ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ព្រមានចាត់ វិធានការណ៍ផ្សេងៗ លើក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈ នៅកម្ពុជា ប្រសិនបើ ក្រុមហ៊ុនទាំងនោះ មិនអនុវត្តន៍តាមការ ព្រមព្រៀងជាមួយ និងរាជរដ្ឋាភិបាល ក្នុងការកំណត់ថ្លៃ ដែលមាន លក្ខណៈ រលាស់ និងទាន់ពេលវេលា។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា បានថ្លែង កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នេះថា ក្រោយមានកិច្ចប្រជុំរវាងមន្ត្រីរាជរដ្ឋាភិបាល ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម ជាមួយនឹង បណ្តាតំណាង ក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈទាំងអស់នៅកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ រួចមកក្រុមហ៊ុន ទាំងនោះ បានយកសំណើររបស់រដ្ឋាភិបាល ដែលស្នើឲ្យកំណត់ថ្លៃ ដែលមានលក្ខណៈ រលាស់និងទាន់ពេលវេលា ទៅពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំរបស់ពួកគេ និងសន្យាដល់ចម្លើយ ជូនក្រសួងពាណិជ្ជកម្មវិញ។ ជាលទ្ធផលក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈ នៅកម្ពុជាភាគច្រើន បានឯកភាពជុំវិញ ទៅនឹងសំណើររបស់រដ្ឋាភិបាល ដែលស្នើឲ្យមាន គោលការ កំណត់តំលៃប្រេងសាំង តាមលក្ខណៈរលាស់ និងទាន់ពេលវេលា ហើយមានតែក្រុមតិចតួចប៉ុណ្ណោះ ដែលមិនមែនបានឆ្លើយបត ដោយអះអាងថា ថ្នាក់ដឹកនាំក្រុមហ៊ុនរវល់នៅក្រៅប្រទេស។

លោក កែន រដ្ឋា បានថ្លែងថា «បើទោះបីជាក្រុមហ៊ុនប្រេងទាំងនោះ មិនទាន់បញ្ចុះតំលៃ ជាក់ស្តែងយ៉ាងណាក្តី ប៉ុន្តែពួក គេបានឯកភាព តាមសំណើរាជរដ្ឋាភិបាល ក្នុងការកំណត់ថ្លៃតាមលក្ខណៈរលាស់ និងទាន់ពេលវេលា ហើយប្រសិនបើ នៅពេលខាងមុខតំលៃប្រេងឆ្អិន នៅទីផ្សារអន្តរជាតិបានធ្លាក់ចុះ តែក្រុមហ៊ុនទាំងអស់នោះ មិនព្រមបញ្ចុះតំលៃ ទៀតនោះ យើងនឹងមានវិធានការណ៍ កោះប្រជុំ និងវិធានការណ៍ផ្សេងៗទៀត ស្របតាមការកំណត់របស់ថ្នាក់ដឹកនាំ»។

យ៉ាងណាក៏ដោយមជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា បើទោះបីជាមានការឯកភាពគ្នា រវាងរដ្ឋាភិបាល និងក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈ យ៉ាងណាក្តីគេនៅមិនទាន់ឃើញ ការបញ្ចុះតំលៃប្រេងឥន្ធនៈជាក់ស្តែង នៅឡើយនោះទេ ពោលតំលៃ ប្រេងសាំង នៅតាមស្ថានីយ៍ធំៗមួយចំនួន នៅបន្តរក្សានៅតំលៃដដែល ពោលសាំងធម្មតាតំលៃ ៣៨៥០រៀល និងសាំងស៊ុបព៊ែរតំលៃ៤១០០រៀល ។

កន្លងមកការកំណត់ថ្លៃប្រេងឥន្ធនៈ របស់ក្រុមហ៊ុនចែកចាយប្រេង មានរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជារឿយៗ សម្តេចតែងតែថ្លែងបន្ទោស ក្រុមហ៊ុន ទាំងនោះ ពីការកំណត់តំលៃសាំង ក៏ព្រោះតែពេលតំលៃប្រេង នៅទីផ្សារអន្តរជាតិធ្លាក់ ក្រុមហ៊ុននៅតែលក់ តំលៃដដែល៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល