម៉ូដនៅឆ្នាំ២០០៥ នាងបានមកភ្នំពេញចូលហាត់រៀនជាមួយលោកខេវិន នៅស្ថានីយទូរទស្សន៍CTN ។ មិនយូរប៉ុន្មាននាងក្លាយជាតារាបង្ហាញម៉ូដ ហើយតែងតែចេញបង្ហាញម៉ូដឱ្យក្រុមហ៊ុននានាក្នុងរាជធានីភ្នំពេញ ព្រមទាំងធ្លាប់ចេញទៅសម្តែងនៅប្រទេសបារាំងម្តង។
កញ្ញាគឹម រ៉ូហ្សា រំលឹកថា កាលពីឆ្នាំ១៩៩៩ នាងធ្លាប់ប្រឡងច្រៀងជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តបាត់ដំបង ដោយច្រៀងបទ
ស្នេហ៍ក្រោមម្លប់ជ្រៃ ។ នាងសំរេចចិត្តបណ្តែតជីវិតចូលប្រឡូកក្នុងវិស័យសិល្បៈចាប់ ពីឆ្នាំ២០០៥ មកគឺធ្វើជាតារាបង្ហាញម៉ូដ។ ក្នុងអាជីពជាអ្នកបង្ហាញម៉ូដរយៈពេល៥ឆ្នាំនេះនាងមានការងារច្រើន ពិសេសនៅឆ្នាំ២០១១នេះនាងមានឱកាសបានចូលរួមសម្តែងឱ្យផលិតកម្ម វិស្ណុភាពយន្តដោយអ្នកដឹកនាំរឿងតម្រូវឱ្យនាងសម្តែងជាតួឯក។ រឿងនេះនឹងចេញថតនៅថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០១១ ។ រឿង
ចន្ទចាកវេហាស៍ និពន្ធនិងដឹកនាំរឿងដោយលោកជ័យ រិទ្ធា ។
កញ្ញាគឹម រ៉ូហ្សា និយាយថា សាច់រឿងចន្ទចាកវេហាស៍ឆ្លុះបញ្ចាំងពីជីវិតក្មេងស្រីលក់កាសែត ខាត់ស្បែកជើង លក់ផ្កា លក់ប៉េងប៉ោង ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ និងបន្តការសិក្សានៅមហាវិទ្យាល័យរហូតក្លាយខ្លួនជានិស្សិតពូកែ។ កញ្ញារ៉ូហ្សា និយាយថា នេះជាលើកទី១ហើយដែលនាងបានសម្តែងជាតួឯកភាពយន្តដូច្នេះនាងនឹង ខិតខំប្រឹងសម្តែងឱ្យអស់ពីសមត្ថភាព ៕
http://kohsantepheapdaily.com.kh/art...26-204732.html