(ភ្នំពេញ)៖ ប្រជាពលរដ្ឋមូលដ្ឋាន បានរាយការណ៍ប្រាប់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យថា មានផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបើកភ្លើងបំភ្លឺចោលជាប់រហូត ហើយថែមទាំងមានរថយន្តម៉ាកឡិចស៊ីស RX-330 1គ្រឿង ចតចោលនៅក្បែរផ្ទះវីឡានោះទៀត គឺអស់រយៈពេល៤ថ្ងៃមកហើយ។ ហេតុការណ៍ផ្អើលឆោឡោនេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពី ប្រជាពលរដ្ឋមូលដ្ឋានហើយ លោកបានដឹកនាំកម្លាំងនគរបាល ចុះត្រួតពិនិត្យភ្លាម ហើយពិនិត្យឃើញថា រថយន្តម៉ាកឡិចស៊ីសនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5264 ប្លុងចោលនៅលើផ្លូវបេតុង ក្បែរផ្ទះវីឡាខាងលើនោះ ពិតមែន។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនស្គាល់ម្ចាស់ផ្ទះវីឡាខាងលើនោះឡើយ ប៉ុន្តែគ្រាន់តែដឹងថា «បុរសម្ចាស់ផ្ទះមានវ័យចំណាស់ ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ហើយបុរសនោះ មានប្រពន្ធវ័យក្មេងស្រស់ស្អាតម្នាក់ និងមិនស្គាល់ឈ្មោះដែរ»។ យូរៗម្ដងទើបឃើញគាត់មកស្រុកខ្មែរ និងស្នាក់នៅក្នុងផ្ទះវីឡានោះ ជាមួយប្រពន្ធវ័យក្មេង។

ប្រជាពលរដ្ឋបានបន្តថា នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺ៤ថ្ងៃមុន ពួកគាត់បានឃើញបុរសចំណាស់នោះ «ជិះរ៉ឺម៉កកង់បីចូលទៅក្នុងផ្ទះវីឡានោះ» ក្រោយមកក៏ឃើញ «ស្រ្តីជាប្រពន្ធរបស់គាត់ រួមជាមួយបុរសវ័យក្មេងម្នាក់ទៀត ដែលគេដឹងថាជាសហាយ» បានចូលទៅក្នុងផ្ទះនោះដែរ។ «ក្រោយមក ប្រជាពលរដ្ឋឃើញមានរថយន្តស្ព័រ ពណ៌ខ្មៅ ១គ្រឿង បើកចេញពីក្នុងផ្ទះវីឡានោះទៅបាត់» ចំណែកភ្លើងនៅក្នុងផ្ទះវីឡានោះ នៅបើកភ្លឺចិញ្ចាចរហូតមកដល់ ថ្ងៃនេះ តែម្ដង។

ឃើញភ្លើងក្នុងផ្ទះភ្លឺទាំងយប់ទាំងថ្ងៃដូចនោះ ម្យ៉ាងទៀតរថយន្តឡិចស៊ីសនៅទីនោះ ៤ថ្ងៃហើយ អត់មានម្ចាស់ទៅយកចេញទៀត ទើបប្រជាពលរដ្ឋ ឆ្លេឆ្លារាយការណ៍ប្រាប់កម្លាំងនគរបាល តាមដំណើររឿងរ៉ាវខាងលើ «ព្រោះខ្លាចបុរសម្ចាស់ផ្ទះ ត្រូវបានគេសម្លាប់នៅក្នុងផ្ទះនោះ ដោយឮថា ស្រ្តីជាប្រពន្ធវ័យក្មេងរបស់គាត់ មានសហាយនាំទៅដេកនៅក្នុងផ្ទះនោះ ស្ទើររាល់យប់ផង»។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកអធិការខណ្ឌពោធិ៍សែនជ័យ យឹម សារ៉ាន់ បានដឹកនាំកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ និងនគរបាលព្រហ្មទណ្ឌខណ្ឌ ចុះទៅពិនិត្យមើល និងបានសាកសួរបុរសអ្នករត់ម៉ូតូកង់បីម្នាក់ ដែលធ្លាប់ឌុបបុរសម្ចាស់ផ្ទះនោះ ផងដែរ។

បុរសអ្នករត់ម៉ូតូកងបីខាងលើ បានអះអាងប្រាប់លោកអធិការខណ្ឌថា គាត់ត្រូវបានបុរសដែលជាខ្មែរអាណិកជន ម្ចាស់ផ្ទះវីឡានោះ «ជួលឲ្យជួយតាមដានប្រពន្ធរបស់គាត់ ព្រោះសង្ស័យប្រពន្ធគាត់ មានប្រុសសហាយ» ហើយខ្លួនបានតាមឃើញនាងជាប្រពន្ធនោះ ពិតជាបាននាំប្រុសសហាយ ទៅដេកនៅក្នុងផ្ទះនោះ ស្ទើររាល់យប់មែន។

ទោះបីជាយ៉ាងណា មកដល់ពេលនេះ កម្លាំងនគរបាលនៅមិនទាន់ចូលទៅត្រួតពិនិត្យ នៅក្នុងផ្ទះវីឡានោះ នៅឡើយទេ រង់ចាំការបង្កើតគណៈកម្មការ និងការឯកភាពពីសំណាក់ លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាមុនសិន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី