(ភ្នំពេញ)៖ លោកអនុសេនីយ៍ទោ មាស ថន នាយនគរបាលស្តីទីប៉ុស្ដិ៍បាក់ខែង និងមន្ត្រីប៉ុស្ដិ៍លោក ឡុង សៅ ក្នុងខណ្ឌជ្រោយចង្វារ ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួន សាកសួរក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះថា បានឃុបឃិតគ្នាដោះលែងជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនាមួយបានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពបានឲ្យដឹងថា បុរសដែលបានប្ដឹងទៅស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌មានឈ្មោះ ឡាំង ផា អាយុ៤៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៣៤Z ផ្លូវលេខ២៤៧ ក្រុម២៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវជាឪពុករបស់ជនរងគ្រោះ ឈ្មោះ ឡាំង សុផារ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ដោយបានស្នើសុំឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ មេត្តាមានវិធានការលើ នាយប៉ុស្ដិ៍បាក់ខែងស្ដីទីឈ្មោះ មាស ថន ទៅតាមវិន័យកងកម្លាំងនគរបាលជាតិ និងសុំទាមទារថ្លៃព្យាបាលរបួស និងជំងឺចិត្តចំនួន ៨ពាន់ដុល្លារ។ រីឯជនសង្ស័យឈ្មោះ សុខ ចាន់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ។

ប្រភពបានឲ្យដឹងទៀតថា ការឃាត់ខ្លួនមេប៉ុស្តិ៍ស្តីទី និងមន្ត្រីប៉ុស្តិ៍បាក់ខែងទាំង២រូបនេះ បានធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុន ដើម្បីនាំខ្លួនទៅសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បន្ទាប់ពីបុរសជាឪពុក បានប្តឹងទៅស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ដើម្បីឲ្យជួយស្រាវជ្រាវរកយុត្តិធម៌ រឿងមេប៉ុស្ដិ៍ស្ដីទី និងមន្ត្រីប៉ុស្ដិ៍បាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ កាលពីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា ដែលបានប្រើកាំបិតផ្គាក់កាប់ទៅលើកូនប្រុសរបស់គាត់ ខណៈកំពុងអង្គុយហូបបាយនៅខាងក្រោមផ្ទះ បណ្ដាលឲ្យរងរបួសហូរឈាម ដោយមិនបានមួយដង្ហើមចង្រិតផង ស្រាប់តែព្រឹកឡើង ត្រូវបានដោះលែងទៅវិញ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី