បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៥ នេះពលរដ្ឋរស់នៅ ក្នុងភូមិព្រៃព្រិច បាននាំគ្នាតវ៉ា សុំឲ្យអាជ្ញាធរ មូលដ្ឋាន ជួយរកដំណោះស្រាយ សុំទម្លាក់អ្នកស្រីមេភូមិ ហុក លឿម ចេញពីតំណែង ទោះបីពួកគាត់មកស្នើ សុំចំនួន៣លើក ហើយ តែអាជ្ញាធរសង្កាត់មិនទាន់មាន វិធានការចំពោះបញ្ហានេះទេ។

ក្រុមប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា អ្នកស្រីមេភូមិព្រៃព្រិច ហុក លឿម រូបនេះតែងតែ យកអំណាចជាមេភូមិ គៀបសង្កត់ទារលុយ ប្រើអំណាច ប្រើអំពើហិង្សា លើពលរដ្ឋ ប្រើអំណាច មើលងាយប្រមាថ វៃទាត់ធាក់ ប្រើអំណាចមិនអោយពលរដ្ឋ ចាក់ធុងបាស់រាំកម្សាន្ត នៅពិធីបុណ្យទាននានា ជាពិសសនោះ គ្រាន់តែ ពលរដ្ឋមកធ្វើលិខិតស្នាមអ្វីមួយគឺទារប្រាក់ មិនក្រោម១០ម៉ឺនរៀល ដូចជាលិខិត មរណភាព តម្លៃ១០ម៉ឺនរៀល លិខិតសុំរៀបអាពាហ៍ពិពាហ៍ តម្លៃ១៥ម៉ឺនរៀល លិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លី តម្លៃ៤៥ម៉ឺនរៀល ។

ពួកគាត់បន្តថា ប្រសិនបើខាងអាជ្ញាធរ សង្កាត់មិនរកវិធានការ ច្បាស់លាស់នោះទេ ពួកគាត់បន្តធ្វើរហូត ការតវា ដល់សាលាក្រុង និងសាលាខេត្ត ហើយពួកគាត់នឹងរៀបចំ ឯកសារទាំងអស់ បញ្ជូនទៅតុលាការដើម្បីចាត់ការ ចំពោះលោកស្រី មេភូមិខាងលើនេះ ជាមិនខាន។

ពួកគាត់បានបញ្ជាក់ ការមកតវ៉ានៅមុខសាលាសង្កាត់ ប៉ោយប៉ែតនេះ គឺជាលើកទី៣ហើយ ដោយលោកនុត លី ចៅសង្កាត់ប៉ោយប៉ែត បានសន្យា ចំនួន២០ថ្ងៃនឹងរកដំណោះស្រាយ ចំពោះបញ្ហានេះ តែជាក់ស្តែង លោកចៅសង្កាត់ សន្យា ខ្យល់តែប៉ុណ្ណោះ ។ ជាក់ស្តែងនៅព្រឹកនេះ លោកនុត លី ចៅសង្កាត់បានមកដោះស្រាយ និងហៅតំណាងពលរដ្ឋ ទៅចូលតុចរចាគ្នា និងធ្វើពាក្យបណ្តឹង ប្តឹងទៅថ្នាក់លើ។

ដោយឡែកលោកនុត លី ចៅសង្កាត់ប៉ោយប៉ែតបានថ្លែងថា ករណីខាងលើនេះ គឺលោកព្យាយាម រកដំណោះស្រាយ ជូនពលរដ្ឋ និងយករបាយការណ៍ ទាំងអស់បញ្ជូន ទៅក្រុមប្រឹក្សា និងអាជ្ញាធរ ក្រុងដើម្បីបើកអង្គប្រជុំ និងសម្រេចរបៀបណា តើដកលោកស្រីមេភូមិ ឬយ៉ាងណា ប្រសិនជាថ្នាក់លើសម្រេច បែបណាលោក នឹងយកព័ត៌មានផ្តល់ជូន ពលរដ្ឋរស់នៅក្នុងភូមិ ព្រៃព្រិចជ្រាប ខាងមុនឆាប់ៗ តែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល