(ម៉ូស្គូ)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានរំពឹងថានឹងទៅបំពេញ ដំណើរទស្សនកិច្ចនៅឯទីក្រុង ម៉ូស្គូនារដូវក្តៅនៃឆ្នាំ២០១៧នេះ ក្រោមការអញ្ចើញរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដើម្បីពិភាក្សាការងារស្តីពី ប្រធានបទជាច្រើន ដែលជាពិសេសនោះគឺរឿងទិញដូរអាវុធតែម្តង។ នេះបើសម្តីរបស់លោក Igor Morgulov អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Igor Morgulov បានថ្លែងថា «លោកប្រធានាធិបតីហ្វីលីពីន មានលិខិតអញ្ជើញនៅក្នុងដៃហើយ រីឯការមកបំពេញដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខក្នុងឆ្នាំ២០១៧នេះ ប្រហែលជានៅអំឡុងរដូវក្តៅ»។ ការធ្វើអត្ថាធិប្បាយរបស់លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានធ្វើឡើង នៅក្រោយពេលដែលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថា ប្រទេសហ្វីលីពីនត្រៀមលក្ខណៈរួចជាស្រេចក្នុងការទិញដូរ អាវុធពីប្រទេសរុស្ស៊ី។

គួរបញ្ជាក់ដែរថា នាអំឡុងដំណើរបំពេញទស្សនកិច្ចក្នុងទីក្រុងម៉ូស្គូកាលពីខែធ្នូ ឆ្នាំ២០១៦ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay បានប្រាប់ទៅកាន់លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីថា រដ្ឋាភិបាលទីក្រុងម៉ានីល មានបំណងចង់កសាងកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខ និងវិស័យការពារជាតិជាមួយប្រទេសរុស្ស៊ី។ ម៉្យាងវិញកាលពីខែមករាកន្លងទៅថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានឡើងទៅកាន់នាវាពិឃាត Admiral Tributs របស់រុស្ស៊ី ដើម្បីជួបសំណេះសំណាលជាមួយក្រុមការងារនៅលើនោះផងដែរ បន្ទាប់ពីវាបានធ្វើដំណើរទៅដល់រដ្ឋធានីម៉ានីល៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី