(តាកែវ)៖ អធិការនគរបាលស្រុកបាទី ខេត្តតាកែវ លោក ង៉ាន់ សារី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានរៀបរាប់លម្អិតលើករណីកាប់ប្រហារនារី ជាមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តកណ្តាល ទម្លាក់ទឹកនៅក្នុងតំបន់កំសាន្តទន្លេបាទី កាលពីសប្តាហ៍មុននោះ គឺផ្តើមចេញពីការប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ ហើយជនដៃដល់បានរៀបផែនការ សម្លាប់នេះតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ ពីព្រោះជនរងគ្រោះជាមនុស្សមានទ្រព្យសម្បត្តិគ្រាន់បើ។

លោកអធិការបានបញ្ជាក់ថា ជនដៃដល់ជាមនុស្សស្រីម្នាក់ញៀននឹងល្បែងខ្លាំងណាស់ និងពុំមានមុខរបរមិនប្រាកដនោះឡើយ។

សូមបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើងព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលនារីវ័យក្មេងរងគ្រោះឈ្មោះ ជា សុជាតិ អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជាមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរទេសចរណ៍ខេត្តកណ្តាល។

សម្រាប់ករណីឃាតកម្មមួយនេះ កម្លាំងនគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលជំនាញ ក្រោមដឹកនាំបញ្ជាផ្ទាល់ពីអធិការស្រុក និងស្នងការនគរបាលខេត្ត តាមស្រាវជ្រាវ រហូតចាប់ខ្លួនជនដៃដល់នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្សារតានី ក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

លោក ង៉ាន់ សារី បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានស្គាល់គ្នារយះពេលប្រមាណ១ឆ្នាំមកហើយ។ ក្នុងរយះពេលស្គាល់គ្នានេះ ជនសង្ស័យ ឃើញជនរងគ្រោះមានទ្រព្យសម្បត្តិគ្រាន់បើ នៅជាប់នឹងខ្លួន ហើយម្យ៉ាងខ្លួនញៀនល្បែងទៀតនោះ ក៏ចាប់ផ្តើមរៀបចំផែនការសម្លាប់ជនរងគ្រោះតែម្តង។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យបានណាត់ជាមួយជនរងគ្រោះ ទៅលេងនៅទន្លេបាទី លុះព្រឹកថ្ងៃកើតហេតុនោះ ជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ទៅដឹកជនសង្ស័យនៅជិតស្ពានព្រែកហូរ បន្តដំណើរទៅទន្លេបាទី ដោយយកកាបិតប៉័ងតោ ដាក់នៅក្នុងកាបូបរួចជាស្រេច។

ពេលទៅដល់ទន្លេបាទីពួកគេទាំង២នាក់ បានជួលផ្ទះទឹកមួយដើម្បីអង្គុយ និងកម្មង់ឲ្យគេធ្វើម្ហូប។ លុះពេលឃើញមានសភាពស្ងាត់នោះ ជនសង្ស័យក៏ទាញកំាបិតប៉័ងចេញពីកាបូបកាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតរួចរុញទម្លាក់ទឹកតែម្តង។

ក្រោយកាប់សម្លាប់ជនរងគ្រោះហើយ ជនសង្ស័យបានជូតឈាម ហើយដើរចេញមកក្រៅដោយប្រាប់អ្នកធ្វើម្ហូបថា ម្ហូបដែលកម្មង់នោះខ្ចប់វិញ ហើយរូបគេទៅតាមមិត្តភក្តិ២ម៉ូតូទៀតដែលវង្វេងផ្លូវ។

ពេលអ្នកលក់សួរថា ចុះមិត្តិភក្តិទៅណាហើយមិនឃើញ ជនសង្ស័យបានឆ្លើយថា គេជិះទូកទៅបេះផ្កាឈូកបាត់ហើយ។ លុះពេលជនសង្ស័យចេញទៅ ហើយអ្នកលក់លើកម្ហូបយកទៅផ្ទះទឹកនោះ ស្រាប់តែឃើញឈាម បង្កជាកការភ្ញាក់ផ្អើលឆោឡោតែម្តង។

លោកអធិការស្រុកបាទី បានបន្តទៀតថា ពេលចេញមកនោះ ជនសង្ស័យបានដោះយកខ្សែក កងដៃ និងទូរស័ព្ទអាយហ្វនមួយគ្រឿងរបស់ជនរងគ្រោះ ព្រមទាំងម៉ូតូផងដែរ ដោយជិះមកព្រែកហូរវិញ ហើយលក់ទូរស័ព្ទបានប្រាក់ចំនួន៦០ដុល្លារ។

បន្ទាប់មកជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះទៅលក់ បានចំនួន៣៥០ដុល្លារ នៅណាហ្គា ដូច្នេះបានលុយសរុប៦១០ដុល្លារ ស្រាប់តែទៅយកលុយនេះ ទៅលេងបៀរ នៅក្នុងណាហ្គាអស់រលីង។ ពេលចាញ់ល្បែងអស់លុយជនសង្ស័យ បានយកខ្សែកលក់ (៣៥ដុល្លារ) និងកងដៃលក់(៩០ដុល្លារ) រួចបន្តដំណើរទៅក្រុងប៉ោយប៉ែត ដើម្បីទៅលេងផ្ទះបងនៅទីនោះ មុនពេលត្រឡប់ទៅតានីទូកមាស ខេត្តកំពត ជាផ្ទះរបស់ឪពុកខ្លួនមានប្រពន្ធចុងនៅទីនោះ។

ពេលទៅដល់ផ្ទះឪពុកខ្លួនកម្លាំងនគរបាល ក៏បានចុះចាប់តែម្តង។ លោក ង៉ាន់ សារី បានបន្តទៀតថា នៅថ្ងៃនេះ លោកបាននាំជនសង្ស័យមកណាហ្គា ដើម្បីឲ្យបង្ហាញកន្លែងលក់ម៉ូតូ មុននាំខ្លួនទៅសួរនាំបន្តទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ជនសង្ស័យរូបនេះមានឈ្មោះ សាត មករា ហៅនី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី៕

រូបជនរងគ្រោះកាលនៅរស់

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី