ភ្នំពេញ៖ យុវតី ដែលពឹងលើការលក់ត្រកួន ធាងក្តាត់ ធាងទ្រាវ និងផ្លែចេក ដើម្បីទ្រទ្រង់ការសិក្សារបស់ខ្លួន រហូត ទទួលបាននិទ្ទេស A កញ្ញា សឿ ស៊ីថាន់ បាននិងកំពុងខ្វាយខ្វល់ចិត្ត ហើយក៏ព្រួយបារម្ភខ្លាំងណាស់ផងដែរ ជា មួយជីវភាពទីទ័លក្រ គ្មានលទ្ធភាពសម្រាប់បន្តថ្នាក់មហាវិទ្យាល័យតាមបំណងប្រាថ្នា។

ក្នុងវ័យ ២០ឆ្នាំ កញ្ញា សឿ ស៊ីថាន់ ត្រូវរស់នៅយ៉ាងកម្សត់ឯកោក្នុងជីវភាពលំបាកលំបិន ជាមួយជីដូនចាស់វ័យ ៧០ឆ្នាំ គ្រាដែលអ្នកម្តាយស្លាប់ចោលតាំងពីរៀននៅថ្នាក់ទី៩ ហើយលោកឪពុក មានភរិយាថ្មី ក៏ត្រូវឃ្លាតចាក ឆ្ងាយថែមទៀត។

កញ្ញា ស៊ីថាន់ បានរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងទាំងកត្តាជីវភាព និងភាពកក់ក្តៅនៅក្នុងក្រុមគ្រួសារ។ សម្ពាធជីវភាព និងកង្វះភាពកក់ក្តៅស្ទើរតែធ្វើឲ្យ ស៊ីថាន់ បោះបង់ការសិក្សា តែការជំរុញលើកទឹកចិត្តពីជីដូនចាស់ និងការចង់រើ បម្រាស់ចេញភាពក្រីក្រលំបាក បានធ្វើឲ្យយុវតីរូបនេះ ប្រឹងប្រែងរៀនរហូតដល់ទទួលបាននិទ្ទេស A សម្រាប់ការ ប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ។ កញ្ញា ជាសិស្សតែម្នាក់គត់ ក្នុងវិទ្យាល័យ ជា ស៊ីម កណ្តាលជ្រុំ ដែលទទួលបាននិទ្ទេស A។

ជាមួយនិងទឹកមុខស្រពាប់ស្រពោនសម្តីមួយៗ យុវតីមកពីភូមិទួលពោធិ៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ សឿ ស៊ីថាន់ បានរៀបរាប់ថា «ខ្ញុំគិតថា នៅពេលម្តាយខ្ញុំស្លាប់ភ្លាម ខ្ញុំគិតថា ខ្ញុំគ្មានឱកាសរៀនបន្តទេ។ ខ្ញុំ គិតថា ខ្ញុំប្រហែលត្រូវផ្អាកត្រឹមថ្នាក់ទី៩ ប៉ុន្តែដោយសារយាយខ្ញុំ គាត់យល់ថា ឃើញជីវភាព ដែលគ្មានចំណេះដឹង គ្មានការរៀនសូត្រ មានជីវភាពរស់នៅលំបាក ទើបគាត់ខំជំរុញឲ្យខ្ញុំប្រឹងរៀន ទោះជាជីវភាពខ្ញុំជួបការលំបាកយ៉ាង ណាក៏ដោយ ទោះបីខ្ញុំគ្មានម្តាយយ៉ាងណាក៏ដោយ។ លុះមួយរយៈក្រោយមកទៀត ពុកខ្ញុំមានភរិយាថ្មីចេញទៅ ឆ្ងាយ ខ្ញុំមានអារម្មណ៍ថា រស់នៅតែជាមួយជីដូន មានអារម្មណ៍ថា ពិបាក ពេលណុងមានអារម្មណ៍អត់ចង់រៀន រៀន ក៏អត់ចង់ចូល។ ប៉ុន្តែយាយខ្ញុំ គាត់ចេះតែជំរុញថា ប្រឹងរៀនទៅ ដើម្បីអនាគតយើង យើងគ្មានម៉ែ-ឪ នេះ ហើយ ទើបត្រូវធ្វើឲ្យយើងខំប្រឹងរៀន ដើម្បីអនាគតរបស់យើង។ ពេលនោះ ខ្ញុំគិតថា ខ្ញុំរៀនពូកែដែរ ចឹងខ្ញុំត្រូវតស៊ូ ព្យាយាម ព្រោះជីដូនជំរុញខ្ញុំហើយ ចឹងខ្ញុំត្រូវរៀនធ្វើយ៉ាងណា ឲ្យពូកែមានការងារធ្វើល្អ»។

ជីវិតរស់នៅតែជាមួយជីដូនចាស់ គ្មានម្តាយ គ្មានឪពុកជាទីពឹង បានធ្វើឲ្យ ស៊ីថាន់ ជួបការលំបាកគ្រប់សព្វបែប យ៉ាង ខ្វះថវិកាសម្រាប់ការសិក្សា សម្រាប់ទិញឯកសារ ខ្វះភាពកក់ក្តៅក្នុងគ្រួសារ ហើយពេលខ្លះទៀតអាហារហូប ចុកមិនទាំងគ្រប់គ្រាន់ថែមទៀតផង។ បញ្ហាទាំងនេះ បានក្លាយជាសម្ពាធយ៉ាងធ្ងន់សម្រាប់ជីវិតសិក្សារបស់កញ្ញា ហើយពេលខ្លះគិតថា ជីវភាពក្រីក្រនេះ មិនអាចឲ្យកញ្ញា សិក្សាបានចប់ចុង ចប់ដើមនោះទេ។

កញ្ញា ស៊ីថាន់ បានបញ្ជាក់យ៉ាងដូច្នេះ «គិតថា ជីវភាពគ្រួសារលំបាកចឹង រៀនប្រហែលគ្មានឱកាសការងារល្អដូច គ្នា។ ព្រោះអត់មានលទ្ធភាពរៀន ក្លាចរៀនអត់ចប់ រួចទៅសូម្បីការហូបចុក ក៏លំបាកដែរ និយាយទៅមុនហូបអី ត្រូវគិត ត្រូវសន្សំសំចៃ អត់ហ៊ានហូបរបស់ឆ្ងាយដូចគេទេ។ និយាយទៅហូបឲ្យតែរស់បាន»។

ផ្ទុយពីសិស្សនិទ្ទេស A ១០៧អ្នកផ្សេងទៀត ដែលតែងទទួលបានភាពក្តៅពីអាណាព្យាបាល និង មានអាណាព្យា បាលចាំជួយរ៉ាប់រងជីវភាពរស់នៅ និងការសិក្សានោះ សម្រាប់ ស៊ីថាន់ វិញ ការសិក្សា និងរស់នៅរបស់ខ្លួនត្រូវពឹង ផ្អែកទាំងស្រុងទៅលើការដំណាំបន្ទាប់បន្សំ ដូចជាត្រកួន ក្តាត ត្រយ៉ូងចេកជាដើម។ ដំណាំទាំងនេះ កញ្ញា ឆ្លៀតដាំ ដុះ និងថែទាំនៅចេញពីរៀន ហើយពេលលូតលាស់ធំ កាត់ឲ្យជីដូនយកទៅលក់នៅផ្សារ។

ដើម្បីជម្នះនូវភាពលំបាកក្នុងជីវភាព ក៏ដូចផ្លូវចិត្ត ជំរុញការសិក្សារបស់ខ្លួន ឲ្យទទួលបានជោគជ័យ ស៊ីថាន់ តែងតែ តែនិយាយលើកទឹកចិត្តរបស់ខ្លួន ដោយប្រៀបធៀបជីវិត ទៅនឹងជីវិតជនដទៃ ដែលមានភាពលំបាកជាងខ្លួន ហើយតែងគិតថា ខ្លួននឹងទទួលបានជោគជ័យ ប្រសិនបើសិនខិតខំប្រឹងប្រែង។

កញ្ញា សឿង ស៊ីថាន់ បានថ្លែងបង្ហាញពីការតាំងចិត្តរបស់ខ្លួន ដែលជំរុញឲ្យការសិក្សាទទួលបានជោគជ័យយ៉ាង ដូច្នេះថា «ខ្ញុំតាំងចិត្តថា ខ្ញុំលំបាកប៉ុណ្ណឹងមានអ្នកលំបាកជាងខ្ញុំទៀត ចឹងខ្ញុំលំបាកប៉ុណ្ណឹង ខ្ញុំត្រូវតែខំរៀនរើបម្រាស់ ពីឧបស័គ្គពីនេះឲ្យបាន។ ខ្ញុំគិតថា ថ្ងៃណាមួយ ខ្ញុំនឹងទទួលបានជោគជ័យ បើខ្ញុំមានការខិតខំប្រឹងប្រែង ព្រោះ ពេលណាយើងមានការខិតខំប្រឹងប្រែង ការជោគជ័យនឹងទទួលបានក្នុងជីវិតរបស់យើង ខ្ញុំជឿជាក់បែបហ្នឹង ចឹងខ្ញុំ ខិតខំប្រឹងប្រែងរៀន ទោះជួបការលំបាកក៏ដោយ»។

បើទោះបីជាជីវិតសិក្សាជួបនិងការយ៉ាប់យ៉ឺនខ្លាំងយ៉ាងណាក្តី សឿ ស៊ីថាន់ នៅបន្តមហិច្ឆតារបស់ខ្លួនក្នុងការចាប់ យកចំណេះដឹងនៅថ្នាក់មហាវិទ្យាល័យ ដោយចាប់យកជំនាញពេទ្យ។ ស៊ីថាន់ មិនទាន់សម្រេចចិត្តថា នឹងត្រូវបន្ត រៀនមហាវិទ្យាទៀត ឬយ៉ាងណានោះ? ដោយរង់ចាំការសម្រេចចិត្តពីជូនដូនរបស់ខ្លួនជាមុនសិន។ តែកញ្ញា ហាក់ មិនសូវមានសង្ឃឹមនោះទេ បើទោះបីកញ្ញា អាចទទួលបានអាហារូបករណ៍សិក្សា ដោយឥតគិតថ្លៃ តែក៏ត្រូវ ចំណាយច្រើនទៅលើការចំណាយផ្សេងៗ ដូចជាការជួលផ្ទះ ការហូបចុក និងការទិញសម្ភារៈសិក្សាផ្សេងៗទៀត។

កញ្ញា ស៊ី ថាន់ ក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្បុរសជននានា ជួយឧបត្ថម្ភ ដើម្បីកញ្ញាបាន សម្រេចបំណងប្រាថ្នាចាប់យកមហាវិទ្យាល័យ ហើយកញ្ញា ស៊ីថាន់ ប្តេជ្ញា មិនធ្វើឲ្យម្ចាស់ជំនួយខកបំណងឡើយ ពោលកញ្ញា នឹងខិតខំប្រឹងរៀនសូត្របន្តទៅទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល