តុលាការឧទ្ធរណ៍លំដាប់ទី ៥ របស់អាមេរិក បានចេញដីកា កាលពីថ្ងៃអង្គារដែលមានខ្លឹមសារថា អ្នកទោសប្រហារជីវិតនៅរដ្ឋតិចសាស ត្រូវតែបានផ្តល់មូលនិធិដើម្បីផ្ដួចផ្ដើមនូវកិច្ចការពារប្រឆាំងនឹងការប្រហារជីវិតរបស់គាត់ ដែលជិតមកដល់ ។ សេចក្ដីសម្រេចនេះ ធ្វើឡើងរយៈពេលពីរឆ្នាំ ក្រោយពីតុលាការ បានសម្រេចព្យួរទោសប្រហារជីវិត ដើម្បីពិចារណាលើបណ្ដឹងឧទ្ធរណ៍ ដែលប្ដឹងមកតុលាការ ដោយភ្ជាប់នូវហេតុផលថា ចុងចោទត្រូវបានតុលាការបដិសេធមិនអនុញ្ញាតឱ្យមានការតែងតាំងអ្នកប្រឹក្សាផ្នែកច្បាប់ និងទទួលមូលនិធិដើម្បីជួលអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តឡើយ។ លោក Scott Panetti ត្រូវបានតុលាការរដ្ឋ Texas ផ្តន្ទាទោសពីបទបាញ់ប្រហារ និងសម្លាប់ឪពុកម្តាយរបស់ប្រពន្ធគាត់ ក្នុងឆ្នាំ ១១៩២ ។

លោក Panetti ដែលត្រូវបានបញ្ជូនទៅព្យាបាលជំងឺវិកលចរិត នៅឯមន្ទីរពេទ្យ ត្រូវបានតុលាការទទូចឱ្យបង្ហាញខ្លួន នៅឯការជំនុំជម្រះក្ដី។ ក្នុងអំឡុងពេលជំនុំជម្រះក្ដី ជនជាប់ចោទរូបនេះ តែងតែនិយាយរវើរវាយ ហើយបានអំពាវនាវដល់លោក John F. Kennedy និងព្រះយេស៊ូវគ្រីស្ទ ដើម្បីឱ្យលោកទាំងពីរធ្វើជាសាក្សីការពារក្តីឱ្យខ្លួន។ លោក បានប្តឹងឧទ្ធរណ៍ ចំពោះសេចក្ដីសម្រេចផ្តន្ទាទោស និងការកាត់ទោសប្រហារជីវិតលើរូបលោក ដោយលើកជាសំអាងទាំងល្ងីល្ងើមិនស្របនឹងផ្លូវច្បាប់ ប៉ុន្តែសាលាឧទ្ធរណ៍ព្រហ្មទណ្ឌរដ្ឋតិចសាស់ បានច្រានចោលសេចក្ដីសម្រេចរបស់តុលាការជាន់ទាប។ តុលាការឧទ្ធរណ៍ បានចាត់ទុកការផ្តន្ទាទោសរបស់គាត់ជាមោឃៈ ហើយបានបញ្ជូនរឿងក្តីនេះត្រឡប់ទៅតុលាការស្រុកវិញដើម្បី "កំណត់សមត្ថភាពសារជាថ្មីរបស់លោក Panetti មុនពេលសម្រេចផ្ដន្ទាទោស" ។ សេចក្ដីសម្រេចរបស់តុលាការឧទ្ធរណ៍នេះ បានធ្វើសេចក្ដីសន្និដ្ឋានថា៖ "ការដោះស្រាយរឿងក្ដីដោយសុភវិនិច្ឆ័យ ផ្ដល់នូវកិច្ចការពារដល់អ្នកទោស ហើយការអនុវត្ដបែបនេះ ក៏ផ្ដល់នូវកិច្ចការពារដល់យើងទាំងអស់គ្នាដែរ" ។

នាពេលថ្មីៗនេះ ទោសប្រហារជីវិត បានក្លាយជាបញ្ហាដ៏សំខាន់មួយ នៅទូទាំងប្រទេសអាមេរិក។ កាលពីដើមខែនេះ លោក William Morva ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ដោយការចាក់ថ្នាំសម្លាប់ បន្ទាប់ពីអ្នកគាំទ្របរាជ័យក្នុងការបញ្ចុះបញ្ចូលអភិបាលរដ្ឋ Virginia លោក Terry McAuliffe ឱ្យផ្តល់ស្ថានសម្រាលទោសដល់គាត់ ដោយសារតែជំងឺផ្លូវចិត្ត។ នៅសប្តាហ៍នោះផងដែរ អភិបាលរដ្ឋផ្លរីដាលោក Rick Scott បានកំណត់កាលបរិច្ឆេទការប្រហារជីវិតលោក Mark Asay ដែលនឹងជាការប្រហារជីវិតដំបូងបង្អស់របស់រដ្ឋនេះ ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះ។ ការកាត់ទោសប្រហារជីវិតអ្នកទោស នៅរដ្ឋផ្លរីដាត្រូវបានផ្អាក បន្ទាប់ពីនីតិវិធីនៃការកាត់ទោសរបស់អ្នកទោសទាំងនោះ ត្រូវបានតុលាការកំពូលសហរដ្ឋអាមេរិក ចាត់ទុកថា មិនស្របតាមរដ្ឋធម្មនុញ្ញ។

នៅក្នុងខែមិថុនា តុលាការឧទ្ធរណ៍សហព័ន្ធ បានច្រានចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាប ហើយបានរកឃើញថា នីតិវិធីកាត់ទោសប្រហារជីវិតរបស់រដ្ឋអូហៃយ៉ូ មានអានុភាពតាមផ្លូវរដ្ឋធម្មនុញ្ញជាង។ នៅសប្តាហ៍ដដែលនោះ ចៅក្រមសហព័ន្ធ បានចេញសេចក្ដីបង្គាប់ឱ្យប្ដូរទៅអនុវត្ដនីតិវិធីកាត់ទោសប្រហារជីវិតរបស់រដ្ឋ Arizona វិញដោយសារតែពាក្យបណ្តឹងរបស់អ្នកទោស។ កាលពីដើមខែមិថុនា តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចសេចក្ដីថា ជំនួយផ្នែកចិត្តសាស្រ្តត្រូវតែបានផ្តល់ឱ្យសម្រាប់ចុងចោទ ដែលត្រូវតុលាការកាត់ទោសប្រហារជីវិត។

នៅខែឧសភា សភាតំណាងរាស្រ្ដរដ្ឋ Delaware បានអនុម័តសេចក្ដីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យអនុវត្ដទោសប្រហារជីវិតឡើងវិញ។ សេចក្ដីព្រាងច្បាប់ថ្មីរបស់រដ្ឋផ្លរីដា បានប្រកាសថា ការកាត់ទោសប្រហារជីវិត អាចត្រូវបានកំណត់ដោយចៅក្រមដោយផ្អែកលើអនុសាសន៍ជាឯកច្ឆ័ន្ទពីគណៈវិនិច្ឆ័យ ដែលត្រូវបានចុះហត្ថលេខាឱ្យចូលជាធរមាន នៅខែមីនា។ នៅក្នុងខែមករា តុលាការកំពូលអាមេរិក បានបដិសេធមិនធ្វើការពិចារណាលើការប្រឈមចំពោះប្រព័ន្ធកាត់ទោសប្រហារជីវិតរបស់រដ្ឋអាឡាបាម៉ា៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist