(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ថា ផែនការវាយប្រហារ លើទីតំាងរោងចក្រនុយក្លេអ៊ែរ កូរ៉េខាងជើង ត្រូវបានគេរំឭកឡើង តំាងតែពី ឆ្នាំ១៩៩៤ មកម្ល៉េះ ដោយរដ្ឋបាលរបស់អតីត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បៀល គ្លីនតុន។ ប៉ុន្តែ ២២ឆ្នាំក្រោយមកនេះ ខណៈដែលទីក្រុងព្យុងយ៉ាង បានសាកល្បងអាវុធនុយក្លេអ៊ែ ជាលើកទី ០៥ របស់ខ្លួនក្នុងគោលបំណងអភិវឌ្ឍន៍ ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីបំពាក់លើមីស៊ីលផ្លោងឆ្លងទ្វីប នោះ តើផែនការក្នុងវាយប្រហារ ទីក្រុងព្យុងយ៉ាងនេះ នៅតែមានទៀតទេ?

ជុំវិញបញ្ហានេះដែរ ក្រុមអ្នកជំនាញជាច្រើនយល់ថា វាគឺពិតជាមានការលំបាកណាស់ ក្នុងការដឹកនំា ប្រតិបត្តិការវាយប្រហារលើកូរ៉េខាងជើង ត្បិតអីបរិបទនៅពេលនេះ មិនដូច២២ឆ្នាំមុនឡើយ ពោលគឺ កាលពីឆ្នាំ១៩៩៤ ទីក្រុងព្យុងយ៉ាង មានរោងចក្រនុយក្លេអ៊ែរ តែមួយគតនៅក្នុងតំបន់ Yongbyon ប៉ុន្តែសព្វថ្ងៃការតម្លើងរោងចក្រ នុយក្លេអ៊ែបានធ្វើឡើង នៅស្ទើរតែទូទំាងទឹកដីកូរ៉េខាងជើង។

ម្យ៉ាងវិញទៀត បើតាមធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា ៣៩ បើសិនជាគេចង់បើកការវាយប្រហារ របៀបនេះ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ លុះត្រាតែគេត្រូវកំណត់ឲ្យច្បាស់ថា អាវុធ នុយក្លេអ៊ែរ កូរ៉េខាងជើង កំពុងគំរាមកំហែងដល់សន្តិភាពឬទេ ហើយវានឹងត្រូវអនុម័តលើ ដំណោះស្រាយ មួយដែលរួមបញ្ចូលទំាង អន្តរគមន៍យោធាផងដែរ។

ក៏ប៉ុន្តែ បើផ្អែកលើភូមិសាស្ត្រនយោបាយ គ្រប់គ្នាសុទ្ធតែដឹងថា កូរ៉េខាងជើង ជាមហាមិត្តរបស់ចិន ដូច្នេះចិន មុខជានឹងប្រើសិទ្ធិវ៉េតូជំទាស់នឹងដំណោះស្រាយនេះ ហើយមិនតែប៉ុណ្ណោះ ក្នុងករណី សហរដ្ឋអាមេរិកប្រើប្រាស់ កម្លាំងយោធាលើកូរ៉េខាងជើង នោះទីក្រុងប៉េកំាង ក៏នឹងមិនឈរឱបដៃ មើលដែរដូចដែលខ្លួនធ្លាប់បានធ្វើ នៅអំឡុងសម័យសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) នោះដែរ។

គួររំឭកថា កាលពីឆ្នាំ២០១៣ ក្នុងបទសម្ភាសន៍ជាមួយ យ៉ុនហាប់ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលមានផែនការវាយប្រហារលើកូរ៉េខាងជើង កាលពីឆ្នំា ១៩៩៤ លោក William Perry បានគូសបញ្ជាក់ថា ពិភពលោកលែងមានលទ្ធភាពលុបបំបាត់ សមត្ថភាពនុយក្លេអ៊ែរកូរ៉េខាងជើង តាមមធ្យោបាយយោធាបានទៀតហើយ ព្រោះតែយើងឃើញនូវការកើនឡើងនៃ ចំនួនរោងចក្រ នុយក្លេអ៊ែរ និង ការវិវត្តន៍យ៉ាងឆាប់រហ័ស នៃគុណភាពអាវុធនុយក្លេអ៊ែររបស់ របបដឹកនំា ទីក្រុងព្យុងយ៉ាង តាមរយៈការធ្វើតេស្ត និងរបាយការណ៍សម្ងាត់ ដែលក្រុមជំនាញវិភាគ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង