បរិបទជីវិត នៅក្នុងសង្គម បើយើងសំឡឹងមើលតែមួយផ្នែក យើងនឹងឃើញតែភាពស្រស់ស្អាត ភាពភ្លឺស្វាង ភាពហ៊ឺហារ និងភាពសប្បាយរីករីការាយ។ ប៉ុន្ដែកុំភ្លេចថា នៅក្នុងសង្គម ដែលយើងគិតថា ល្អត្រចះត្រចង់នោះ ក៏នៅមានការឈឺចាប់ ការយំបង្ហូរទឹកភ្នែក ការទទួលរងអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្ដ ការរើសអើង ការប្រមាទមើលងាយ ការផិតក្បត់ និងការឈឺចាប់ផ្សេងទៀតរាប់មិនអស់ ដែលធ្វើឱ្យអ្នក ដែលទទួលរងនូវអំពើ និងការឈឺចាប់ទាំងនោះ ត្រូវតស៊ូជម្នះទើបអាចរួចផុតពីពេលវេលាដ៏លំបាកនោះ។ វេទនាអារម្មណ៍បែបនោះ បានធ្វើឱ្យមនុស្សមិនតិចនាក់ទេ គិតអវិជ្ជមានរហូតបញ្ចប់ជីវិតខ្លួនឯង ទាំងពុំបានតស៊ូជម្នះដោះស្រាយបញ្ហាទាំងនោះឡើយ ប៉ុន្ដែក៏មានមនុស្សខ្លះ ខំអត់ធ្មត់ស្ទើរស្លាប់ស្ទើររស់ ដោយមានក្ដីសង្ឃឹមដ៏ស្ដួចស្ដើងថា ការឈឺចាប់នេះនឹងកន្លងផុតទៅ ហើយភាពភ្លឺស្វាងនៃជីវិតនឹងចូលមកដល់។

ជាក់ស្ដែងស្រ្ដីខ្មែរពិការមួយកំណាត់ខ្លួនម្នាក់វ័យ ៣៤ ឆ្នាំ មកពីខេត្ដបាត់ដំបង អ្នកនាង សៀង សុខច័ន្ទ បានទួញយំបង្ហូរទឹកភ្នែកស្ទើររីងស្ងួតពីនេត្រា ដោយការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ តាំងពីកុមារភាព រហូតដល់ពេញវ័យ។ ការឈឺចាប់របស់នាង ផ្ដើមចេញពីកម្មអាក្រក់ពីអតីតជាតិ ដោយគ្រាប់កាំភ្លើងមួយគ្រាប់ បានផ្លោងមកចាក់ដោតកាយារបស់នាង ធ្វើឱ្យនាងដួលស្ដូកស្ដឹងនៅលើដីស្ទើរនឹងស្លាប់ និងជាហេតុផលតែម្យ៉ាង ដែលធ្វើឱ្យនាងពិការរាងកាយមួយកំណាត់ខ្លួន ដោយត្រូវជិះលើរទេះរុញតាំងពីអាយុ ១២ ឆ្នាំរហូតដល់បច្ចុប្បន្ន។ ពិការភាពរបស់នាង មិនត្រឹមតែធ្វើឱ្យនាងឈឺចាប់តែផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្ដែវាបានក្លាយជាអណ្ដាតភ្លើងដ៏ក្ដៅ ដុតកម្លោចចិត្ដនាងឱ្យឆេះខ្លោចគ្មានផ្សែងស្ទើរក្ស័យសង្ខារលែងប្រាថ្នារស់។ ការឈឺចាប់ពើតផ្សារនេះ កើតចេញពីការប្រមាទមើលងាយ និងការរើសអើងចំពោះពិការភាពរបស់នាង ពីសំណាក់សាច់ញាតិ និងបុរសជាឪពុក។

ការឈឺចាប់ប៉ុណ្ណេះ នៅមិនល្មាក់ល្មម ស្រ្ដីរស់យ៉ាងរងាររូបនេះ ត្រូវបានស្វាមីបោះបង់ចោល ទៅស្រវាចាប់យកស្រីថ្មី ដោយមិនអាល័យរូបនាងឡើយ និងបានបន្សល់ទុកកូនប្រុសពីរនាក់រស់ទាំងវេទនា ជាមួយម្ដាយពិការក្នុងវាលវដ្ដសង្សារ។ ស្រ្ដីម្នាក់នេះ បានរំពឹងការមើលថែរក្សាពីស្វាមី ព្រោះខ្លួនជាមនុស្សពិការ ប៉ុន្ដែផ្ទុយទៅវិញ បុរសនោះបានធ្វើឱ្យនាងកាន់តែឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន។ នាង បានអស់សង្ឃឹមលែងចង់រស់ ប៉ុន្ដែសុខចិត្ដខាំមាត់សង្កត់ចិត្ដបន្ដរស់ ដោយទឹកចិត្ដអាណិតកូនប្រុសតូចៗទាំងទ្វេគ្មានអ្នកមើលថែ។

ជួបសម្ភាសន៍ជាមួយ Camnews ស្រ្ដីពិការជិះលើរទេះ រូបនេះ បាននិយាយរៀបរាប់ប្រាប់អំពីដំណើរជីវិតរបស់នាងទាំងអួលដើមក ទឹកភ្នែករលីងរលោងថា កាលពីឆ្នាំ ១៩៩៤ នាងរងភាពពិការ ដោយសារត្រូវគ្រាប់កាំភ្លើងចំឆ្អឹងខ្នង នៅអំឡុងពេលថ្ងៃចូលឆ្នាំខ្មែរទី ២ ខណៈសម័យនោះ មានការប្រើប្រាស់អាវុធ និងបាញ់បោះសេរី ប៉ុន្ដែពេលនោះ រូបនាងផ្ទាល់ពុំដឹងថា ខ្លួនត្រូវគ្រាប់កាំភ្លើងឡើយ។ នាងបានរំលឹកឡើងវិញថា៖” ខ្ញុំជួយ ទៅយកឥវ៉ាន់យាយខ្ញុំ ខ្ញុំអាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៦ ពេលខ្ញុំដើរមកពីផ្សារសំដៅមកផ្ទះវិញ ខ្ញុំឱនរើសស្បែកជើង ស្រាប់តែមានអារម្មណ៍ថា ដូចមានគេវាយ បីបួនដំបងពីក្រោយអ៊ីចឹង។ ពេលនោះ ខ្ញុំបានដួលចំដុំគ្រួសក្រហម ហើយដុំគ្រួសបានចូលទៅក្នុងមុខរបួសនោះ ដល់ពេលអ៊ីចឹងយាយខ្ញុំស្មានតែខ្ញុំខ្យល់គដួល ក៏យកថ្នាំជក់ញ៉ុកចូលក្នុងមុខរបួស”។

ក្រោយពីរងរបួស រូបនាងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឱ្យលោកឪពុករបស់នាងជាអ្នកបីនាងទៅ ប៉ុន្ដែនាពេលនោះនាងពុំអាចកម្រើករាងកាយបានឡើយ។ ពេលទៅដល់ មន្ទីរពេទ្យនាង ពុំបានទទួលការព្យាបាលពីសំណាក់គ្រូពេទ្យភ្លាមៗទេ ដោយសារគ្រូពេទ្យរវល់ធ្វើការវះកាត់អ្នកជំងឺផ្សេងទៀត ដែលរងរបួសដោយសារត្រូវគ្រាប់កាំភ្លើង។ ដោយសារក្រុមគ្រួសាររបស់នាង ពុំបានដឹងថា នាងត្រូវគ្រាប់កាំភ្លើង ពួកគាត់ប្រាប់គ្រូពេទ្យថា នាងមានអាការៈខ្យល់គ ដូច្នះនាងត្រូវបានឱ្យសម្រាកមួយកន្លែង ដើម្បីរង់ចាំការព្យាបាល។

គួរឱ្យអាណិតពន់ពេក មុខរបួសនោះ បានធ្វើឱ្យរូបនាងឈឺចុកចាប់ពេញទាំងខ្លួន រហូតរកកលក្អួត សូម្បីតែបន្ទោរបង់ទឹកមូត្រក៏មិនចេញ។ ទោះបីមានសភាពឈឺចាប់យ៉ាងនេះក្ដី នាងនៅតែពុំបានទទួលការពិនិត្យអាការៈ ឬការព្យាបាលនោះទេ ដោយទុកនាងចោលរហូតរយៈពេលមួយយប់។ លុះព្រឹកឡើង ដោយឃើញអាការៈចម្លែក គ្រូពេទ្យក៏បាននាំនាងទៅថតមើលឆ្អឹងខ្នង ហើយក៏បានដឹងថា នាងត្រូវគ្រាប់កាំភ្លើង ក្រោយការពិនិត្យលទ្ធផលរយៈពេលមួយសប្ដាហ៍។

ដោយសាររបួស មានសភាពធ្ងន់ធ្ងរពេក គ្រួសាររបស់នាង ពុំសង្ឃឹមថា នាងនឹងមានជីវិតរស់ឡើយ ប៉ុន្ដែបើរស់ ក៏រស់នៅក្នុងភាពពិការក្នុងកម្រិតធ្ងន់ធ្ងរដែរ។ នៅពេលនោះឪពុករបស់នាងបានគិតក្នុងចិត្ដថា បើនាង នឹងរស់ទាំងភាពពិការយ៉ាងលំបាកវេទនាបែបនេះ គួរតែពិភាក្សាជាមួយពេទ្យឱ្យចាក់ថ្នាំឱ្យនាងស្លាប់ដោយស្រួលទៅ ប៉ុន្ដែនៅពេលនោះ អ្នកម្ដាយរបស់នាងបានឃាត់ ដោយនិយាយថា ដរាបណាគាត់នៅមានជីវិត គាត់មិនអនុញ្ញាតឱ្យធ្វើបែបនេះចំពោះនាងឡើយ បើទោះបីជានាងពិការដើរពុំរួចយ៉ាងណាក៏ដោយ។

អំឡុងពេល នាងស្នាក់នៅព្យាបាលជំងឺ នៅមជ្ឈមណ្ឌលព្យាបាលជំងឺខួរឆ្អឹងខ្នង ម្ដាយរបស់នាង បានធ្លាក់ខ្លួនឈឺ ក្រោយពេលសម្រាលកូន ដោយសារព្រួយចិត្ដរឿងជំងឺរបស់នាងផង និងភាពក្រីក្រលំបាកផង។ ភាពលំបាកចិត្ដ បានធ្វើឱ្យគាត់ពិសាបាយមិនបាន សម្រាន្ដមិនលក់ បូករួមទាំងសរសៃខ្ចីទើបសម្រាលកូនទៀតនោះ គាត់ក៏បានខ្យល់គស្លាប់បាត់បង់ជីវិតទៅ ដែលនៅពេលនោះ នាងពុំបានដឹង ពីការស្លាប់របស់ម្ដាយនាងឡើយ។

មិនយូរប៉ុន្មាន នាងបានចេញពីពេទ្យមករស់នៅផ្ទះជាមួយឪពុក និងបងប្អូន ដោយជិះតែនៅលើរទេះ។ អំឡុងពេលរស់នៅជាមួយក្រុមគ្រួសារ ឪពុក និងបងប្អូនរបស់នាង មិនសូវយកចិត្ដទុកដាក់ ឬរវល់ជាមួយនាងឡើយ ដែលបងប្អូនរបស់នាងខ្លះ បានចោទថានាងធ្វើពត់ជាឈឺដើរមិនរួច និងបានប្រមាថមើលងាយ និងរើសអើងចំពោះនាងផងទៅទៀត។ ចំណែកបងស្រីរបស់នាងវិញ បានទម្លាក់កំហុសទៅលើនាងថា នាងជាមូលហេតុ ដែលធ្វើឱ្យម្ដាយរបស់នាងស្លាប់។

ការព្រងើយកន្ដើយមិនយកចិត្ដទុកដាក់ចំពោះពិការភាព ការទម្លាក់កំហុស ការប្រមាទមើលងាយ និងរើសអើងពីសំណាក់ក្រុមគ្រួសាររបស់នាង បានធ្វើឱ្យរូបនាងឈឺចិត្ដ និងឆ្អែតចិត្ដ ពេលបរិភោគបាយកាលណា ទឹកនេត្រាហូរគ្មានល្ហែរ។ នាងនិយាយទាំងស្រក់ទឹកភ្នែកថា៖ “ពេលគេនិយាយប៉ះពាល់អារម្មណ៍ ខ្ញុំឈឺចាប់ ពិបាកចិត្ដហូបបាយមិនចូល និយាយរួមគិតថា ប្រហែលជា ជំងឺអ៊ីចឹងយូរទៅប្រហែលជាអាចស្លាប់”។

បើទោះជាពិការរាងកាយ នាងនៅតែមានចិត្ដចង់ទៅរៀន ប៉ុន្ដែនាងពុំអាចចូលរៀនបានដូចបំណងនោះឡើយ ដោយសារសាលា ដែលនាងត្រូវរៀនស្ថិតនៅខ្ពស់ ដែលមិនបង្កលក្ខណៈងាយស្រួលដល់ការឡើងចុះរៀននោះទេ។ អលទ្ធភាព និងឧបសគ្គ ក្នុងការរៀនសូត្រ ការរើសអើង និងការមិនផ្ដល់កម្លាំងចិត្ដពីសំណាក់ក្រុមគ្រួសារ រឹតតែធ្វើឱ្យនាងពិបាកចិត្ដកាន់តែខ្លាំង។

ជាភ័ព្វសំណាង នៅថ្ងៃមួយ មណ្ឌលជនពិការ នៅខេត្ដបាត់តំបង បានចូលទៅមើលទិដ្ឋភាពរបស់នាងផ្ទាល់នៅឯផ្ទះ។ ដោយឃើញរូបនាង មានភាពពិការ និងលំបាកវេទនា ខាងមណ្ឌល បានបញ្ជូននាងទៅបន្ធូរអារម្មណ៍ពិបាកចិត្ដ ក្នុងមណ្ឌលរយៈពេលកន្លះខែ ស្របពេលនោះដែរ ខាងមណ្ឌល បានជ្រើសរើសអ្នកដេរសម្លៀកបំពាក់ នាងក៏សម្រេចចិត្ដទៅរៀនជំនាញដេរ ប៉ុន្ដែនៅពេលមករៀនជំនាញដេរនៅភ្នំពេញ នាងជួបការលំបាក ក្នុងការប្រើប្រាស់បន្ទប់ទឹក។ នាថ្ងៃមួយ អង្គការ ILO បាន ចុះមកជួបនាងផ្ទាល់ និងបានសាកសួរពីការលំបាករបស់នាង។ បន្ទាប់ពីបានដឹងពីភាពលំបាករបស់នាងហើយ អង្គការនេះ បានបញ្ជូននាង ទៅមណ្ឌលជនពិការ JCIA ភ្នំពេញថ្មី ដែលមានបណ្ដុះបណ្ដាលជំនាញកាត់ដេរដូចគ្នាដែរ ដែលមានការឧបត្ថម្ភពីប្រជាជនជប៉ុន។

