អាការៈទាំងឡាយនៃប្រព័ន្ធសរសៃប្រសាទចុះខ្សោយ គឺបង្ហាញឱ្យឃើញលក្ខណៈផ្សេងៗគ្នា អាស្រ័យទៅលើ ផ្នែកណាមួយនៃប្រព័ន្ធនោះត្រូវបានរងនូវផលប៉ះពាល់ ដែលអាចមានកម្រិតស្រាល ឬកម្រិតធ្ងន់ធ្ងរ។ អាការៈទាំងឡាយ ដែលអាចបង្ហាញថា ប្រព័ន្ធសរសៃប្រសាទចុះខ្សោយនោះរួមមានដូចជា ដកដង្ហើមបានខ្លីៗ ឈឺក្បាល បែកញើសច្រើន ខ្សោយសាច់ដុំ មានការចងចាំមិនល្អ ពិបាកផ្ដោតអារម្មណ៍ ឈឺចាប់ ស្ពឹកស្រពន់ និងមានអារម្មណ៍ថាក្ដៅ ដៃ និងជើង។ ដើម្បីកាត់បន្ថយហានិភ័យ នៃការរងវិបត្ដិពីប្រព័ន្ធសរសៃប្រសាទចុះខ្សោយ វាជារឿងចាំបាច់ ដែលអ្នកត្រូវទទួលខុសត្រូវចំពោះសុខភាពរាងកាយរបស់អ្នក។ ការគ្រាន់តែផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ ផ្លាស់ប្ដូររបបអាហារ និងប្រើវិធីធម្មជាតិមួយចំនួន អ្នកក៏អាចពង្រឹងប្រព័ន្ធសរសៃប្រសាទរបស់អ្នកឱ្យរឹងមាំ និងដឹកនាជីវិតប្រកបដោយសុខភាពល្អបានដែរ។ ខាងក្រោមនេះ CamNews សូមណែនាំនូវវិធី ៣ យ៉ាង ដើម្បីជួយឱ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នករឹងមាំ៖

១. ដកដង្ហើមឱ្យបានវែងៗ៖ ការដកដង្ហើមបានវែងៗគឺជាវិធីងាយៗក្នុងការអនុវត្ដ ប៉ុន្ដែវាជាទិកនិកដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រព័ន្ធសរសៃប្រសាទខ្សោយ។ វាអាចជួយឱ្យអ្នកមានអារម្មណ៍សម្រាកសម្រាន្ដ និងកាត់បន្ថយស្រ្ដេស។ លើសពីនេះទៀត ការដកដង្ហើមបានវែងៗលើកកម្ពស់សមត្ថភាពព្យាបាលរោគឱ្យជាសះស្បើយរបស់រាងកាយ និងជួយទប់ស្កាត់ឥទ្ធិពលនៃស្រ្ដេស និងការព្រួយចិត្ដ។

សូមទម្រេតខ្លួនឱ្យបានស្រួល ឬអង្គុយនៅក្នុងចលនាដ៏ល្អប្រសើរមួយ ដោយដាក់ដៃទាំងពីររបស់អ្នកនៅលើពោះ។

សូមដកដង្ហើមឱ្យបានវែងៗតាមច្រមុះរបស់អ្នក ដោយបញ្ឈរខ្លួនរបស់អ្នកឱ្យត្រង់ ហើយបន្ទាប់មកហឺតចូលទៅវិញ។

ទប់ខ្យល់ដង្ហើមរបស់អ្នកឱ្យបាន ៣វិនាទី បន្ទាប់មកដកដង្ហើមចេញក្រៅយឺតៗតាមមាត់របស់អ្នក និងបញ្ចេញខ្យល់ឱ្យអស់ពីសួតរបស់អ្នក។

បន្ដដកដង្ហើមចេញ និងចូលឱ្យបានវែងៗ រយៈពេល ៥ ទៅ ១០នាទី។

សូមរីករាយក្នុងការអនុវត្ដការដកដង្ហើមវែងៗនេះ ឱ្យបានពីរ ឬបីដងក្នុងមួយថ្ងៃ។

២. ពន្លឺព្រះអាទិត្យ៖ ពន្លឺព្រះអាទិត្យមានប្រសិទ្ធភាពជួយគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ ដែលជួយឱ្យរាងកាយផលិតចេញនូវវីតាមីនD។ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ ២០១៣ ចុះផ្សាយនៅក្នុងរបាយការណ៍ឱសថចលនាសាស្រ្ដបានបង្ហាញ ពីទំនាក់ទំនងរវាងភាពកង្វះវីតាមីនD និងការធ្លាក់ចុះនូវជំងឺនៃប្រព័ន្ធសរសៃប្រសាទកណ្ដាល(ខួរក្បាល និងខួរឆ្អឹងខ្នង) ជាពិសេសជំងឺវិកលចរិត និងជំងឺ multiple sclerosis។

សូមឱ្យរាងកាយរបស់អ្នកប៉ះនឹងពន្លឺព្រះអាទិត្យ នាពេលព្រឹកព្រលឹមស្រាងៗ ដោយមិនចាំបាច់ប្រើក្រែមការពារពន្លឺព្រះអាទិត្យប្រភេទ Sunscreen នោះទេ ឱ្យបាន ១០ ទៅ ១៥នាទីរាល់ថ្ងៃ ដើម្បីលើកកម្ពស់កម្រិតវីតាមីនD នៅក្នុងរាងកាយរបស់អ្នក។

ម្យ៉ាងទៀត អ្នកអាចទទួលបានវីតាមីនD ពីប្រភេទអាហារមួយចំនួនដូចជា ត្រីសាម៉ុន ត្រីទូណា ទឹកដោះគោ ស៊ុត និងធញ្ញជាតិសម្រាប់អាហារពេលព្រឹក ដែលសម្បូរទៅដាយវីតាមីនD។ អ្នកអាចប្ដូរជម្រើសទៅប្រើឱសថបង្រ្គប់ជាតិវីតាមីនD បាន ក្រោយការប្រឹក្សាជាមួយវេជ្ជបណ្ឌិត។

៣. ជាតិម៉ាញ៉េស្យូម៖ ម៉ាញ៉េស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់មួយប្រភេទ សម្រាប់ញ៉ាំងឱ្យប្រព័ន្ធសរសៃប្រសាទមានសុខភាពល្អ។ ភាពកង្វះសារធាតុរ៉ែប្រភេទនេះ មានឥទ្ធិពលរារាំងនូវធាតុ Neurotransmitter ដែលទ្រទ្រង់ការបញ្ជូនសញ្ញារវាងកោសិកាសរសៃប្រសាទ។ លើសពីនេះទៀត វាជំនួយដល់ការផលិតចេញនូវសារធាតុ Serotonin របស់រាងកាយ ដែលមានប្រសិទ្ធភាពជួយឱ្យប្រព័ន្ធសរសៃប្រសាទបានសម្រាក និងជួយឱ្យមានអារម្មណ៍ល្អ ព្រមទាំងជួយលើកកម្ពស់ឱ្យសាច់ដុំបានសម្រាកផងដែរ។

សូមពិសាអាហារ ដែលសម្បូរដោយជាតិម៉ាញ៉េស្យូមដូចជា ស្ករសូកូឡាពណ៌ខ្មៅ ស្លឹកផ្ទី សាឡាដ ចេក គ្រាប់អាល់ម៉ិន អង្ករសម្រូប និងគ្រាប់ល្ពៅ។

ម្យ៉ាងទៀត អ្នកក៏អាចជ្រើសមកប្រើឱសថបង្រ្គប់ជាតិម៉ាញ៉េស្យូមបានដែរ ប៉ុន្ដែត្រូវប្រឹក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីឱ្យការប្រើឱសថនេះបានត្រឹមត្រូវល្អ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ top10homeremedies