(ញូយ៉ក)៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបំបែកនយោបាយ ការបរទេសរបស់អាមេរិក រាប់ទសវត្សរ៍មកនេះ ដោយបានងាកមកធ្វើការពិភាក្សាយ៉ាងបើកចំហរ ជាមួយនឹងលោកស្រី ត្សៃ អ៉ីងវិន ប្រធានាធិបតីរបស់កោះតៃវ៉ាន់ ហើយដែលប្រការនេះ នឹងក្លាយជាហានិភ័យខ្ពស់ដែលអាចបង្កើត ជាបញ្ហាដ៏អាក្រក់ជាមួយនឹងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយ ដោយChannel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រីការិយាល័យលោក ដូណាល់ ត្រាំ បានបញ្ជាក់ក្រោយពីអនាគត ប្រធានាធិបតីអាមេរិកផ្លូវការរូបនេះធ្វើការពិភាក្សា តាមទូរស័ព្ទដោយផ្ទាល់ជាមួយនឹងលោកស្រី ត្សៃ ប្រធានាធិបតីស្ត្រីដំបូងនៃកោះតៃវ៉ាន់ យ៉ាងដូច្នេះថា «នៅអំឡុងកិច្ចពិភាក្សាគ្នា មេដឹកនាំទាំងពីរបានកត់សម្គាល់ អំពីការកសាងទំនាក់ទំនងជិតស្និទ្ធ ទាំងផ្នែកសេដ្ឋកិច្ច, នយោបាយ, និងរួមទាំងផ្នែកសន្តិសុខ។ លោក ដូណាល់ ត្រាំ ក៏បានអបអរសាទរចំពោះលោកស្រី ត្សៃ ដែលបានក្លាយជាមេដឹកនាំកោះតៃវ៉ាន់ ក្រោយការឈ្នះឆ្នោត កាលពីដើមឆ្នាំផងដែរ»។

ដោយឡែក សម្រាប់រដ្ឋាភិបាលលោកស្រី ត្សៃ វិញបានលើកឡើងអំពីសារៈសំខាន់ នៃការពង្រឹកទំនាក់ទំនងរវាងភាគីទាំងពីរ សហរដ្ឋអាមេរិក-កោះតៃវ៉ាន់ ហើយស្រី ត្សៃ និងលោក ត្រាំ ក៏បានដោះដូរមតិយោបល់គ្នាយ៉ាងច្រើនផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺភាគីទាំងពីរបានបង្ហាញចេតនា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក្នុងស្រុក និងវិស័យការពារជាតិថែមទៀត ដែលនឹងនាំឲ្យប្រជាជនទាំងអស់រីករាយ នឹងការរស់នៅប្រកបដោយសន្តិសុខ។

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះគេនៅពុំទាន់ឃើញ មានប្រតិកម្មតបណាមួយពីរដ្ឋាភិបាល ទីក្រុងប៉េកាំង ដែលតាមផ្លូវច្បាប់ គឺចាត់ទុកថាកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ចិននោះឡើយ។ ជាការពិតណាស់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ ក៏ធ្លាប់ទទួលបានការស្តីបន្ទោស ពីទីក្រុងប៉េកាំងផងដែរ ចំពោះការលូកមាត់លូកករឿងទីក្រុងហុងកុង។ ដោយឡែកចំពោះលោក ត្រាំ វិញគឺមិនពេញចិត្តនឹងប្រទេសចិន តាំងតែពីអំឡុងការឃោសនារកសំឡេង ឆ្នោតមកម្ល៉េះ ដោយលោកបានចោទថា ពាណិជ្ជកម្មមិនស្មោះត្រង់របស់ចិនជាមួយអាមេរិក បានធ្វើឲ្យអាមេរិកខាតបង់រាប់រយលានដុល្លារ ជារៀងរាល់ឆ្នាំ៕

ប្រភព ៖ CNA