នៅចន្លោះឆ្នាំ ១៩៩៨-៩៩ នាងបានរៀនចេះជំនាញដេរ ហើយមណ្ឌល JCIA បានផ្ដល់ម៉ាស៊ីនដេរឱ្យនាង មួយគ្រឿង ដើម្បីប្រកបអាជីពជាជាងកាត់ដេរសម្លៀកបំពាក់។ ប៉ុន្ដែដោយក្រុមគ្រួសាររបស់នាង មានភាពក្រីក្រ នាងនៅតែជួបការលំបាក ក្នុងការប្រកបរបរជាជាងកាត់ដេរ ពីព្រោះនាងពុំមានប្រាក់កាសដើម្បីទិញសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ក្នុងការកាត់ដេរឡើយ។ ម្យ៉ាងទៀត មនុស្សម្នា មិនចង់ជួលរូបនាងឱ្យកាត់ដេរសម្លៀកបំពាក់របស់ពួកគេនោះទេ ដោយសារឃើញសភាពពិការរបស់នាង ខ្លាចដេរទៅមានសភាពយឺតយ៉ាវមិនទាន់សេចក្ដីត្រូវការរបស់ពួកគេ បូករួមទាំងការស្ដីបន្ទោសពីសំណាក់បងប្អូនរបស់នាងទៀតនោះ នាងក៏សម្រេចចិត្ដចាកចេញពីផ្ទះ។ នាងបាននិយាយថា៖ “បើស្លាប់ឱ្យស្លាប់តែម្នាក់ឯងទៅចុះ មិនបាច់ឱ្យបងប្អូន ឬឪពុកម្ដាយដឹងនោះទេ។ ចាត់ទុកថា កើតមកលើលោកនេះ អត់មានឪពុក អត់មានបងប្អូនទៅចុះ”។

ការចាកចេញពីផ្ទះលើកនេះ ជីវិតរបស់នាង ចាប់ផ្ដើមប្រឡូក ក្នុងឆាកជីវិត ដោយគ្មានគ្រួសារ ដែលបាន ទៅសុំស្នាក់អាស្រ័យ នៅផ្ទះមិត្ដភក្ដិ ព្រមទាំងជួយលក់នំមិត្ដភក្ដិផងទៅទៀត។ អំឡុងពេលរស់នៅជាមួយមិត្ដភក្ដិ ដែលជាជនពិការដូចគ្នា នាងបានទៅហាត់ និងលេងបាល់ទះ ដោយទទួលបានប្រាក់កម្រៃ ៥០០០ រៀល ក្នុងមួយថ្ងៃ។

ក្រោយមកទៀត មិនយូរប៉ុន្មាន នៅឆ្នាំ ២០០២-២០០៣ នាងបានជួបស្វាមីទី១ របស់នាង ដែលបុរសនោះបានសន្យាថា នឹងស្រឡាញ់ ព្រមទាំងមើលថែទាំនាងរហូត ប៉ុន្ដែនៅពេលដែលនាងមានផ្ទៃពោះកូនដំបូង ឪពុកម្ដាយរបស់ស្វាមីនាង បានបំបែកស្វាមីចេញពីនាង ដោយបង្ខំឱ្យកូនប្រុសរបស់គាត់ទៅដណ្ដឹងប្រពន្ធថ្មី ដែលមានអវយវៈគ្រប់គ្រាន់។ ដោយតាមការអុជអាលរបស់ឪពុកម្ដាយ ស្វាមីរបស់នាងចាប់ផ្ដើមក្រពុលមុខ រករឿង និងវាយដុំរូបនាង និងចាកចោលរូបនាង ទៅយកប្រពន្ធថ្មី។ នាងនិយាយទាំងអួលដើមកថា៖” ខ្ញុំនឹកឃើញថា ខ្លួនឯងអត់មានបងប្អូន អត់មានឪពុកម្ដាយហើយ ស្រាប់តែពេលមានប្ដីពឹងអត់បានទៀត មានកូនទៀត ហើយពិការទៀត ធ្វើម៉េចទៅ”។

ក្រោយពីបែកពីប្ដី នាងឈឺចាប់ក្នុងចិត្ដជាខ្លាំង ប៉ុន្ដែដោយនាងមានមិត្ដភក្ដិ ដែលជាជនពិការដូចគ្នា និងធ្លាប់ជួបរឿងឈឺចាប់ដូចគ្នាអ៊ីចឹង ពួកគេបានផ្ដល់យោបល់ និងប្រឹក្សាជាមួយនឹងនាង ទើបនាងបានធូរស្រាលក្នុងចិត្ដមួយចំនួនធំ។ នៅវេលាជិតគ្រប់ខែ ស្វាមីរបស់នាង បានត្រឡប់មករកនាងវិញ និងជួយនាងក្នុងពេលសម្រាលផងដែរ ប៉ុន្ដែក្រោយពេលសម្រាលកូនមិនបានប៉ុន្មានផង ស្វាមីរបស់នាងតែងធ្វើបាបទាំងផ្លូវចិត្ដ និងផ្លូវកាយរបស់នាង រៀងរាល់ពេល ដែលគាត់ផឹកស្រាស្រវឹង ដូច្នេះនាងក៏សម្រេចចិត្ដលែងលះស្វាមីរបស់នាងដាច់តែម្ដង ដោយតស៊ូចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងលំបាកវេទនា និងដើររស់នៅតាមសំយ៉ាបផ្ទះទាំងពីរនាក់ម៉ែកូន។

ក្រោយមកទៀត នៅឆ្នាំ ២០០៧ ខាងអង្គការ CNVLD បានរើសជនពិការប្រណាំងរទេះ Marathon ហើយនាងក៏បានជាប់ការធ្វើតេស្ដកីឡា Marathon ក្នុងចំណោម ៥ នាក់។ គ្រានោះ នាងត្រូវបានជ្រើសរើសឱ្យធ្វើប្រធានក្រុម បង្ហាត់កីឡា Marathon ប៉ុន្ដែនាងទៅបង្ហាត់មិនបានជាប់លាប់នោះទេ ដោយសារតែបានប្រាក់កម្រៃតិចពេក។

ឆ្លងកាត់ឆាកជីវិត យ៉ាងត្រដាបត្រដួស និងវេទនា ក្រោមការប្រើអំពើហិង្សារបស់ស្វាមី ដែលមានពេលខ្លះវាយដុំច្រំធាក់នាងទាំងសរសៃខ្ចី ហើយមានពេលខ្លះចាក់សោនាង នៅក្នុងផ្ទះ ព្រមទាំងបីនាងទម្លាក់ភក់ និងការបណ្ដេញចេញពីផ្ទះ ពីសំណាក់ឪពុក និងការប្រមាថមើលងាយពីក្រុមគ្រួសារ បានធ្វើឱ្យការរស់នៅរបស់នាងរងការឈឺចាប់ពើតផ្សារ ស្ទើរមិនចង់រស់ ប៉ុន្ដែនាងនៅតែបន្ដជីវិតរស់ ដើម្បីឃើញមុខកូន។ មិនយូរប៉ុន្មាន នាងក៏ជួបស្វាមីទី ២ និងពរពោះកូនម្នាក់ទៀត ប៉ុន្ដែអំឡុងពេលមានផ្ទៃពោះ ស្វាមីទី ២ របស់នាង ក៏បានចាកចោលនាងទៅទៀត ដោយទុកឱ្យនាងសម្រាលកូន និងចិញ្ចឹមទាំងពីរយ៉ាងវេទនា។

ដោយសារតែការអត់ធ្មត់ព្យាយាម សុខ ច័ន្ទ ត្រូវបានជ្រើសរើស ឱ្យធ្វើជាគ្រូបង្ហាត់កីឡាបាល់បោះដល់ជនពិការរបស់អង្គការ CNVLD និងបានលើកទឹកចិត្ដដល់ស្រ្ដីជាជនពិការឱ្យមានការព្យាយាមតស៊ូ ក្នុងឆាកជីវិត ដោយប្រើបទពិសោធន៍ដ៏ឈឺចាប់ ដែលនាងធ្លាប់ហែរឆ្លងផងដែរ។ មិនតែប៉ុណ្ណោះ រូបនាង ត្រូវបានជាប់ឆ្នោតជាប្រធានតំណាងវេទិកាស្រ្ដីពិការខេត្ដបាត់ដំបង(BWWDI)។ នៅពេលនេះ សុខ ច័ន្ទ ជាស្រ្ដីពិការម្នាក់ ដែលមានភាពរឹងមាំ ទាំងការងារជាគ្រូបង្ហាត់ និងដើរតួជាឪពុកផង និងជាម្ដាយផង ក្នុងការចិញ្ចឹមបីបាច់កូនទាំងពីរឱ្យមានអាហារហូបចុកគ្រប់គ្រាន់ និងទទួលបានការសិក្សាដូចគេឯង៕

អត្ថបទ៖ សារ៉ាត