ភ្នំពេញ: តារាស្រីល្បីគួរសមនាង ឈិត សុវណ្ណបញ្ញា ហាក់មិនសូវលេចចេញផ្លែផ្កាណាមួយទាល់តែសោះ នៅក្នុងឆាកជីវិត។ ភាពមិនដល់ត្រើយទាំងអាជីពសិល្បៈ រឿងមុខជំនួញ បញ្ហាស្នេហា និងបរិញ្ញាបត្រ ដែលត្រូវបានតារារូបនេះ ទទួលស្គាល់ថា ខ្លួនពិតជានៅទ្រឹងដូចទូកមិនទាន់រកឃើញច្រាំងអ៊ីចឹងមែន ប៉ុន្តែអ្វីដែលនាងរំពឹងចង់បាននាពេលនេះ គឺឱកាសបញ្ចប់ការសិក្សាដែលបានព្យួរចោលអស់ច្រើនឆ្នាំនោះច្រើន ជាង។
រយៈពេលច្រើនឆ្នាំលើមាគ៌ាសិល្បៈ ឈិត សុវណ្ណ បញ្ញា បានត្រឹមតែអាចធ្វើឲ្យក្រុមស្រទាប់មហាជនស្គាល់ច្បាស់ថា ខ្លួនជាតារាចម្រៀងយុវវ័យមួយរូបក្នុងចង្កោមតារាលេចធ្លោនៅ ក្នុងផលិតកម្មហង្សមាសប៉ុណ្ណោះ។ ប៉ុន្តែបើនិយាយដល់ចំណុចកំពូលដូចតារាក្រោមដំបូល រួមមាន សុគន្ធ និសា និង ឱក សុគន្ធកញ្ញា នាពេលនេះ គឺនាងមិនទាន់អាចក្រសោបបានឱកាសនោះនៅឡើយទេ បើទោះជានាងប្រឹងលេងស្ទីល និងរាំកញ្ជ្រោកស្ទើររញ្ជួយឆាកឲ្យប្រិយមិត្តជាច្រើនលាន់មាត់ជា អន្លើក្ដី។
ក្នុងជំនួបចុងក្រោយ នៅពហុកីឡដ្ឋានអូឡាំពិក នាង ឈិត សុវណ្ណបញ្ញា ទទួលស្គាល់ថា ក្នុងចំណោមតារាស្រីល្បីឈ្មោះនៅហង្សមាស គឺមានតែរូបនាងម្នាក់ប៉ុណ្ណោះ ដែលនៅស្ទើរលើគ្រប់ជំហាន ទាំងប្រវត្តិនៃការសិក្សា រឿងរ៉ាវស្នេហា និងមិនមានលទ្ធភាពបើកជំនួញ ដើម្បីលើកមុខមាត់ដូចគេឯងអ៊ីចឹងមែន។ ទោះយ៉ាងណា តារាស្រីរូបនេះ មិនចាត់ទុកថាខ្លួនឯងជាបុគ្គលបរាជ័យឡើយ ពោលគឺវាគ្រាន់តែជំហានដែលត្រូវនាងចាត់ថា ជាងការចាប់ផ្ដើមតែប៉ុណ្ណោះ។
នាងនិយាយថា៖
ខ្ញុំទើបតែអាយុ២៤ប៉ុណ្ណឹង បានប៉ុណ្ណឹងក៏មិនមែនជារឿងធម្មតាដែរ សំខាន់គឺប្រឹងប្រែងទៀតទៅ ពិតជាល្អជានេះហើយ។
តារាហង្សមាសរូបនេះ បានបញ្ជាក់ដោយសំនួនវាចាបែបស្រទន់ថា រឿងឯកជន ដែលគ្មានមុខជំនួញ ឬគ្មានស្នេហាមិនចោទជាដុំកំភួនចំពោះនាងឡើយ ប៉ុន្តែអ្វីដែលនាងឈោងមិនដល់ក្នុងអាជីពចម្រៀង និងគ្មានឱកាសបញ្ចប់មហាវិទ្យាល័យ ទើបជារឿងដែលធ្វើឲ្យនាងស្មុគស្មាញក្នុងចិត្ត។
ឈិត សុវណ្ណបញ្ញា បានព្យួរការសិក្សាក្នុងឆ្នាំ២០០៨ ក្នុងពេលដែលនាងទើបឈានចូលរៀនផ្នែកពាណិជ្ជកម្មឆ្នាំទីពីរ នៅសាកលវិទ្យាល័យន័រតុន។
មូលហេតុនៃការព្យួរការសិក្សានេះ ត្រូវបាននាងអះអាងថា ដោយសារភាពមមាញឹកក្នុងអាជីពសិល្បៈ ខណៈដែលប្រភពខ្លះបានអះអាងថា មកពីមានបុរសទ្រព្យស្ដុកមួយរូប តាមអុកឡុកនាងដល់ថ្នាក់រៀន ក្នុងពេលដែលនាងកំពុងល្បីខ្លាំង ទើបធ្វើឲ្យនាងសម្រេចចិត្តមិនចូលបន្តវិញដល់បច្ចុប្បន្ននោះ។
តារារូបនេះ និយាយថា៖
រឿងអ្នកតាមស្រឡាញ់យើង វាចេះតែមានហើយ តែគ្មានអ្នកហ៊ានមកអុកឡុកយើងដល់ថ្នាក់ហ្នឹងទេ ការពិតគឺខ្ញុំចូលសាលាមិនកើតព្រោះតែរឿងរវល់ហ្វឹកហាត់ក្បាច់រាំ និងថតបទចម្រៀងពេកទេតើ។
មកដល់ឆ្នាំថ្មីនេះ ឈិត សុវណ្ណបញ្ញា ហាក់រយាលការងារអាជីពនេះច្រើន ពិសេសក្រោយពេលដែលនាងបញ្ចប់ដំណើរចេញច្រៀងនៅក្រៅប្រទេស ដែលក្ដាប់បានម្នាក់ឯង ដល់ទៅពីរបីដង កាលពីឆ្នាំ២០១០។
តារារូបនេះនិយាយថា អាជីពនាងអាចថា ដកឃ្លាបានមែន ប៉ុន្តែការសិក្សាមិនទាន់អាចវិលឈោងចាប់វិញបានភ្លាមៗឡើយ ព្រោះនាងមិនទាន់ត្រៀមខ្លួនរួច។
ឈិត សុវណ្ណបញ្ញា និយាយថា៖
ខ្ញុំរកគិតថា ទំនេរអីមិនកើតទេ ព្រោះការងារសិល្បៈថ្មីៗ ចេះតែមានមិនដាច់ ប៉ុន្តែខ្ញុំនឹងមិនទ្រឹងត្រឹមឆ្នាំទីពីរហ្នឹងទេ គឺប្រាកដជារកពេលចូលសាលា ដើម្បីសន្សំជំនាញ ទៅថ្ងៃអនាគត។
ឈិត សុវណ្ណបញ្ញា កំពុងទទួលបានការគាំទ្រក្នុងបទចុងក្រោយ ចំណងជើងថា
ខ្លាចពាក្យឈឺចាប់ បន្ទាប់ពីឡើងកូដជាមួយវ៉ុល
យំកំដរភ្នែក និង យល់អារម្មណ៍អូនខ្លះផង។ សន្ទស្សន៍នៃភាពល្បីល្បាញដែលនៅមានកម្រិតនេះ គេត្រូវចាំអ៊ុតមើល ក្នុងវ៉ុលបន្តបន្ទាប់ទៀត ដែលក្នុងនោះបូករួមទាំងការបង្ហាញស្ទីលប្លែកដែលនាងគ្រោងនឹង បង្ហាញក្នុងវេទិកាប្រគំតន្ត្រី របស់ហង្សមាស នាថ្ងៃ១៤ ខែកុម្ភៈ ខាងមុខនេះ។
តារារូបនេះមិនរំពឹងថា អាចឈានដល់ចំណុចកំពូលក្នុងនាមជាតារាចម្រៀងឡើយ ប៉ុន្តែនាងអះអាងថា ខ្លួននឹងមិនអាចទើរនៅកណ្ដាលទីបែបនេះគ្រប់ចំណុចឡើយ គឺដាច់ខាតត្រូវតែឈោងឲ្យបានកោះត្រើយនៃការសិក្សាដែលនាងអះ អាងថា ត្រូវតែកើតមានមុនគម្រោងជួបគូព្រេងនោះ។
តារារូបនេះនិយាយថា៖
រឿងបើកជំនួញ ឬចេញធ្វើការ ខ្ញុំក៏កំពុងតែគិតគូរ ដែរ អ៊ីចឹងហើយទើបខ្ញុំចង់វិលចូលរៀនមហាវិទ្យាល័យវិញ ព្រោះយើងមិនអាចពឹងពាក់តែសិល្បៈឬការទំនុកបម្រុងពីស្វាមីក្រោយ រៀបការបានទេ៕
http://khmer.phnompenhpost.com/index...tyle&Itemid=79