(អវកាស)៖ នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ព័ត៌មានថា អាចម៍ផ្កាយដ៏ធំមហិមាមួយ នឹងធ្វើដំណើរមកបុកភពផែនដីរបស់យើង ក៏ប៉ុន្តែជាក់ស្តែង វាគឺជាពាក្យចចាមអារ៉ាមដើម្បីបំភ័យមនុស្សលោកសុទ្ធសាធ ដោយសារអាចម៍ផ្កាយ ដែលមានឈ្មោះថា «2016 WF9» គ្រាន់តែនឹងធ្វើដំណើរហោះឆ្លងកាត់ ក្បែរផែនដីប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីគេហទំព័រព័ត៌មាន The Sun នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ទីភ្នាក់ងារអវកាសណាសា (NASA) របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា អាចម៍ផ្កាយ 2016 WF9 ដែលត្រូវបានគេប្រទះឃើញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ កំពុងតែបោះពួយ ឆ្ពោះមកកាន់ភពផែនដី ហើយយើងគួរតែអាចមើល វាឆ្លងកាត់ភពរបស់យើងនៅចុងខែកុម្ភៈនេះ។ អាចម៍ផ្កាយ 2016 WF9 ត្រូវបានគេកំណត់ថា នឹងមកដល់ផែនដីនៅថ្ងៃទី២៥ ខែកុម្ភៈ និងស្ថិតនៅចម្ងាយ៥១លាន គីឡូម៉ែត្រពីភពផែនដី ហើយក្រុមអ្នកជំនាញនៅទីភ្នាក់ងារ NASA ជឿជាក់ថាអាចម៍ផ្កាយ 2016 WF9 មានមុខកាត់ចន្លោះពី០.៥ ទៅ១គីឡូម៉ែត្រ។

NASA បានគូសបញ្ជាក់ថា «ទិសដៅធ្វើដំណើររបស់អាចម៍ផ្កាយ 2016 WF9 ត្រូវបានសិក្សាស្វែងយល់យ៉ាងជាក់ច្បាស់ ហើយវត្ថុអវកាសនេះ មិនមែនជាការគំរាមកំហែងដល់ភពផែនដី នាពេលអនាគតឡើយ»។ ប៉ុន្តែបណ្ឌិតជនជាតិរុស្ស៊ី មួយរូបឈ្មោះ Dyomin Damir Zakharovich បានចោទប្រកាន់អង្គការណាសាថា បានព្យាយាមបិទបាំងការពិត ដោយដុំថ្មអវកាសនេះ កំពុងសំដៅមកចំ ហើយនឹងបុកជាមួយភពផែនដីតែម្តងនៅថ្ងៃទី១៦ ខែកុម្ភៈសប្តាហ៍ក្រោយនេះ ហើយបង្កជារឿងរលកយក្សស៊ូណាមិដ៏ធំសម្បើមមួយ ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង