(ភ្នំពេញ)៖ យុវតីអាយុ១៧ឆ្នាំម្នាក់ បាននាំក្រុមគ្រួសារទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួន រហូតចាប់វាយខ្នោះ ជនល្មោភកាមម្នាក់ភ្លាមៗ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពដោយយកកាំបិត ភ្ជង់គំរាមរំលោភលើរូបនាង បានសម្រេចដល់ទៅ២ដង។ ករណីគំរាមរំលោភខាងលើនេះបានកើតឡើង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ។ ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សារ៉ុន តារ៉ា អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅជាមួយមីង នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ គ.ល អាយុ១៧ឆ្នាំ មុខរបរជាអ្នករត់តុ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា និងមានស្រុកកំណើតនៅ ភូមិត្រដក់ពង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ មុនពេលកើតហេតុ ជនសង្ស័យបានយកកូនកាំបិតមកបង្ហាញ ហើយបាននិយាយ ប្រាប់ទៅក្មេងស្រីរងគ្រោះថា កាំបិតនេះទុកសម្រាប់សម្លាប់មនុស្ស។ លុះមកដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីជន សង្ស័យបានលក់ដូរចប់ ក៏បានសុំម្ចាស់ផ្ទះចូលទៅដេកខាងក្នុងផ្ទះ ខណៈរាល់ដងជនសង្ស័យតែងតែដេក នៅខាងក្រៅផ្ទះជានិច្ច។

លុះដល់ម៉ោង១យប់រំលងអធ្រាត្រ ជនសង្ស័យក៏បានចូលទៅបង្ខំចាប់រំលោភក្មេងស្រីរងគ្រោះ បានសម្រេចដល់ទៅ២ដង ដោយលើកទី១ វេលាម៉ោង១យប់ និងលើកទី២ នៅម៉ោង៣នាទីទៀបភ្លឺ ព្រមទាំងបានគំរាមសម្លាប់ ក្មេងរងគ្រោះចោលបើហ៊ានយករឿងទៅនិយាយប្រាប់គេ និងប្តឹងសមត្ថកិច្ចនោះ។ ដោយសារក្មេងស្រីរងគ្រោះនោះ មានការភ័យខ្លាច និងជនសង្ស័យបានគំរាមសម្លាប់បំបិតមាត់ ទើបក្មេងស្រីរងគ្រោះមិនហ៊ានស្រែកទេ ដោយទុកឲ្យជនសង្ស័យរំលោភបានសម្រេចដល់ទៅ២ដងក្នុង១យប់។ ក្រោយពីកើតហេតុ យុវតីរងគ្រោះ បានទៅប្រាប់បងប្រុសរបស់ខ្លួន រួចក៏នាំគ្នាទៅប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែឲ្យជួយរក យុត្តិធម៌និងទាមទារសំណងជំងឺចិត្តតែម្ដង។

ក្រោយពីកម្លាំងនគរបាល មូលដ្ឋានទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម ក៏សម្រេចស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនត្រូវសង្ស័យ ដើម្បីសួរនាំ ទាក់ទងការចោទប្រកាន់នេះ រហូតចាប់វាយខ្នោះតែម្តង។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃុំខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ តាមនីតិវិធីនៃផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី