(ភ្នំពេញ)៖ បុរសលក់បបរគ្រឿងម្នាក់ បាននាំស្រ្តីស្នេហ៍ ដែលមានទំនាក់ទំនងគ្នា តាមរយៈលេខទូរស័ព្ទ ប៉ុន្តែមិនដែលស្គាល់អត្តសញ្ញាណច្បាស់លាស់នោះទេ ហើយក៏បានឈានដល់ការណាត់ជួបគ្នា ទៅក្រេបទឹកឃ្មុំ នៅក្នុងផ្ទះសំណាក់មួយកន្លែង ក៏ត្រូវនាងជាគូស្នេហ៍ បានដាក់ថ្នាំសណ្ដំក្នុងទឹកក្រឡុក សន្លប់លែងដឹងខ្លួន យកគ្រឿងអលង្ការ លុយ និងម៉ូតូ ជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី២៨ ខែឧសភា នៅក្នុងផ្ទះសំណាក់យីហោ គន្ធា ប៊ុនហេង ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខញ្ឌពោធិ៍សែនជ័យ តែជនរងគ្រោះទើបដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនៅថ្ងៃទី៣០ ខែឧសភានេះ។ បុរសរងគ្រោះមានឈ្មោះ ឌឹម ប៊ុនលី អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកប្រសព្វ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយបានស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាត់បង់អស់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FA- 6983, ខ្សែកប្លាទីន១ខ្សែទម្ងន់៥ជី និងលុយចំនួន៤០ម៉ឺនរៀលផងដែរ។ ចំណែកនារីគូស្នេហ៍ខាងលើ មានឈ្មោះ ស្រីពៅ អាយុប្រហែលជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួល ម្ដុំភូមិអង្គ។ បុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកស្រីស្នេហ៏ ដែលស្គាល់គ្នាតាមទូរស័ព្ទ ទៅរួមមេត្រីនៅក្នុងផ្ទះសំណាក់យីហោ «គន្ធា ប៊ុនហេង»ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ដោយនៅក្នុងពេលនោះ ខ្លួនបានទិញទឹកក្រឡុក ទៅផឹកនៅក្នុងផ្ទះសំណាក់ផងដែរ ប៉ុន្តែពេលទៅដល់ផ្ទះសំណាក់ មិនទាន់ផឹកទឹកក្រឡុកនោះទេ ព្រោះរវល់តែរួមរ័ក្សសិន រហូតបានសម្រេចម្ដង ទើបខាងស្រីបង្ខំឲ្យខ្លួនផឹកទឹកក្រឡុក ដោយនាងនិយាយថា ផឹកទឹកក្រឡុកសិនទៅ ដើម្បីឲ្យមានកម្លាំងក្រេបទឹកឃ្មុំបន្តទៀត ខណៈនោះជនរងគ្រោះ ក៏បានផឹក ស្រាប់តែក្រោយមកក៏សន្លប់លែងដឹងខ្លួនតែម្តង។

ក្រោយឃើញជនរងគ្រោះសន្លប់ហើយ នារីនោះ បានប្រមូលយកទ្រព្យសម្បត្តិទាំងអស់ ចាកចេញទៅបាត់ស្រមោល រហូតដល់ម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៩ ទើបម្ចាស់ផ្ទះសំណាក់ប្រទះឃើញ និងបានហៅក្រុមគ្រួសារ នាំយកទៅកាន់មន្ទីរពេទ្យ លុះដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ទើបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅជួយតាមស្វែងរកជនសង្ស័យ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី